អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី-អឺរ៉ុប

ជប៉ុន​នឹង​បង្វែរ​ហ្កាស​ដែល​ខ្លួន​នាំចូល ​ទៅឲ្យ​​អឺរ៉ុប ដើម្បី​បង្ការ​ក្នុង​ករណី​​​មាន​​បញ្ហា​ជាមួយរុស្ស៊ី

កាលពីថ្ងៃពុធទី៩កុម្ភៈ លោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចជប៉ុន​ បាន​ប្រកាសថា រដ្ឋាភិបាលជប៉ុន បាន​សម្រេចបង្វែរបញ្ជូន​ហ្កាស ដែលជប៉ុន​នាំចូល យកទៅឲ្យ​អឺរ៉ុបជាមុនសិន។ ធ្វើបែបនេះ គឺដើម្បីជួយ​ប្រទេសនៅអឺរ៉ុប ឲ្យ​មាន​ហ្កាសក្នុងស្តុក ក្នុង​ករណី​ដែល​មាន​បញ្ហា​ផ្ទុះសង្គ្រាម​ណាមួយ រវាងអ៊ុយក្រែន និងរុស្ស៊ី។ កាយវិការ​សាមគ្គីរបស់ជប៉ុន​នេះ ត្រូវបាន​តំណាងអង្គទូតអាមេរិក និងអឺរ៉ុប ប្រចាំនៅជប៉ុន ថ្លែងអបអរ​ជាខ្លាំង។

ស្ថានីយ៍​ស្តុក និងចែកចាយ​ឧស្ម័ន នៃគម្រោង Nord Stream 2 របស់រុស្ស៊ី នៅក្នុងសមុទ្របាល់ទិក កោះ  Ruegen ប្រទេសអាល្លឺម៉ង់។ រូបថតថ្ងៃទី ៨ កញ្ញា ២០២០
ស្ថានីយ៍​ស្តុក និងចែកចាយ​ឧស្ម័ន នៃគម្រោង Nord Stream 2 របស់រុស្ស៊ី នៅក្នុងសមុទ្របាល់ទិក កោះ Ruegen ប្រទេសអាល្លឺម៉ង់។ រូបថតថ្ងៃទី ៨ កញ្ញា ២០២០ AP - Jens Buettner
ផ្សាយពាណិជ្ជកម្ម

លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្មជប៉ុន បានប្រាប់ទៅអ្នកកាសែតថា នាវាជាច្រើនគ្រឿងដែលដឹកហ្កាសនាំចូលមកជប៉ុន ពេលនេះបានបង្វែរចង្កូត បើកសំដៅ​ទៅកាន់អឺរ៉ុបហើយ។ នៅខែមីនាក្រោយ​ នាវាដឹកហ្កាសផ្សេងទៀត របស់ជប៉ុន ក៏នឹងបន្តដឹក​ហ្កាសទៅផ្គត់ផ្គង់នៅអឺរ៉ុបដែរ។ ហ្កាសដែលជប៉ុន​បង្វែរឲ្យ​អឺរ៉ុប គឺជប៉ុន​លក់ឲ្យ​ដោយ​យកតម្លៃទីផ្សារ រួចដើមតែប៉ុណ្ណោះ។ តែយ៉ាងណា រដ្ឋមន្ត្រីជប៉ុនរូបនេះ មិន​បានបញ្ជាក់លំអិតទេ ថាជប៉ុននឹងបញ្ជូន​ហ្កាសទៅ​ជួយអឺរ៉ុប ក្នុងទំហំចំនួនប៉ុន្មាន​។

តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីជប៉ុន បានទទួលស្គាល់ថា ជប៉ុនក៏អាចជួប​បញ្ហា​ខ្វះហ្កាស ដែលជាប្រភពថាមពលដ៏សំខាន់ដែរ។ ជប៉ុនប្រើហ្កាស ដើម្បី​ដុតផលិត​ចរន្តអគ្គិសនី ដំណើរការរោងចក្រ ព្រមទាំង​ដំណើរការម៉ាស៊ីនកំដៅ។ ក៏ប៉ុន្តែ តាមរយៈកាយវិការនេះ គឺជប៉ុនចង់ឆ្លើយតបចំពោះ​ប្រទេសអឺរ៉ុបដែលជាមិត្ត ដែលធ្លាប់បានចូលរួម​សាមគ្គីជួយជប៉ុន ក្នុងគ្រាលំបាក តួយ៉ាងដូចជាកាលពី​ករណី​គ្រោះថ្នាក់នុយក្លេអ៊ែរ នៅហ្វ៊ូគូឈីម៉ា កាលពីឆ្នាំ​២០១១។

ក្រោយការប្រកាសរបស់រដ្ឋាភិបាលជប៉ុននេះ លោកអគ្គរដ្ឋទូតអាមេរិក ក៏ដូចជាលោកស្រី​តំណាងអង្គទូតសហភាពអឺរ៉ុប ប្រចាំនៅតូក្យូ បានសម្តែងការអបអរ ចំពោះកាយ​វិការសាមគ្គី ពីសំណាក់រដ្ឋាភិបាលជប៉ុន។

គួរបញ្ជាក់ថា វិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង ខ្លាចក្រែងថា មានការរអាក់រអួល ក្នុង​ការបញ្ជូន​ហ្កាសរបស់រុស្ស៊ី មកកាន់អឺរ៉ុប។ នៅអឺរ៉ុបរដូវរងារ ធ្លាក់ទឹកកក នៅមិនទាន់ចប់នៅឡើយ ហើយដែលតម្រូវការអគ្គិសនីមាន​កម្រិតខ្ពស់ខ្លាំងណាស់។ កាលពីថ្ងៃចន្ទ លោក អូឡាហ្វ ស្ហុល ​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន​បញ្ជាក់​ប្រាប់ទៅ ភាគីអាមេរិកថា ក្នុងករណីដែល​រុស្ស៊ីហ៊ានប្រើកម្លាំងទ័ព វាយ​ប្រហារមកលើអ៊ុយក្រែន នោះបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរុស្ស៊ីបញ្ជូន​ហ្កាសចូលមកលក់នៅអាល្លឺម៉ង់ នឹងត្រូវបោះបង់ចោលមិន​ឲ្យ​ដំណើរការទេ។

ដោយឡែក យោងតាមអ្នកវិភាគខ្លះ គឺវាមានលទ្ធភាពតិចណាស់ ដែលរុស្ស៊ីនឹង​វាយ​ប្រហារអ៊ុយក្រែនមែននោះ។ សម្រាប់ពេលនេះ​​ មធ្យោបាយ​ចរចាការទូត កំពុងតែសម្រុកខ្លាំង និងហាក់ដូចជាហុចផលវិជ្ជមាន​បង្គួរ បន្ទាប់ពីលោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានទៅជួប​លោកពូទីន ដល់ក្រុងម៉ូស្គូ។ កាលពីថ្ងៃអង្គារ លោក​ម៉ាក្រុង បានអះអាងប្រាប់អាល្លឺម៉ង់ និង​អ៊ុយក្រែនថា លោកពូទីនបានសន្យានឹងលោក ថានឹងគ្មាន​​ការវាយ​ប្រហារណាមួយ មកលើអ៊ុយក្រែនទេ។ ក៏ប៉ុន្តែការចរចាគ្នាផ្នែកការទូត រវាង​រុស្ស៊ី និង​ក្រុមប្រទេសលោកខាងលិច នឹងបន្តទៅមុខទៀត ដើម្បីរៀបចំគូសវាផែនការសន្តិសុខ ឲ្យ​មានការស្ងប់ ត្រជាក់ចិត្តរៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ