អានតួអត្ថបទ
អូតង់-អឺរ៉ុន-រុស្ស៊ី-អ៊ុយក្រែន

អ៊ុយក្រែន-រុស្ស៊ី៖ ​អូតង់​ប្រាប់ទៅ​សមាជិក​​​ឲ្យ​​​​ត្រៀម​​ខ្លួន​​​ជាស្រេច ក្នុង​​ករណី​​សង្គ្រាម​​​មិន​​អាច​ចៀស​បាន

បើទោះបីជា​មាន​លទ្ធផលវិជ្ជមានខ្លះៗ ក្រោយ​ការព្យាយាមចរចាការទូត ជាមួយរុស្ស៊ីក៏ដោយ តែស្ថានការណ៍​នៅតែមិនទាន់ធូរស្រាល​នៅឡើយទេ ក្នុងសំណុំរឿងអ៊ុយក្រែន។ កងទ័ពរុស្ស៊ី និងបេឡារុស បានចាប់ផ្តើម​ធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល​១០ថ្ងៃ នៅក្បែព្រំដែន​អ៊ុយក្រែន។ កាលពីថ្ងៃ​ព្រហស្បតិ៍​ លោកអគ្គលេខាធិការអង្គការអូតង់ បាន​លើកលើងថា ប្រទេសសម្ព័ន្ធមិត្តអូតង់ ត្រូវតែត្រៀមខ្លួន​ក្នុងករណី​ដែលស្ថានការណ៍អាចឈានទៅមានសង្គ្រាម​ ដោយ​មិនអាចចៀសរួច។

លោក Jens Stoltenberg (ស្តាំ) ក្នុងពេលធ្វើសន្និសីទកាសែត ជាមួយ​​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅស្នាក់ការ​អង្គការ OTAN/NATO នៅក្រុងព្រុចសែល ថ្ងៃទី ១០ កុម្ភៈ ២០២២
លោក Jens Stoltenberg (ស្តាំ) ក្នុងពេលធ្វើសន្និសីទកាសែត ជាមួយ​​លោក​នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅស្នាក់ការ​អង្គការ OTAN/NATO នៅក្រុងព្រុចសែល ថ្ងៃទី ១០ កុម្ភៈ ២០២២ AP - Daniel Leal
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុង​ពេលធ្វើសន្និសីទកាសែតរួមគ្នា ជាមួ​យ​លោក​បូរីស ចនសុន លោក​ Jens Stoltenberg អគ្គលេខាធិការអូតង់ បាន​លើកឡើងថា កាលៈទេសៈពេលនេះ ជាពេលដ៏គ្រោះថ្នាក់បំផុត​ សម្រាប់​សន្តិសុខ​អឺរ៉ុប។ លោក​បន្ថែម ចំនួន​ទាហាន​រុស្ស៊ី ដែលឡោមព័ទ្ធអ៊ុយក្រែន និង​នៅខាងកើតអឺរ៉ុប គឺកើនឡើងជាលំដាប់។

អគ្គលេខាធិការអូតង់ បញ្ជាក់ថា​ អូតង់​មិន​មែន​ជាការគំរាមទៅលើរុស្ស៊ីទេ ក៏ប៉ុន្តែអូតង់ត្រូវតែត្រៀមខ្លួន ក្នុងករណីដែលអ្វីៗមិនអាចទប់ឈ្នះ។ តែយ៉ាងណាសម្ព័ន្ធមិត្តអូតង់ នៅតែបន្តតាំងចិត្តអត់ធ្មត់ ដើម្បីស្វែងរកដំណោះស្រាយ​ការទូតជាមួយរុស្ស៊ី។

ចំណែកលោកបូរីស ចនសុនវិញ បានថ្លែងថាបច្ចុប្បន្ននេះអឺរ៉ុប កំពុងតែប្រឈមនឹងបញ្ហា​សន្តិសុខធ្ងន់ធ្ងរមិនធ្លាប់មានទេ។ តែទោះជាយ៉ានេះក្តី លោក​នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា អ៊ុយក្រែនមានសិទ្ធិ​ចង់ចូល ឬមិនចូលជាសមាជិករបស់អូតង់។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ទី​១០កុម្ភៈ រុស្ស៊ីបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មានរយៈពេល​១០ថ្ងៃ ជាមួយនឹងកងទ័ព​បេឡារុស ដែលមានព្រំដែនជាប់ភាគខាងជើង​អ៊ុយក្រែន។ ចំណែក​នៅភាគខាងត្បូង ក្នុង​សមុទ្រ​ខ្មៅឯណោះវិញ កងទ័ពជើងទឹករុស្ស៊ីក៏កំពុងធ្វើ​សមយុទ្ធដែរ។ អ៊ុយក្រែនអះអាងថា សមយុទ្ធរបស់​ទាហានជើងទឹករុស្ស៊ី កំពុងតែរំខានសឹងតែទាំងស្រុង ដល់​ការធ្វើចរាចរណ៍​របស់នាវាផ្សេងទៀត។ នៅថ្ងៃព្រហស្បតិ៍ដែរ អ៊ុយក្រែន បានអះអាងថាខ្លួន​ក៏បានចាប់​ផ្តើ​ម​ធ្វើសមយុទ្ធយោធាដែរ។

ជាមួយនឹងស្ថានការណ៍ដ៏តានតឹងនេះ លោកស្រីនាយករដ្ឋមន្ត្រី​ដាណឺម៉ាក បានប្រកាសថា លោកស្រីនឹងអនុញ្ញាត ឲ្យមាន​វត្តមានរបស់កងទ័ព​​អាមេរិកនៅលើដីដាណឺម៉ាក ដើម្បីត្រៀមខ្លួន​ជាស្រេច ក្នុងករណីផ្ទុះសង្គ្រាមណាមួយ​ជាមួយរុស្ស៊ី។

ដោយឡែក យុទ្ធនាការការទូតនៅតែបន្ត ដោយកាលពីថ្ងៃព្រសហ្បតិ៍ លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានទៅជួប​លោក​រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅក្រុងម៉ូស្គូ។ ក្រោយជំនួប​នេះ លោក​ស្រីបានប្រាប់​ឲ្យដឹងថា ភាគីរុស្ស៊ីបានបដិសេធជាថ្មី ថាគ្មានគម្រោងវាយ​ប្រហារអ៊ុយក្រែនទេ។ តែយ៉ាងណាលោកស្រីលើកឡើងថា ទាល់តែ​រុស្ស៊ីបញ្ចេញសញ្ញាច្បាស់លាស់ជាក់ស្តែង ថាគ្មានកម្រោង​នេះមែន ទើបប្រទេសលោកខាងលិចជឿទុកចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ