អានតួអត្ថបទ
ធនាគារ-វិនិយោគ-អាកាសធាតុ

របាយការណ៍៖ ធានាគារអឺរ៉ុបនៅតែ​បន្ត​​បញ្ចេញ​​ប្រាក់​​រាប់ពាន់​លាន ទៅ​ឲ្យ​​​​​ក្រុម​ហ៊ុន​​ប្រេង​​​​និង​​​ហ្កាស

បណ្តាធនាគារនៅអឺរ៉ុប នៅតែបន្តបញ្ចេញ​ប្រាក់រាប់ពាន់លានដុល្លារ ឲ្យ​ក្រុម​ដែលរកស៊ីវិនិយោគ ក្នុង​វិស័យ​ប្រេងកាត និងឧស្ម័ហ្កាស បើទោះបីជាធនាគារទាំងនោះ បានសន្យាថានឹងប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹង វិបត្តិអាកាសធាតុក៏ដោយ។ នេះគឺជាសេចក្តីសណ្ឋាន​ នៃរបាយ​ការណ៍មួយរបស់​អង្គការ ShareAction ដែល​មានទីតាំងនៅ​ប្រទេសអង់គ្លេស។

ធនាគារអឺរ៉ុបធំៗទាំង៖ Barclays, HSBC និង BNP Paris  ដែលបញ្ចេញប្រាក់​ឲ្យ​វិនិយោគ​លើ​គម្រោង​ថាមពលហ្វូស៊ីល ច្រើនជាងគេបង្អស់ ក្នុង​ឆ្នាំ​២០២១
ធនាគារអឺរ៉ុបធំៗទាំង៖ Barclays, HSBC និង BNP Paris ដែលបញ្ចេញប្រាក់​ឲ្យ​វិនិយោគ​លើ​គម្រោង​ថាមពលហ្វូស៊ីល ច្រើនជាងគេបង្អស់ ក្នុង​ឆ្នាំ​២០២១ © RFI/AP
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោងណាស់ ធនាគារធំៗនៅអឺរ៉ុបចំនួន២៥ស្ថាប័ន បានបញ្ចេញ​កញ្ចប់ប្រាក់ សរុប​ចំនួន​៥៥ពាន់​ដុល្លារ នៅក្នុង​ឆ្នាំ​២០២១កន្លងទៅ ដើម្បី​​ផ្តល់​កម្ចីហិរញ្ញវត្ថុ ទៅឱ្យក្រុម​ហ៊ុន ដែលរកស៊ី ឬអភិវឌ្ឍន៍​គម្រោងផលិត​ប្រេងឥន្ទនៈ និង​ឧស្ម័នហ្កាស។ ធនាគារអឺរ៉ុបទាំង២៥នោះ សុទ្ធតែជាធនាគារ​ដែល​បានកំណត់កម្មវត្ថុ អព្យាក្រិត្យភាពកាបូន ។

ជាក់ស្តែង ធនាគារ​អង់គ្លេស២ ដូចជាធនាគារ HSBC Barclays និងធនាគារបារាំង BNP Parisbas គឺជាធនាគារធំៗទាំង​៣នៅអឺរ៉ុប ដែលបន្តផ្តល់​ប្រាក់កម្ចី​វិនិយោគច្រើនជាងគេ នៅក្នុង​វិស័យ​ថាមពល​ហ្វូស៊ីល ប្រេងឥន្ទនៈ និង​ហ្កាស។ នេះបើផ្អែកតាម​សេចក្តីសន្និដ្ឋាន ក្នុងរបាយ​ការណ៍​របស់​អង្គការ ShareAction។

អង្គការនេះបាន​លើកឡើងថា ការចំណាយ​ប្រាក់វិនិយោគ ក្នុងវិស័យ​បំពុល​បរិស្ថាននេះ គឺវាផ្ទុយស្រឡះពី​អនុសាសន៍លើកឡើង របស់អ្នកវិទ្យាសាស្ត្រ ដែលតែងតែ​ទាញសញ្ញាអាសន្នថា ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការវិនិយោគបង្កើតអណ្តូងប្រេងកាតថ្មី ឬជីករណ្តៅ​បូម​ហ្កាសថ្មី​ថែមទៀត ប្រសិនបើពិភពលោកយើង ពិតជាចង់កាត់បន្ថយ​​សីតុណ្ហភាពផែនដី មិនឲ្យ​ឡើងកំដៅ​បន្ថែមចំនួន ១.៥°c បន្ថែមទៀតទេនោះ។

យោងតាម​ការស្រាវជ្រាវរបស់អង្គការ ShareAction ដែលបានពិនិត្យ​ឯកសារ​វិនិយោគ របស់ធនាគារពាក់ព័ន្ធ គឺមានយ៉ាងហោច សហគ្រាសចំនួន​៥០ ដែល​បានលើកគម្រោង ​និង​ទទួលបាន​ប្រាក់យក​ទៅវិនិយោគ ជីកអណ្តូងប្រេងកាត​ ឬជីកបូម​ឧស្ម័ន​ហ្កាស។ ក្រុមហ៊ុនទាំងនោះមានដូចជា​Exxon Mobil  Saudi Aramco  Shell និង BP ជាដើម។

ដោយឡែក មានធនាគារខ្លះ បានចាប់ផ្តើម កាត់បន្ថយ​ការបញ្ចេញប្រាក់វិនិយោគ ក្នុងវិស័យ​ថាមពល​ហ្វូស៊ីល​ហើយ ក្នុង​នោះមានដូចជា Commerzbank, Crédit Mutuel និង La Banque Postale របស់បារាំង។ ShareAction បានសង្កត់ធ្ងន់ថា ធនាគារទាំងអស់ ត្រូវតែចាប់ផ្តើមគោរពការសន្យា​របស់ខ្លួន ដើម្បីឈានទៅសម្រេចអព្យាក្រិត្យភាពកាបូន ព្រោះថាការចំណាយ​ប្រាក់វិនិយោគលើវិស័យថាមពលហ្វូស៊ីល វាគឺជា « សេណារីយ៉ូ​ខាតបង់ » ទាំងសម្រាប់ធនាគារខ្លួនឯង ទាំងសម្រាប់ម្ចាស់ភាគហ៊ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ