អានតួអត្ថបទ
អឺរ៉ុប-អវកាស

រដ្ឋមន្ត្រី​អឺរ៉ុប​ជួបប្រជុំគ្នា និយាយ​អំពី​ទិសដៅ និង​​មហិច្ឆតា​អឺរ៉ុប ក្នុ​ង​វិស័យ​​អវកាស

នៅព្រឹក​ថ្ងៃពុធទី១៦កុម្ភៈ រដ្ឋមន្ត្រីអឺរ៉ុបទទួល​បន្ទុកកិច្ច​ការអវកាស បានជួបប្រជុំគ្នា​នៅទីក្រុង​ទូលូស។ ជាការប្រជុំ ដែលគេនឹងជជែកគ្នា អំពី​កម្មវត្ថុ​មហិច្ឆិតារបស់​អឺរ៉ុប នៅ​ក្នុងវិស័យ​អវកាស សន្តិសុខនៃប្រព័ន្ធផ្កាយរណប ព្រមទាំង​ការគ្រប់​គ្រង​កាកសំណល់អវកាសជាដើម។ វិស័យអវកាស ដែលកំពុងតែក្លាយ​ជាដែនថ្មីនៃការប្រកួតប្រជែង បន្ទាប់ពី​មានលេចចេញ​នូវ វត្តមាន​របស់​ក្រុមហ៊ុន​ឯកជន​អាមេរិក កាន់តែច្រើនឡើង ដូចជា  SpaceX និង Blue Origine ជាដើម។

យាន​ Ariane 5 របស់អឺរ៉ុប ត្រៀមចេញ​ដំណើរ​ដឹកជញ្ជូនតេឡេស្កុប James Webb របស់ NASA នៅស្ថានីយ៍​បាញ់បង្ហោះ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែនដីហ្គុយយ៉ានបារាំង ថ្ងៃទី ២៣ ធ្នូ ២០២១
យាន​ Ariane 5 របស់អឺរ៉ុប ត្រៀមចេញ​ដំណើរ​ដឹកជញ្ជូនតេឡេស្កុប James Webb របស់ NASA នៅស្ថានីយ៍​បាញ់បង្ហោះ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែនដីហ្គុយយ៉ានបារាំង ថ្ងៃទី ២៣ ធ្នូ ២០២១ AP - Bill Ingalls
ផ្សាយពាណិជ្ជកម្ម

ដឹកនាំដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចបារាំង រដ្ឋមន្ត្រីទទួល​បន្ទុកកិច្ចការ​អវកាស នៃបណ្តាប្រទេសសហភាពអឺរ៉ុប បានជួប​ប្រជុំគ្នា​នៅព្រឹកថ្ងៃពុធ នៅទីក្រុងទូលូស ទីក្រុងនៃ​វិស័យអាកាសចរណ៍ និង​អវកាស។ ក្រោយ​ស្តាប់​សន្ទរកថា របស់​លោក​ម៉ាក្រុងចប់ រដ្ឋមន្ត្រឺអឺរ៉ុបនឹង ​បើកការប្រជុំមិនផ្លូវការមួយ ជាមួយ​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ដែល​មានប្រទេសសមាជិក​អឺរ៉ុបចំនួន​១៨​ប្រទេស រួមជាមួយ​ កាណាដា អង់គ្លេស ស្វ៊ីស និង​ន័រវែស។

ក្រៅពីបញ្ហា​ ស្រាវជ្រាវ​អវកាស និង​ សំណុំរឿងបម្រែបម្រួលអាកាសធាតុ កិច្ចប្រជុំជាមួយទីភ្នាក់ងារ​អវកាសអឺរ៉ុបនេះ នឹងផ្តោតសំខាន់ អំពី​យុទ្ធសាស្ត្រដើម្បី​កសាងភាពឯករាជ្យ​ម្ចាស់​ការរបស់​អឺរ៉ុប ក្នុងវិស័យអវកាស។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារទី​១៥កុម្ភៈ គណកម្មការអឺរ៉ុប បាន​ដាក់ចេញនូវ​វិធានការមួយចំនួន ទាក់ទិននឹង​ គម្រោង​បណ្តុំ​ផ្កាយរណបអឺរ៉ុប ព្រមទាំងការ​គ្រប់គ្រង​ចរាចរណ៍អវកាស​។ យោងតាមលោក Josep Borrell ប្រមុខការទូតអឺរ៉ុប ផែនការទាំង២នេះ វាគឺជា​ផែនការ​ ត្រីវិស័យយុទ្ធសាស្ត្រ របស់អឺរ៉ុប ដើម្បីធានាពង្រឹង​សមត្ថភាពផ្ទាល់ខ្លួនរបស់អឺរ៉ុប ក្នុងករណីមាន​ការវាយ​ប្រហារណាមួយ​។

គួរបញ្ជាក់ថា គម្រោង​បណ្តុំផ្កាយរណបអឺរ៉ុប La constellation de satellites នឹងត្រូវចាប់ផ្តើមអនុវត្តនៅ​ឆ្នាំ២០២៤។ បណ្តុំផ្កាយរណបនេះ នឹង​ផ្តល់ឲ្យ​អឺរ៉ុបនូវ​បណ្តាញ​អ៊ីនធ័រនិតផ្ទាល់ខ្លួន ធានាការ​ពារ​ប្រព័ន្ធទូរគមនាគមន៍របស់រដ្ឋាភិបាល ឲ្យ​ស្ថិតនៅក្នុង​សុវត្ថិភាព ព្រមទាំង​ផ្តល់ឲ្យ​នូវ​បណ្តាញទំនាក់ទំនង ជាលក្ខណៈពាណិជ្ជកម្ម សម្រាប់អឺរ៉ុប និង​អាហ្វ្រិកផងដែរ។ គម្រោងនេះ ត្រូវការ​ប្រាក់ចំណាយ​ប្រមាណ​៥ ទៅ ៦ពាន់លានអឺរ៉ូ។

ដោយឡែកទាក់ទិននឹងការគ្រប់គ្រង​ចរាចរណ៍​អវកាសវិញ អឺរ៉ុបមានបំណងលើជាសំណើរទៅកាន់សហគមន៍អន្តរជាតិ នូវ​វិធានច្បាប់រួមមួយ​​ ស្តីអំពី​ការ​ប្រើ​ប្រាស់អវកាសប្រកបដោយ​ការគោរពគ្នាទៅវិញមក។ ជាវិធានរួម ដែលនឹងមកការពារ​សន្តិសុខ ដល់ហេដ្ឋារចនាសម្ព័ន្ធនៅលើអវកាស របស់ប្រទេសទាំងអស់។ ទីភ្នាក់ងារ​អវកាសអឺរ៉ុប ក៏មានបំណងនិយាយផងដែរ អំពី​លទ្ធភាពនៃការបង្កើត​ប្រព័ន្ធដឹកជញ្ជូនមនុស្ស​ទៅ​លើអវកាសដោយខ្លួនឯង ព្រោះថាបច្ចុប្បន្នេះ គឺគេរំពឹងទាំងស្រុង ទៅលើយានរបស់​រុស្ស៊ី ឬក៏យានរបស់​ក្រុមហ៊ុនឯកជនអាមេរិក តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ