អានតួអត្ថបទ
ប្រវត្តិសាស្រ្ត-បណ្ណសារ

រំឭកប្រវត្តិសាស្រ្ត៖ មើល​បណ្ណសារដើម្បី​យល់បច្ចុប្បន្នភាព

ពេលខ្លះ ដើម្បី​អាច​យល់​អំពី​ហេតុការណ៍​ដែល​កំពុងកើតឡើង យើងចាំបាច់​ត្រូវ​ក្រឡេក​មើល​ទៅ​អតីតកាល រំឭក​អំពី​ប្រវត្តិសាស្រ្ត ដើម្បី​ដឹង​អំពី​បរិបទ ក៏ដូចជា​​ដំណើរដើមទង​​នៃ​សាច់រឿង។ នៅបារាំង​កំណត់ត្រាប្រវត្តិសាស្រ្ត​ទាំងនេះ​ត្រូវ​បាន​គេ​រក្សាទុក​ជា​បណ្ណសារ នៅ​ក្នុង​ “បណ្ណសារការទូតនៃក្រសួង​ការបរទេស​បារាំង” (Les Archives diplomatiques) ដែល​មានទីតាំង នៅប៉ែកខាងជើងក្រុងប៉ារីស (La Courneuve) និង​នៅ​ទីក្រុង​ណង់ (Nantes)។ តាមរយៈ​បណ្ណសារ​ការទូត​នេះ វិទ្យុបារាំង​អន្តរជាតិ (RFI) ​ផ្នែកការផ្សាយជាភាសាបរទេស​ទាំង ១០ភាសា នឹងរំឭកសាច់រឿង​ប្រវត្តិសាស្រ្ត​មួយ​ចំនួន ដើម្បី​យល់អំពី​ហេតុការណ៍​សំខាន់ៗ ដែល​កើតឡើង​នៅ​ក្នុង​ឆ្នាំ២០២២​នេះ។

ឯកសារខ្លះៗ​ដែល​រក្សាទុក​នៅ​ក្នុង​បណ្ណសារការទូត នៅឡាគួរណឺវ (La Courneuve) ប៉ែកខាងជើងទីក្រុងប៉ារីស
ឯកសារខ្លះៗ​ដែល​រក្សាទុក​នៅ​ក្នុង​បណ្ណសារការទូត នៅឡាគួរណឺវ (La Courneuve) ប៉ែកខាងជើងទីក្រុងប៉ារីស © Florian Riva / RFI
ផ្សាយពាណិជ្ជកម្ម

​បណ្ណសារការទូត​នៃ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ទីតាំងទាំងពីរ (ឡាគួរណឺវ និង​ណង់) ​ប្រមូលផ្តុំ​ទៅដោយឯកសារ​នៃ​ក្រសួង​ការបរទេស​បារាំង ក្នុងនោះរួមមាន សៀវភៅ ៥០ម៉ឺនក្បាល រូបថត ៣០ម៉ឺនសន្លឹក និង​សំណុំឯកសារ​ជាង ១លាន ដែល​ជា​កំណត់ត្រា​ប្រវត្តិសាស្រ្ត ក្នុង​រយៈពេល​ជាង ៥សតវត្សរ៍​កន្លងទៅនេះ។

បណ្ណសារ​នៅ La Courneuve គឺ​ជា​ឯកសារ​ការទូត​នៃ​រដ្ឋបាល​ថ្នាក់កណ្តាល (ឯកសារ​របស់​ក្រសួង) រួមមាន​ លិខិតការទូត តេឡេក្រាម សារព័ត៌មាន ឯកសារច្បាប់ និង​សន្ធិសញ្ញា (ប្រមាណ ២៥ ០០០ ទាំង​​ទ្វេភាគី និងពហុភាគី)។

បណ្ណសារនៅទីក្រុងណង់វិញ គឺ​ជា​ឯកសារ​នៃ​ស្ថានទូត​បារាំង​នៅ​ក្រៅប្រទេស​ ឬ​ស្ថានតំណាងនៅ​តាម​ដែនដី​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង។

© Ministère des affaires étrangères

គម្រោង​សាងសង់​បណ្ណសារការទូត​នៅឡា​គួរណឺវ បាន​ចាប់ផ្តើមធ្វើ កាល​ពី​ឆ្នាំ២០០១។ ​សាងសង់​ចប់សព្វគ្រប់ និង​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ឆ្នាំ២០០៩។ អគារ​ ដែលមាន​ផ្ទៃក្រឡា​សរុប​ ២០ម៉ឺនម៉ែត្រ​ក្រឡា ជា​ជង្រុក​ឯកសារ​ដ៏ចម្បងមួយ សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត ដោយ​ក្នុងមួយឆ្នាំៗ មាន​អ្នក​ស្រាវជ្រាវខាងប្រវត្តិសាស្រ្ត​ប្រមាណ​ ២០០០នាក់ ចូល​មក​មើល​ឯកសារ​នៅ​ទីនេះ។ ក្រៅពី​អ្នកស្រាវជ្រាវ បណ្ណសារ​ការទូត​នេះ​ក៏​បើកចំហ​ផងដែរ សម្រាប់​សាធារណជន​ទូទៅ។

តើបណ្ណសារការទូតផ្តល់​សារៈសំខាន់អ្វីខ្លះ?

សម្រាប់​អ្នក​ដែល​មិនមែន​ជា​ប្រវត្តិវិទូ​វិញ ដូចជា​​អ្នក​សារព័ត៌មាន ជាដើម ដែល​ការងារភាគច្រើន​ផ្តោត​លើ​ហេតុការណ៍បច្ចុប្បន្នភាព តើ​បណ្ណសារការទូត​នេះ​​អាច​ផ្តល់​សារៈសំខាន់​អ្វីខ្លះ? វាជា​ឯកសារ​ប្រវត្តិសាស្រ្ត? ជា​បច្ចុប្បន្នភាព?

សម្រាប់​លោក នីកូឡា ស្ហ៊ីបាយែវ (Nicolas Chibaeff) នាយកបណ្ណសារការទូតបារាំង បណ្ណសារ​មិនមែន​ជាប្រវត្តិសាស្រ្ត​នោះទេ វា គ្រាន់តែ​ជា​តម្រុយ ជាភស្តុតាង ជា​សក្ខីកម្ម ដើម្បីអាច​ឲ្យ​យើងឈ្វេងយល់ ​ពន្យល់​ និង​សរសេរប្រវត្តិសាស្រ្ត។ ប្រវត្តិវិទូ​ជា​អ្នក​សិក្សាស្រាវជ្រាវ ដោយ​យក​បណ្ណសារ​ជា​ប្រភពមួយ ដើម្បី​សរសរ​ប្រវត្តិសាស្រ្ត។

© Ministère des affaires étrangères

ដោយសារ​តែ​បណ្ណនសារ​ គឺ​ជា​ឯកសារ​សំខាន់មួយ សម្រាប់​រំឭក​ប្រវត្តិសាស្រ្ត ហើយ​ទាញភ្ជាប់​ជាមួយ​នឹង​ហេតុការណ៍​បច្ចុប្បន្ន។ ហេតុដូច្នេះហើយ​បាន​ជា​វិទ្យុបារាំង​អន្តរជាតិ​នឹង​ប្រើ​ឯកសារ​ពី​បណ្ណសារ​ការទូត​បារាំង បូករួម​ជាមួយ​នឹង​បទសម្ភាសន៍​ជាមួយ​អ្នក​ជំនាញ ដើម្បី​ទាញភ្ជាប់​ហេតុការណ៍​ប្រវត្តិសាស្រ្ត ជាមួយ​នឹង​ហេតុការណ៍​សំខាន់ៗមួយ​ចំនួន ដែល​កើតឡើង នៅ​ក្នុង​ឆ្នាំ២០២២​នេះ។

ផ្នែការផ្សាយ​ជា​ភាសាចិន នឹង​ផ្តោត​លើ​ខួប​១០ឆ្នាំ នៃ​ការ​ឡើងកាន់អំណាច​របស់​លោក​ស៊ី ជីនពីង កាល​ពី​ឆ្នាំ២០១២។

ផ្នែក​ការផ្សាយ​ជាភាសា​ប្រេស៊ីល នឹង​ផ្តោត​លើ​ការ​ឡើងកាន់អំណាច​របស់​លោក​លូឡា កាល​ពី​ឆ្នាំ២០០២ ដោយ​ឆ្លៀត​មើល​ទៅលើ​ដំណើរវិវឌ្ឍ​នៃ​ចលនា​នយោបាយ​បែបប្រជានិយម​នៅ​ប្រេស៊ីល​បច្ចុប្បន្ន។

ផ្នែក​ការផ្សាយ​ជា​ភាសា​អង់គ្លេស នឹង​ផ្តោត​លើ​ខួប ៣០ឆ្នាំ នៃ​សន្ធិសញ្ញា​ក្រុង​ម៉ាស្ទ្រិច (Maastricht) ដែល​ជា​សន្ធិសញ្ញា​ជាមូលដ្ឋាន​ នៃ​ការ​បង្កើត​សហភាពអឺរ៉ុប។

ផ្នែការផ្សាយ​ជា​ភាសា​រូម៉ានី នឹង​ផ្តោត​លើ​ហេតុការណ៍ កាល​ពីឆ្នាំ១៩៨២ ដែល​ទីភ្នាក់ងារ​ចារកិច្ច​បារាំង​ បាន​រៀបចំ​ប្រតិបត្តិការ​សម្ងាត់ ដើម្បី​ជួយ​សកម្មជនប្រឆាំង​រូម៉ានី ពីការ​តាមធ្វើឃាត ពី​សំណាក់​របបកុម្មុយនិស្ត។

ផ្នែកការផ្សាយ​ជា​ភាសា​វៀតណាម​ នឹង​ផ្តោត​លើ​ខួប ៥០ឆ្នាំ នៃ​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក "Linebacker" ដោយ​កងទ័ព​អាមេរិក នៅ​ឆ្នាំ១៩៧២ ក្នុង​អំឡុង​សង្រ្គាម​វៀតណាម។

ផ្នែក​ការផ្សាយ​ជាភាសា​អេស្ប៉ាញ នឹង​ផ្តោត​លើ​វិបត្តិ​មីស៊ីល​គុយបា កាល​ពី​ឆ្នាំ១៩៦២ ដោយ​ឆ្លៀត​សំឡឹង​មើល​អំពី​បច្ចុប្បន្ន​ភាព នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រឈមមុខដាក់គ្នា រវាង​មហាអំណាច​។

ផ្នែកការផ្សាយ​ជាភាសា​ពែរ្ស នឹង​ផ្តោត​លើ​ខួប​ ៧០​ឆ្នាំ នៃ​ការឡើងកាន់អំណាច​របស់​ មហាម៉ាត់ ម៉ូសាដែក នៅ​ឆ្នាំ១៩៥២ មុននឹង​ត្រូវ​ទម្លាក់​ពី​តំណែង​មួយ​ឆ្នាំក្រោយមក ដោយ​រដ្ឋប្រហារ ដែល​រៀបចំ​ដោយ​សេអ៊ីអា។

ផ្នែក​ការផ្សាយ​ជា​ភាសារុស្ស៊ី នឹង​រំឭក​អំពី​សមរភូមិ​ស្តាលីនក្រាត ឆ្នាំ១៩៤២ រវាង​កងទ័ព​អាល្លឺម៉ង់​ណាហ្ស៊ី និង​កងទ័ព​សូវៀត ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២។

ផ្នែក​ការផ្សាយ​ជា​ភាសា​ព័រទុយហ្កាល់ នឹង​ផ្តោត​លើ​ខួប ៩០ឆ្នាំ នៃ​ការ​ឡើងកាន់អំណាច​របស់​លោក Antonio de Oliveira Salazar នៅឆ្នាំ១៩៣២។

ផ្នែក​ការផ្សាយ​ខេមរភាសា​វិញ ជាមួយ​អ្នក​ជំនាញប្រវត្តិសាស្រ្ត​ខ្មែរ នៅ​សកលវិទ្យាល័យបារាំង គឺ​លោកស្រី ម៉ារី អាប៊ែរដាំ (Marie Aberdam) នឹងឆ្លៀតក្នុង​​ខួប ១០០ឆ្នាំ នៃ​ការប្រសូត្រ​របស់​សម្តេចព្រះបាទ នរោត្តម សីហនុ (៣១ តុលា ១៩២២) ដើម្បី​ក្រឡេក​ទៅមើលឡើងវិញ អំពី​ដំណើរឆ្លងកាត់ព្យុះភ្លៀងប្រវត្តិសាស្រ្ត នៃ​របបរាជានិយម​ ក៏ដូចជា​ ប្រជាជន និង​វប្បធម៌ខ្មែរ ជាពិសេស ប្រាសាទបុរាណខ្មែរ ចាប់តាំង​ពី​សម័យ​អាណានិគមបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ