អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អាមេរិក-អឺរ៉ុប

អនុប្រធានាធិបតី​អាមេរិក អះអាង​ថាសម្ព័ន្ធមិត្ត​លោកខាងលិច នឹង​​សំពង​រុស្ស៊ី​ឲ្យ​ចាស់ដៃ ប្រសិន​បើ​ឈ្លានពាន​អ៊ុយក្រែន​មែន

សំណុំរឿងអ៊ុយក្រែន កាន់តែតានតឹងខ្លាំង ជាមួយនឹងការបារម្ភកាន់តែធំ ទាក់ទិននឹងការបើប្រតិបត្តិការវាយប្រហារមកលើអ៊ុយក្រែន ពីសំណាក់រុស្ស៊ី។ ស្របពេលជាមួយនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅឯភាគខាងកើតអ៊ុយក្រែនឯណោះ ការផ្ទុះអាវុធបានកម្រើកឡើង រវាងក្រុមឧទ្ទាមបំបែកទឹកដី ដែលជាកូនចៅរបស់រុស្ស៊ី ជាមួយនឹងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន។ នៅក្នុងសន្និសីទស្តីពីសន្តិសុខ នៅទីក្រុងមុយនីឆ កាលពីថ្ងៃសៅរ៍ទី ១៩កុម្ភៈ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានអះអាងថា អាមេរិករួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច នឹងរួមសាមគ្គីគ្នា សំពងរុស្ស៊ីឲ្យចាស់ដៃ ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពាន អ៊ុយក្រែនមែននោះ។

លោកស្រី Kamala Harris ជួបជាមួយ​លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងឱកាស​សន្និសីទស្តីពីសន្តិសុខ នៅក្រុងមុយនីឆ ថ្ងៃទី ១៩ កុម្ភៈ ២០២២
លោកស្រី Kamala Harris ជួបជាមួយ​លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងឱកាស​សន្និសីទស្តីពីសន្តិសុខ នៅក្រុងមុយនីឆ ថ្ងៃទី ១៩ កុម្ភៈ ២០២២ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

លោកស្រី កាម៉ាឡា ហារីស បាន​លើកឡើងថា ព្រំដែនជាតិរបស់ប្រទេសមួយ មិនអាចត្រូវបានរំលោភបំពាន ឬធ្វើឲ្យ​ប្រែប្រួល ដោយ​ប្រទេសមួយទៀតបានឡើយ។ លោកស្រីបាន​សន្យាថា នៅក្នុង​ករណី​ដែលរុស្ស៊ី ប្រើ​កម្លាំងឈ្លានពាន​ ចូលមកក្នុងទឹកដីអ៊ុយក្រែន គឺអាមេរិក រួមជាមួយ​សម្ព័ន្ធមិត្តលោក​ខាងលិច នឹងដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ទៅលើរុស្ស៊ី។

លោកស្រី​បាន​បញ្ជាក់ថា វិធានការទណ្ឌកម្មសេដ្ឋកិច្ច ត្រូវបានគេគិតគូររួចស្រេចហើយ ពោលគឺជាទណ្ឌកម្ម​ដ៏រហ័ស ក្លាំងក្លា និង​ច្បាស់លាស់ ដែល​នឹងវាយ​សំពង ទៅលើស្ថាប័នហិរញ្ញវត្ថុ និង​ឧស្សាហកម្មសំខាន់ៗ របស់រុស្ស៊ី។ ក្រៅពីទណ្ឌកម្មសេដ្ឋកិច្ច លោកស្រីអនុប្រធានាធិបតីអាមេរិក បានបញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹងជំរុញ​ ឲ្យ​អង្គការអូតង់ បន្ថែម​កម្លាំង​ទ័ព នៅភាគខាងកើតអឺរ៉ុប។ តែទោះជាយ៉ាងនេះក្តី លោកស្រីអះអាងថា អាមេរិក នឹងមិន​បិទផ្លូវចរចា ដោយសន្តិវិធី ជាមួយរុស្ស៊ីនោះឡើយ។

គួរបញ្ជាក់ថា សន្និសីទស្តីពីសន្តិសុខ​ ធ្វើនៅទីក្រុង​មុយនីឆ ប្រទេសអាឡឺម៉ង់ គឺស្ថិតនៅក្នុងបរិបទមួយដ៏តានតឹងបំផុត ខណៈដែល​រុស្ស៊ីកំពុងតែគម្រាម​ ឈ្លានពាន​មក​លើអ៊ុយក្រែន។ ក្នុង​ឱកាសសន្និសីទនេះ លោក វ្លូឌីមៀរ ហ្សេឡិនស្គី ប្រធានាធិបតី អ៊ុយក្រែន បានទៅជួប​និយាយគ្នាដោយ​ផ្ទាល់ ជាមួយ​លោក​ស្រី​កាម៉ាឡា ហារីស លោក​បូរីស ចនសុន និង​លោក​អូឡាហ្វ ស្ហុល ដើម្បី​ទាមទារការប្រកាសគោលជំហរច្បាស់ៗ​ ក្នុងការជួយ​ទំនុក​បំរុង​អ៊ុយក្រែន​ ប្រឈម​ជាមួយ​រុស្ស៊ី។

យ៉ាងណាមិញ លោក​បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសអំពាវនាវ ឲ្យ​ក្រុមប្រទេសលោកខាងលិចទាំងអស់ ត្រូវតែរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បី​ទប់ទល់នឹង​ការសំឡុតរបស់រុស្ស៊ី។ លោកចនសុន លើកឡើងថា កាលៈទេសៈពេលនេះ ធ្ងន់ធ្ងរណាស់ តែសម្រាប់អង់គ្លេស គឺអង់គ្លេសនៅតែចង់ឃើញដំណោះស្រាយការទូត ជាមួយរុស្ស៊ី ជាជាងការផ្ទុះអាវុធ។

ដោយឡែក យោងតាមប្រភពពីក្រសួងការពារជាតិអាមេរិក គឺ​រុស្ស៊ីកំពុងតែត្រៀមកម្លាំង​ ប្រុងប្រៀបសំដៅមក​ឈ្លានពានអ៊ុយក្រែនមែនទែនហើយ។​ ឆ្លើយទៅកាន់អ្នកកាសែត លោក Dmytro Kouleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែន កំពុងត្រៀមខ្លួន គ្រប់សេណារីយ៉ូទាំងអស់ ដោយ​រាប់ទាំងករណី​ត្រូវ​ធ្វើសង្គ្រាម​​ជាមួយ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ