អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អឺរ៉ុប​មួយភាគ ​រង​ខ្យល់​ព្យុះ​ Eunice ស្លាប់​យ៉ាង​ហោច​១៣នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៣​នាក់ និង​របួស​ជា​ច្រើននាក់ ព្រមទាំងមាន​ការ​​ខូច​ខាត​ជា​សម្ភារៈ​បរិក្ខារ​​យ៉ាង​ច្រើន​សន្ធឹកសន្ទាប់ទៀត ដោយ​ហេតុ​ខ្យល់​ព្យុះ​​ដ៏​កំណាច​ ​ Eunice អឺនីស ដែល​បោក​បក់​មក​លើ​តំបន់​ប៉ែក​ពាយ័ព្យ​នៃ​​អឺរ៉ុប​។ ចរាចរណ៍​ផ្លូវ​អាកាស​ ផ្លូវ​ដែក​ ត្រូវ​ផ្អាក​ ត្រូវ​លុប​ចោល​អស់​ជា​ច្រើន​សិប​ជើង។ ហើយ​តំបន់​ខ្លះ​ទៀត​ពុំ​ទាន់​មាន​អគ្គីសនី​ប្រើប្រាស់​វិញ​ផង។

រូបថត​ដើម​ឈើ​រលំ​នៅ​ក្រុង​អាំស្ទែរដាំ បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះEunice​
រូបថត​ដើម​ឈើ​រលំ​នៅ​ក្រុង​អាំស្ទែរដាំ បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះEunice​ Sem van der Wal ANP/AFP
ផ្សាយពាណិជ្ជកម្ម

កកើត​នៅ​ប្រទេស​អៀរឡង់​ ខ្យល់​ព្យុះ​អឺនីសបាន​វាយបោក​បក់​លើ​អង់គ្លេស​នៅ​ថ្ងៃ​សុក្រទី ១៨​កុម្ភៈ ​ ក្នុង​ល្បឿន​ជិត​​២០០គីឡូម៉ែត្រ​ក្នុងមួយ​​ម៉ោង រហូត​ជំរុញ​ឱ្យ​អាជ្ញាធរ​អង់គ្លេស​ប្រកាសភាព​អាសន្ន​ព្យុះ​ភ្លៀង​កំរិត​ខ្ពស់​បំផុត (មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ដាក់​​ប្រព័ន្ធ​ប្រកាស​អាសន្ន​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១១មក) សម្រាប់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​និង​ក្រុង​ឡុងដ៍។

ឆ្លង​កាត់​​​​ប្រទេស​បារាំង ចេញ​ពី​ប្រទេស​​បេនេលុច អឺនីស​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ ​ដាណឺម៉ាក អាល្លឹម៉ង់ ... ជា​សរុប​មួយ​ភាគ​បី​នៃ​តំបន់​ប៉ែក​ខាងជើង​អឺរ៉ុប​ ប្រកាស​អាសន្ន​ព្យុះ​ភ្លៀង​កំរិត​ក្រហម​ រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​ទី​១៩កុម្ភៈ។​

​ខ្យល់ព្យុះ​ ​បាន​បន្សល់​ទុក​នូវ​តែ​ទិដ្ឋភាព​គួរ​ឱ្យ​សង្វេក ​ដើម​ឈើធំៗ​រលំ​​រំលើង​​គល់​ដួល​​ច្រងាង​ពេញ​ផ្លូវ ដំបូល​ផ្ទះ​ប៉ើង​បាត់ ​សមុទ្ទ​កញ្ជ្រោល​ដោយ​រលក​កម្ពស់១០ម៉ែត្រ បោក​ខ្ទប់​ច្រាំង​ និង​បានរំខាន​​ចរាចរណ៍​ផ្លូវ​ទឹក ផ្លូវ​អាកាស និង​ផ្លូវគោក​យ៉ាង​ខ្លាំង។ ការ​ហោះហើរជាង​៤០០​​ជើង​ និង​ នាវា​ចម្លង​ជាង​ច្រើន​ជើង ត្រូវ​លុប​។ យន្តហោះ​ជាង​២០០គ្រឿង​ត្រូវ​ចូល​សំចតលើ​ដី។ រថភ្លើង​ជាច្រើន​ខ្សែតែ​តភ្ជាប់​ពី​រដ្ឋធានី​មួយ​ទៅ​រដ្ឋធានី​របស់​អឺរ៉ុប​ត្រូវ​ផ្អាក។ ផ្ទះ​សម្បែង​ជាង​៤សែន​ខ្នង​នៅ​អង់គ្លេស ជាង​៧៥០០​០​ខ្នង​នៅ​បារាំង ជិត​២០ម៉ឺនខ្នង​​នៅ​ប៉ូឡូញ​ គ្មាន​អគ្គីសនី​ប្រើប្រាស់​ទេ។

ខូច​ខាត​ជា​សម្ភារៈ​មិន​ល្មម គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​ទី ១៩​កុម្ភៈ អឺនីស​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​យ៉ាងហោចណាស់​១៣​នាក់ ពីរនាក់​នៅ​ប៉ូឡូញ នៅ​អាល្លឺម៉ង់ បួន​នាក់​នៅ​ហូឡង់ បី​នាក់​នៅ​អង់គ្លេស ម្នាក់​នៅ​ប៊ែលហ្សិក​និងនៅ​អៀរឡង់​​ម្នាក់ ព្រមទាំង​របួស​ជា​ច្រើន​សិប​នាក់​នៅ​បារាំង​។ ជន​រង​គ្រោះ​ភាគ​ច្រើន​បា​នស្លាប់/របួស​ដោយ​ដើម​ឈើបាក់​​រលំ​លើ​។

ដោយ​ហេតុ​តែ​​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី ដែល​ជា​ទូទៅ​​បាន​បង្កើន​ឱ្យ​មាន​គ្រោះ​​បាតុភូត​ធម្មជាតិ​ដូច​ជា​ព្យុះ​សង្ឃរា ស៊ីក្លូន ទឹក​ជំនន់​ ភាព​រាំងស្ងួត ឆេះ​ព្រៃ ...​កាន់​តែញាប់​​និ​ងកំណាច​ខ្លាំង សូម្បី​តែ​ខ្យល់​និង​ព្យុះភ្លៀង​ប្រភេទ​ធម្មតា​ដែល​មាន​មិន​ទៀង​ទាត់ ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​នោះ ក៏​ទំនង​ជារង​ឥទ្ធិពល​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ