អានតួអត្ថបទ
អ៊ុយក្រែន-បារាំង-រុស្ស៊ី

អ៊ុយក្រែន៖ លោក​ម៉ាក្រុង​ទូរស័ព្ទ​ទៅ​លោកពូទីន ដើម្បី​បញ្ចៀស​សង្គ្រាម​ នៅនាទី​​ចុងក្រោយ

ការព្រួយ​បារម្ភ មានកាន់តែខ្លាំងឡើងៗ ទាក់ទិននឹង​លទ្ធភាពផ្ទុះសង្គ្រាម​ទ្រង់ទ្រាយ​ធំ នៅភាគខាងកើត​អឺរ៉ុប ប្រសិន​បើ​រុស្ស៊ី​បើកកា​រវាយ​ប្រហារ​មក​លើ​អ៊ុយក្រែន។ នៅភាគខាងកើតអ៊ុយក្រែន ការវាយ​ប្រហារគ្នា​រវាង​កងទ័ពរដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​បំបែកទឹកដី ដែលជាកូនចៅរុស្ស៊ី បានចាប់ផ្ដើម​​កម្រើក​​ឡើងវិញ យ៉ាងក្លាំងក្លា ដែល​​ធ្វើឲ្យ​​​គេ​​គិត​ថា រុស្ស៊ីនឹងយក​លេសនេះ ដើម្បី​ធ្វើ​សង្គ្រាម​​ជាមួយ​អ៊ុយក្រែន។ នៅព្រឹកថ្ងៃអាទិត្យ​នេះ លោក​ម៉ាក្រុងបានទូរស័ព្ទ ទៅនិយាយ​ជាមួយ​លោក​ពូទីន នៅនាទីចុងក្រោយ ដើម្បីព្យាយាម​រកដំណោះស្រាយ​ បញ្ចៀស​ការ​ប្រឈមមុខដាក់​គ្នា ដោយ​អាវុធ។

រថក្រោះរុស្ស៊ី ប្រើនៅក្នុងការធ្វើសមយុទ្ធជាមួយបេឡារុស នៅមូលដ្ឋាន Obuz-Lesnovsky ថ្ងៃទី ១៩ កុម្ភៈ ២០២២
រថក្រោះរុស្ស៊ី ប្រើនៅក្នុងការធ្វើសមយុទ្ធជាមួយបេឡារុស នៅមូលដ្ឋាន Obuz-Lesnovsky ថ្ងៃទី ១៩ កុម្ភៈ ២០២២ AP - Alexander Zemlianichenko Jr
ផ្សាយពាណិជ្ជកម្ម

ការប្រឹងប្រែងផ្នែកការទូត នៅនាទីចុងក្រោយ កំពុងតែត្រូវបាន​​ប្រធានាធិបតី​បារាំង ព្យាយាមយ៉ាង​សស្រាក់សស្រាំ ដើម្បី​បញ្ចុះបញ្ចូល​លោក​ពូទីន កុំឲ្យ​វាយ​ប្រហារមកលើអ៊ុយក្រែន។ ការ​ផ្ទុះសង្រ្គាម ដែលនឹងក្លាយ​ជាការ​ខាតបង់ដ៏ធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ច​រុស្ស៊ី ព្រោះក្រុមប្រទេសលោកខាងលិច បាន​សន្យាថា នឹងវាយបកវិញឲ្យចាស់ដៃ។ វិមាន​ប្រធានាធិបតីបារាំងបានលើកឡើងថា លោក​ម៉ាក្រុង នឹងព្យាយាមនិយាយ​ជាមួយ​លោក​ពូទីន ឲ្យ​ងាក​មក​ផ្តល់វាសនា ដល់ការចរចា​ដោយ​​សន្តិវិធី​វិញ។

ដោយឡែក នៅក្នុងសន្និសីទ​ទីក្រុងមុយនីឆ លោក​ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ក្រុមប្រទេសលោកខាងលិច គួរតែឈប់​ប្រើគោលនយោបាយ​ស្លូតបូត អត់ធ្មត់ ជាមួយរុស្ស៊ី​តទៅទៀតទៅ​។ កាលៈទេសៈពេលនេះ គឺក្រុមប្រទេសលោកខាងលិច ត្រូវតែងាក​មក​គូសវាសផែនការ ឲ្យ​បានច្បាស់ ដើម្បីជួយ​អ៊ុយក្រែន ឲ្យ​អ៊ុយក្រែនក្លាយ​​ជាខែលដ៏រឹងមាំ សម្រាប់ការពារ​សន្តិសុខ​អឺរ៉ុប។ តែយ៉ាងណា លោកហ្សេឡិនស្គី បាន​ប្រាប់ទៅលោក​ម៉ាក្រុង ថាសូមផ្តាំប្រាប់ទៅ​លោក​ពូទីនផង ថា អ៊ុយក្រែននៅតែរងចាំ ការចរចាជាមួយ​រុស្ស៊ីជានិច្ច។

នៅព្រឹកថ្ងៃអាទិត្យនេះ ប្រតិកម្មបានធ្លាក់មកជាបន្តបន្ទាប់ បន្ទាប់ពីមានដំណឹង កាន់តែក្តៅឡើងៗ ស្តីពី​លទ្ធភាព​​នៃការបើកការវាយ​ប្រហារ​មកលើអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ក្នុងពេលដ៏ឆាប់បំផុត។ លោកអគ្គលេខាធិការ​អង្គការអូតង់ ក៏ដូចសេតវិមានអាមេរិក បានអះអាងសា​ជាថ្មីទៀត ថារុស្ស៊ីកំពុងតែត្រៀម វាយ​ប្រហារអ៊ុយក្រែនមែនទែនហើយ។ លោក​ស្ហាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ​បាន​លើកឡើងថា ក្រុមប្រទេសលោកខាងលិច មិនអាចចេះ​តែបន្ត​បោះដៃ​ហុចទៅឲ្យ​រុស្ស៊ីចាប់រហូតនោះទេ។ វាដល់ពេល​មួយ ដែលក្រុមប្រទេសលោកខាងលិច ត្រូវ​តែបង្ហាញជំហរ​រឹងមាំដាច់ណាត់ ហ៊ានតតាំងវិញ។

គួរកត់សំគាល់ថា ប៉ុន្មានថ្ងៃចុងក្រោយ​នេះ នៅតំបន់ភាគខាងកើតអ៊ុយក្រែន ការ​វាយ​ប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និង​ក្រុមឧទ្ទាមបំបែកទឹកដីដែលជាកូន​ចៅរុស្ស៊ី បានចាប់ផ្តើម​កម្រើកឡើងវិញខ្លាំងសម្បើមណាស់។ ក្រុម​ឧទ្ទាម​អះអាងថា គឺទាហានអ៊ុយក្រែនជាអ្នក​បើកការប្រយុទ្ធ បំពាន​បទឈប់បាញ់ ហើយ​ដែល​បានបង្ខំឲ្យ​ពួកគេ ត្រូវជន្លៀសប្រជាពលរដ្ឋប្រមាណ​៤ម៉ឺននាក់ ទៅកាន់ទឹកដីរុស្ស៊ី។

តែយ៉ាងណា យោងតាមការវិភាគរបស់​ក្រសួងការពារជាតិអាេមរិក ការផ្ទុះអាវុធនៅភាគខាងកើត ព្រមទាំងការចោទប្រកាន់មកលើអ៊ុយក្រែននេះ វាគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បី​បាន​ជាលេស បើក​ការ​វាយ​ប្រហារមកលើអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ