អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-បស្ចិមលោក

វិបត្តិ​អ៊ុយ​ក្រែន​៖ បស្ចិម​លោក​សម្រុក​ដាក់​ចេញ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី

សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​បាន​សម្រុក​ដាក់ចេញ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ​ក្រោយ​លោក​ពូទីន​ ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​នៃ​ដែនដី​អប្បគម​ពីរ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ និង​បញ្ជា​បញ្ជូន​កងទ័ព​ទៅទីនោះ​។ តើ​មាន​ទណ្ឌកម្ម​អ្វីខ្លះ​ដែល​ប្រទេស​លោក​ខាង​លិច​ដាក់​លើ​រុស្ស៊ី​?

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន និងលោកវ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន និងលោកវ៉្លាឌីមៀរ ពូទីន មេដឹកនាំរុស្ស៊ី។ Jim WATSON, Grigory DUKOR AFP/File
ផ្សាយពាណិជ្ជកម្ម

មិន​បង្អែ​បង្អង់​យូរ​ឡើយ​ សហរដ្ឋអាមេរិកបាន​ប្រកាស​ចេញ​ភ្លាម​ភ្លែតហាមប្រាម​ពលរដ្ឋរបស់ខ្លួន​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ​នៅ​ដូនែតស្ក៍ (Luhansk) និងលូហ្កាន់ស្ក៍ (Donetsk) ដែល​ជា​តំបន់​កាន់​កាប់​ដោយ​ក្រុម​អ្នក​ទាមទារ​ផ្តាច់​ទឹក​ដី​និយម​គាំទ្រ​រុស្ស៊ី​។ យ៉ាងណាក៏ដោយ​ ក្រុម​ហ៊ុន​អាមេរិក​មួយចំនួន​នៅតែ​មាន​សកម្មភាពនៅឡើយ​ក្នុងតំបន់​ទាំងពីរនោះ​។

ពី​ទីក្រុងឡុងដ៍​ សម្រាប់ជំហានដំបូង​ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ បូរីស ចនសុនបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រុស្ស៊ី​ចំនួន​៥​ និង​អ្នក​ជំនួញ​សម្បូរ​ទ្រព្យ​រុស្ស៊ីចំនួន៣នាក់​ (Gennady Timchenko, Boris Rotenberg និង Igor Rotenberg)។ ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​រុស្ស៊ី​ទាំងបី​រូប​នៅ​អង់គ្លេសនឹងត្រូវបង្កក​ ហើយ​ពួកគេ​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​អង់គ្លេស​ឡើយ​។

ជាការឆ្លើយតប​ទៅនឹង​ទង្វើ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែននេះដែរ​ រដ្ឋាភិបាល​​អាល្លឺម៉ង់​របស់​លោក អូឡាហ្វ ស្ហុលស៍ឯណោះវិញ​បាន​សម្រេច​ផ្អាក​ការ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​ Nord Stream 2 ដែល​ជា​គម្រោង​បំពង់​បង្ហូរឧស្ម័ន​ក្រោម​បាត​សមុទ្រ​មាន​តម្លៃប្រមាណ​ ១១,៥ ពាន់លាន​ដុល្លារនិងដែល​ត្រូវ​បានបង្កើត​ឡើងដើម្បី​បញ្ជូន​បង្ហូរ​ឧស្ម័ន​ពី​តំបន់​ស៊ីបេរី​របស់​រស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់​។

បន្ថែមលើនេះ​ រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​និយាយ​ដែរ​ថា​សហភាពអឺរ៉ុប​នឹង​អនុម័ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​សម្រាប់​ដាក់លើ​ក្រុងមូស្គូ​។ ទីក្រុង​វ៉ាស៊ីនតោន​ដែល​កន្លង​មកធ្លាប់​បានគំរាម​សម្លាប់​គម្រោងបំពង់បង្ហូរឧស្ម័នរុស្ស៊ី​ Nord Stream 2​ បាន​ចេញ​មុខ​ស្វាគមន៍​ភ្លាមៗ​ផងដែរ​ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់​។

ដោយឡែក​ នៅថ្ងៃអង្គារ​ ទី២២ កុម្ភៈ​ម្សិលមិញ​ មេ​ដឹកនាំ​សហភាព​អឺរ៉ុបក៏​បាន​ពិចារណា​កំណត់​គោលដៅ​លើ​អ្នក​នយោបាយ​និង​ធនាគាររបស់​រុស្ស៊ី​ជាច្រើន​ក្នុង​ទណ្ឌកម្ម​ប្រឆាំង​នឹង​វិមាន​ក្រេមឡាំង​។ អឺរ៉ុប​ចង់​រារាំង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​ និង​ដាក់​បម្រាម​លើ​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ខាងកើត​អ៊ុយក្រែន​ដែលគ្រប់គ្រង​ដោយ​ពួក​ផ្តាច់ទឹកដី​រុស្ស៊ី​និយម​។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បានប្រតិកម្មប្រឆាំងនឹងការគំរាមកំហែង​​ដាក់​ទណ្ឌកម្ម​ជាច្រើនមកលើ​រុស្ស៊ីពីសំណាក់លោកខាងលិច​។ លោក Lavrov និយាយថារុស្ស៊ី​ស៊ាំនឹង​ទណ្ឌកម្មហើយ​ ហើយ​រុស្ស៊ីក៏​ដឹងទៀតថា​ទណ្ឌកម្ម​នឹង​ត្រូវ​គេ​ជះ​ដាក់​លើ​រុស្ស៊ី​ ទោះ​ក្នុង​ករណី​ណាក៏ដោយ​ ទោះមាន​ឬ​គ្មាន​ហេតុផល​ក៏​ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ