អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-បច្ចេកវិទ្យា

ខណៈអ៊ុយក្រែនរងគ្រាប់​មីស៊ីលរបស់រុស្ស៊ី​ ក្រុមប្រទេសលោកខាងលិចបារម្ភខ្លាចរងការវាយ​ប្រហារ​តាមអ៊ីនធ័រនែត

ក្នុងខណៈដែលអ៊ុយក្រែន កំពុងតែរងនូវការ​វាយ​ប្រហារ ឈ្លានពានពីរុស្ស៊ី បណ្តាប្រទេសលោកខាងលិច បាន​អឺរ៉ុប អាមេរិកជាដើម កំពុងតែបារម្ភ ខ្លាចក្រែងមាន​ការវាយ​ប្រហារតាម​ប្រព័ន្ធអ៊ីនធ័រនែត ពីសំណាក់រុស្ស៊ី។​ មន្ត្រីជំនាញសន្តិសុខបច្ចេកវិទ្យា កំពុងតែបង្កើនការប្រុងប្រយ័ត្នជាខ្លាំង ព្រោះវាអាចជាប្រតិបត្តិការរករឿងរបស់រុស្ស៊ី ចំពោះប្រទេសណា ដែល​ប្រឆាំងនឹងអំពើឈ្លាន​ពាន​របស់ខ្លួន។

ប្រជាជនអេស្ប៉ាញធ្វើបាតុកម្ម រួមសាមគ្គីជាមួយអ៊ុយក្រែន ប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៊ី។ ក្រុងម៉ាឌ្រីត ថ្ងៃទី ២៤ កុម្ភៈ ២០២២
ប្រជាជនអេស្ប៉ាញធ្វើបាតុកម្ម រួមសាមគ្គីជាមួយអ៊ុយក្រែន ប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៊ី។ ក្រុងម៉ាឌ្រីត ថ្ងៃទី ២៤ កុម្ភៈ ២០២២ AP - Manu Fernandez
ផ្សាយពាណិជ្ជកម្ម

នៅរសៀលថ្ងៃពុធ មុនពេលដែលរុស្ស៊ីចាប់ផ្តើមវាយ​ប្រហារលើអ៊ុយក្រែន គេហទំព័រធនាគារ និង​ស្ថាប័នក្រសួងរដ្ឋអ៊ុយក្រែនជាច្រើន ដោយក្នុង​នោះមាន​​ក្រសួងការបរទេស បានរងនូវ​ការវាយ​ប្រហារតាម​អ៊ីនធ័រនែត ធ្វើ​ឲ្យ​លែងដំណើរការ។​ ហើយ​នៅយប់ថ្ងៃពុធដដែល អ្នកជំនាញរបស់​ក្រុម​​ផ្នែកសន្តិសុខបច្ចេកវិទ្យា ESET បានប្រទះឃើញកម្មវិធី​មេរោគមួយ ពួនសំងំនៅ​តាមម៉ាស៊ីនកុំព្យូទ័រជាច្រើននៅអ៊ុយក្រែន។ ​កាលពីចុងខែមករា គេហទំព័រជាង១០ របស់​រដ្ឋាភិបាល​អ៊ុយក្រែន ក៏​ត្រូវបានចោរព័ត៌មានវិទ្យាចូលអុកឡុក។ អ៊ុយក្រែន បានចោទថាសកម្មភាពទាំងនេះ គឺជា​ស្នាដៃរបស់​រុស្ស៊ី ដែលបានរៀបគំរោង២ខែមកហើយ។

ទន្ទឹមពេលដែល ​អ៊ុយក្រែន​បានរងការវាយ​ប្រហារតាមអ៊ីនធ័រនែត កាន់តែញឹកញាប់ ក្រុមប្រទេសលោកខាងលិចផ្សេងទៀត ក៏បានចាប់ផ្តើម​ព្រួយបារម្ភដែរ។ លោក Mark Warner ប្រធានគណកម្មការ​ចារកិច្ច​នៃព្រឹទ្ធសភាអាមេរិក បាន​លើកឡើងថា ថាបើរុស្ស៊ី​ហ៊ានបញ្ជូន​ទាហាន​ដល់​ទៅ​​១៩ម៉ឺននាក់ ឈ្លានពានអ៊ុយក្រែន នោះរុស្ស៊ីក៏អាចប្រើកម្មវិធីបច្ចេកវិទ្យា រាប់រយរាប់ពាន់ វាយ​ប្រហារមក​លើ​ក្រុមប្រទេស ដែលគាំទ្រអ៊ុយក្រែនដែរ។ ការវាយ​ប្រហារបែបនេះ គឺរុស្ស៊ីអាចនឹងពង្រីក ធ្វើមកលើអាមេរិក​ អង់គ្លេស និង​ប្រទេសអឺរ៉ុបផ្សេងទៀត ដូចជាប៉ូឡូញជាដើម។

យ៉ាងណាមិញ តាំងតែពីថ្ងៃអង្គារ សហភាពអឺរ៉ុប បាន​បានបញ្ជាឲ្យ​ក្រុមការងារសន្តិសុខ​ព័ត៌មានវិទ្យា បង្កើនការប្រុងប្រយ័ត្នខ្ពស់ តួយ៉ាងដូចជាក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ។ នៅសហរដ្ឋអាមេរិក លោកស្រីអភិបាលរដ្ឋញូយ៉ក ក៏បាន​ប្រកាស កាលពីចុងសប្តាហ៍កន្លងទៅ ឲ្យ​បង្កើនការប្រុង​ប្រយ័ត្ន​ដែរ នៅក្នុងវិស័យធនាគារហិរញ្ញវត្ថុ សុខាភិបាល ថាមពល​ និង​ការដឹកជញ្ជូន ព្រោះប្រព័ន្ធបច្ចេកវិទ្យានៃវិស័យទាំងនេះ អាចរងការវាយ​ប្រហារពីរុស្ស៊ី។

លោក Serge Droz​ ប្រធាន​សន្តិសុខប្រព័ន្ធសារអេឡិចត្រូនិក នៅក្រុមហ៊ុន​ Protonmail បាន​លើកឡើងថា រុស្ស៊ីពូកែណាស់ ក្នុង​ការបន្លំឆ្ពិនភ្នែកគេឯង លាយ​ឡំក្រុមចោរព័ត៌មានវិទ្យាឯកជន ជាមួយ​នឹង​អាជ្ញាធរ​រដ្ឋរុស្ស៊ី។ លោកពូទីន ខ្លួនឯង ធ្លាប់​បាន​ទទួលស្គាល់ ការវាយប្រហាររបស់ចោរព័ត៌មានវិទ្យារុស្ស៊ីខ្លះ មានលក្ខណៈជាការ​ស្នេហាជាតិ ថែមទៀតផង។ លោក Serge Droz អះអាងថា ការវាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា បើទោះបីមិនមានមនុស្សស្លាប់ តែវាជាកម្មវត្ថុរបស់រុស្ស៊ី ក្នុងការបង្កើតបរិយាកាសភ័យខ្លាច ជ្រួលច្របល់ នៅតាមប្រទេសដែល​រុស្ស៊ីស្អប់។

ដោយឡែក លោក John Hultquist នាយករកផ្នែក​វិភាគទិន្នន័យនៅក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យា Mandiant បាន​អះអាងថា ក្រុមហ៊ុន​ក៏ដូចជាស្ថាប័ន​នៅតាម​ប្រទេស​លោកខាងលិច បានដកពិសោធន៍ច្រើន ជាមួយ​នឹងសកម្មភាពវាយប្រហាររបស់រុស្ស៊ី។ ជាមួយនឹង​បទពិសោធន៍ទាំងនេះ គេបានរៀបចំវិធានការ​រឹងមាំច្រើនណាស់ សម្រាប់ការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មានវិទ្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ