អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-សេដ្ឋកិច្ច

ទីផ្សារហិរញ្ញ​វត្ថុអន្តរជាតិ ភ័យ​ជ្រួល​ច្របល់​ខ្លាំង ក្រោយ​​ការ​បើក​​ការវាយ​​ប្រហារ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន

ការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន បង្កឡើងដោយ​រុស្ស៊ីនៅពេលនេះ បានធ្វើឲ្យ​មានការភ័យជ្រួលច្របល់ជាខ្លាំង នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រោះវាប្រាកដជាអាចប៉ះពាល់ ដល់​វិស័យ​​មូលធនវិនិយោគ ព្រមទាំងតម្លៃវត្ថុធាតុដើមជាច្រើនមុខ ​ដូចជាប្រេងឥន្ធនៈ ឧស្ម័នហ្កាស និងស្រូវសាឡីជាដើម ដែលផ្គត់ផ្គង់ដោយរុស្ស៊ី។ តម្លៃភាគហ៊ុន នៅទីផ្សារអឺរ៉ុប បានធ្លាក់ដាំក្បាលចុះជាខ្លាំង នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ទី១៤កុម្ភៈ ដូចគ្នានឹង​តម្លៃប្រាក់ រូប្ល ដែលជារូបិយបណ្ណរបស់រុស្ស៊ី ដែរ។

ស្ត្រីអ្នក​ចាត់ចែងការទិញលក់ភាគហ៊ុន និងរូបិយវត្ថុអន្តរជាតិម្នាក់ នៅធនាគារ  KEB Hana Bank ទីក្រុងសេអ៊ូល។ ផ្សារហ៊ុនផ្អើលជ្រួលច្របល់ ក្រោយ​ការ​បើក​ការវាយ​ប្រហាររបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ ២០២២
ស្ត្រីអ្នក​ចាត់ចែងការទិញលក់ភាគហ៊ុន និងរូបិយវត្ថុអន្តរជាតិម្នាក់ នៅធនាគារ KEB Hana Bank ទីក្រុងសេអ៊ូល។ ផ្សារហ៊ុនផ្អើលជ្រួលច្របល់ ក្រោយ​ការ​បើក​ការវាយ​ប្រហាររបស់រុស្ស៊ី ទៅលើអ៊ុយក្រែន នៅថ្ងៃទី ២៤ កុម្ភៈ ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

នៅម៉ោង​១០ព្រឹក ថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ តម្លៃភាគហ៊ុន​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុអឺរ៉ុប បានចាប់ផ្តើម​ដាំក្បាលចុះជាបន្តបន្ទាប់។ ផ្សារហ៊ុននៅបារីស ធ្លាក់ ៣.៧៣% នៅហ្វ្រង់ហ្វ័រត៍ ធ្លាក់ ៣.៩៦%  នៅឡុងដ៍ ធ្លាក់ 2.៥៨% និងនៅមីឡង់ ធ្លាក់​ ៣.៧៦%។ ចរន្តរញ្ជួយភ័យជ្រួលច្របល់ បានសាយភាយទៅដល់ផ្សារហ៊ុននៅអាស៊ីផងដែរ។

តម្លៃភាគហ៊ុននៅ​ម៉ូស្គូវិញ ធ្លាក់ដល់ទៅ​២៥%។ តម្លៃប្រាក់រូប្ល ដែលជារូបិយបណ្ណរុស្ស៊ី បានធ្លាក់ចុះទាបបំផុតក្នុង​ប្រវត្តិសាស្ត្រ ដោយ ៩០រូប្ល ទើបដូរបាន ១ដុល្លារអាមេរិក។​ ក្រៅពីប្រាក់ដុល្លារអាមេរិក ដែលជារូបិយបណ្ណសម្រាប់ជ្រកកោណ បានឡើងថ្លៃ តម្លៃមាសក៏បានឡើងថ្លៃដែរ ចំនួន​ ២.៣១%។ ដោយឡែក លុយឌីជីថល bitcoin បានធ្លាក់ចុះចំនួន ៥.៧៤%។

លោក Ipek Ozkardeskaya អ្នកវិភាគទីផ្សារ នៅក្រុមហ៊ុនវិនិយោគ SwissQuote បានអះអាងថា ទីផ្សារហិរញ្ញវត្ថុពិភពលោក កំពុងភ័យ​ជ្រួលច្របល់ខ្លាំងណាស់ បន្ទាប់ពី​រុស្ស៊ី បានចាប់ផ្តើមបើក​ប្រតិបត្តិការយោធាវាយ​ប្រហារលើអ៊ុយក្រែន។ ជាជំហានដំបូង វិស័យធនាគារ និង​ហិរញ្ញវត្ថុអន្តរជាតិ ប្រាកដជារងសំពាធខ្លាំង ដោយសារតែ​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​អឺរ៉ុប និង អាមេរិក បានដាក់ទៅលើរុស្ស៊ី។ នៅម៉ូស្គូ ធនាគារ Sberbank បានធ្លាក់តម្លៃភាគហ៊ុន ចំនួនដល់ទៅ ៣៨.៨៥% ធនាគារ VTB Bank ធ្លាក់ចំនួន ៣៧%។ នៅវីយែនវិញ ធនាគារ Raiffeisen ធ្លាក់តម្លៃចំនួន ១៥.៥%។

តម្លៃប្រេងឆៅ បានឡើងថ្លៃ លើស ១០០ដុល្លារ ក្នុងមួយធុងបារីល ទាំងប្រភេទប្រេងឆៅអាមេរិក និង​ប្រភេទ​ប្រេងឆៅសមុទ្រខាងជើង។ តម្លៃអាលុយមីញ៉ូម ក៏បានស្ទុះឡើងខ្ពស់ខ្លាំងមិនធ្លាប់មានដែរ។ រីឯតម្លៃឧស្ម័នហ្កាសវិញ បានស្ទុះឡើងដល់ទៅ ៣១% បើប្រៀបធៀបទៅថ្ងៃម្សិលមិញ។ ការឡើងថ្លៃខ្លាំង លើវត្ថុធាតុដើមផ្នែកថាមពលនេះ គឺជាបញ្ហាចោទមួយសម្រាប់អឺរ៉ុប ព្រោះថា ៤០%នៃឧស្ម័ន​ដែលអឺរ៉ុបប្រើ រួមជាមួយ​៣០%នៃប្រេងឥន្ធនៈ នាំចូលមកពីរុស្ស៊ី។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនធំៗ ដែលរកស៊ីផ្នែកធនធានរ៉ែនៅរុស្ស៊ី បានធ្លាក់តម្លៃហ៊ុន​ខ្លាំងណាស់។ នៅហ្វ្រង់ហ្វ័រត៍ ក្រុមហ៊ុនថាមពល Uniper ដែលចូលហ៊ុនពាក់ព័ន្ធជាមួយ​គម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 បានខាតតម្លៃចំនួន ១១.៦៣%។ ភាពរញ៉េរញ៉ៃជ្រួលច្របល់ នៅលើទីផ្សារហ៊ុន កំពុងតែមានខ្លាំង ឲ្យ​តែពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាស ដែលរកស៊ីពាក់ព័ន្ធជាមួយរុស្ស៊ី។

លោក Ipek Ozkardeskaya អះអាងថា សម្រាប់ពេលនេះ អ្នកវិនិយោគ ក៏ដូចជាទីផ្សារហិរញ្ញវត្ថុទាំងអស់ មិនអាចធ្វើអ្វីបានច្រើនទេ ក្រៅតែពីតាមដានស្ថានការណ៍វិវឌ្ឍន៍ ហើយត្រៀមខ្លួនទទួលរងនូវ ការធ្លាក់ចុះ ខាតបង់បន្ថែមទៀត តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ