អានតួអត្ថបទ
អាល្លឺម៉ង់-ការពារជាតិ

អាល្លឺម៉ង់ដំឡើង​ថវិកា​ការពារជាតិ ក្រោយ​ពី​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន

ការឈ្លានពាន​របស់​រុស្ស៊ីលើប្រទេស​​អ៊ុយក្រែន កំពុងរុញច្រាន​​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់​គោលនយោបាយ​ការពារ​ជាតិ​និង​​ការទូត​របស់​ប្រទេស​អាល្លឺម៉ង់​ យ៉ាង​លឿន​ស្លេវ។ នៅ​ចំពោះ​សភា​អាល្លឺម៉ង់​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ បាន​ប្រកាសធ្វើ​ទំនើបកម្ម​វិស័យ​​យោធា​ និង​​ដំឡើងកញ្ចប់​ថវិកា​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ ឱ្យ​ច្រើន​ជាង​​២%នៃ​ផលិតផល​សរុប​ប្រទេស ​បើ​ទោះ​បី​ជា​បំណុល​ជាតិ​ត្រូវ​កើន​ឡើង​ក៏​ដោយ។

នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ប្តូរ​ទិសដៅ​នយោបាយ​ការពារជាតិ ប្រកាសធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ តម្លៃ​១០០ពាន់​លាន​ដុល្លារ
នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ប្តូរ​ទិសដៅ​នយោបាយ​ការពារជាតិ ប្រកាសធ្វើ​ទំនើបកម្ម​វិស័យ​យោធា​ តម្លៃ​១០០ពាន់​លាន​ដុល្លារ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ សំឡេង​ប្រឆាំង​នឹង​សង្គ្រាមអ៊ុយក្រែន​​បាន​លាន់​ឮ​កាន់​តែ​ខ្លាំងឡើងនៅ​អាល្លឺម៉ង់ ដោយ​មានពលរដ្ឋ​ច្រើន​កកកុញ​នាំ​ធ្វើ​បាតុកម្ម​នៅ​រដ្ឋ​ធានី​ប៊ែរឡាំង (យ៉ាង​ហោច​ណាស់​​១សែន​នាក់​នៅ​ថ្ងៃអាទិត្យ​ទី ២៧​កុម្ភៈនេះ)។

ចំណែក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​វិញ​ លោក អូឡាហ្វ ស្ហុលស៍ បាន​ប្រកាស​នៅ​ចំពោះ​សភា​ដែល​ជួប​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃអាទិត្យ​នេះ​ដែរ ថា អាល្លឺម៉ង់​នឹង​ចាប់​បង្កើន​ចំណាយផ្នែក​​យោធា នៅ​ឆ្នាំ​ខាង​មុខ​។

“ពិភពលោកចូល​​សករាជ​ថ្មី ! ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ពិភពលោក​ថ្ងៃ​អនាគត​​មិន​ដូចពេលកន្លង​ទៅ​ទេ ដូច្នេះ​អាល្លឺម៉ង់​ក៏​ត្រូវ​ប្តូរផ្លាស់ដែរ!” នេះ​ជា​ប្រសាសន៍​របស់​លោក អូឡាហ្វ ស្ហុលស៍ ដោយ​គូសបញ្ជាក់​ថា រដ្ឋាភិបាល​​នឹង​ទម្លាយ​កញ្ចប់​ថវិកា​ចំនួន ១០០ពាន់​លាន​ដុល្លារ ភ្លាម សម្រាប់​យក​មក​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​អាល្លឺម៉ង់។ ហើយ​ចាប់​ពីពេល​នេះ​តទៅ ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ អាល្លឺម៉ង់​នឹង​បង្កើនថវិកា​វិនិយោគ​​វិស័យ​ការពារ​ជាតិ ឱ្យ​ឡើង​លើស​ពី​២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ពោល​គឺ​ច្រើន​ជាង​កម្មវត្ថុ​ដែល​កំណត់​ដោយ​ក្រុម​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ​ទៅ​ទៀត (អូតង់​បាន​ស្នើ​ឱ្យ​រដ្ឋ​សមាជិក​នីមួយៗ​ចំណាយ​ថវិកា​ការពារ​ជាតិ​ម្តុំ​២%​នៃ​ផលិតផលក្នុងស្រុក​សរុប​)។

ឡើង​កាន់​អំណាច​ទើប​បាន​ជាង​ពីរ​ខែ លោកអូឡាហ្វ ស្ហុលស៍​ បាន​ប្រកាស​ត្រៀម​ខ្លួន​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ប្រាក់​បំណុល​ជាតិ​ និ​ងលែង​ប្រកាន់​ជំហរ​ទប់​ត្បៀតខុស​និង​លើស​គេឯង​ដូច​មុន​ទៀត​ហើយ ក្នុង​វិស័យ​ការពារ​ជាតិ​និង​ការ​បរទេស។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស ដែល​ជា​អ្នក​បរិស្ថាន​និយម​និង​ជា​ដៃគូ​ត្រីភាគី​នៃ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​អូឡាហ្វ ស្ហុលស៍។

ក្រោយ​សង្គ្រាម​ត្រជាក់​បិទ​បញ្ចប់​ទៅ អាល្លឺម៉ង់​បាន​ប្រកាន់​ជំហរ​សន្តិនិយម​ និងរំពឹង​លើ​អាមេរិក​ក្នុង​ការ​ការពារ​ខ្លួន។ អាល្លឺម៉ង់​​មិន​ខ្វល់​នឹង​​ចំណាយ​លើ​ផ្នែក​ការពារ​ជាតិ​ទេ រហូត​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ស្រែក​បន្ទោស​ដោយ​ចំៗ​ផង​កាលពីប៉ុន្មាន​ឆ្នាំមុន។ តាំង​ពី ​បង្រួបបង្រួម​ជាប្រទេស​​តែ​មួយ​នៅ​​ឆ្នាំ​១៩៩០​មក ​អាល្លឺម៉ង់បាន​កាត់​បន្ថយ​ចំនួន​យោធា​ជា​លំដាប់​ពី ៥សែន​នាក់​មក​នៅ​ត្រឹម​តែ​២សែន​ប៉ុណ្ណោះ​ថ្ងៃ​នេះ។ បើ​និយាយ​អំពី​សម្ភារៈ​បរិក្ខារ​យោធា​វិញ សុទ្ធ​តែ​ចាស់​ទ្រុឌទ្រោម​ទាំង​អស់ ព្រោះ​អាល្លឺម៉ង់​មិនសូវ​ចំណាយ​ធ្វើ​វិនិយោគ​ទេ។ មេបញ្ជាការ​យោធា​ជើង​គោក​អាល្លឺម៉ង់​បាន​ព្រលយ​ថា​ យោធាអាល្លឺម៉ង់​គ្មាន​អ្វី​សោះ គឺ​ននលគក។

ប៉ុន្តែ​សង្គ្រាម​នៅអ៊ុយក្រែន បាន​ដាស់​ស្មារតី ​អាល្លឺម៉ង់​ឱ្យ​ប្តូរ​ផ្លាស់​នយោបាយ​ការពារ​ជាតិ​ និង​ប្រពៃណី​សន្តិនិយម​ ដោយថែម​ទាំង​បាន​សម្រេច​​បញ្ជូន​អាវុធទៅ​ឱ្យ​​​អ៊ុយក្រែន ក្រោម​សំឡេង​អបអរ​របស់​លោកប្រធានាធិបតី ហ្សេឡេនស្គី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ