អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

ម៉ុលដាវី​សុំជំនួយបន្ទាន់ពីអាមេរិកសម្រាប់ដោះស្រាយវិបត្តិជនភៀសខ្លួនអ៊ុយក្រែន

នៅក្នុង​ជំនួប​ជាមួយ​ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅ​ទីក្រុង​ឃីស្ហីនណោវ នៅព្រឹកថ្ងៃអាទិត្យ​ទី ៦ មីនា  នាយករដ្ឋមន្រ្តី​ម៉ុលដាវី​បាន​និយាយ​សុំ​ជំនួយបន្ទាន់​ពីអាមេរិក​សម្រាប់​ដោះស្រាយវិបត្តិជនភៀសខ្លួន អ៊ុយក្រែន។ តាម​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន គិត​មកត្រឹម​ថ្ងៃអាទិត្យនេះ មនុស្ស ប្រមាណ ១លាន ៥សែន​នាក់ បាន​រត់​គេច​ចេញពី​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន។

ទាហានអ៊ុយក្រែន​ជួយគ្រា​ស្រ្តីចំណាស់​ចេញពី​តំបន់​ជុំវិញ​ទីក្រុង​កៀវ​ដែល​កំពុង​រងការវាយប្រហារ​កាន់តែ​សន្ធប់​របស់​កងទ័ពរុស្ស៊ី នៅថ្ងៃ​សៅរ៍ទី ៥​មីនា ២០២២
ទាហានអ៊ុយក្រែន​ជួយគ្រា​ស្រ្តីចំណាស់​ចេញពី​តំបន់​ជុំវិញ​ទីក្រុង​កៀវ​ដែល​កំពុង​រងការវាយប្រហារ​កាន់តែ​សន្ធប់​របស់​កងទ័ពរុស្ស៊ី នៅថ្ងៃ​សៅរ៍ទី ៥​មីនា ២០២២ REUTERS - MIKHAIL PALINCHAK
ផ្សាយពាណិជ្ជកម្ម

ដូចប្រទេស​ជិតខាង​ផ្សេងទៀត​របស់​អ៊ុយក្រែន ម៉ុលដាវី ប្រទេស​ដ៏តូច និង​ក្រីក្រ​បំផុត​របស់​អឺរ៉ុប កំពុង​ប្រឈម​នឹង​លំហូរ​ជនភៀសខ្លួន ដែល ​រត់គេចចេញ​ពី​សង្រ្គាមវាយប្រហារ​របស់​កងទ័ព​រុស្ស៊ី នៅ​អ៊ុយក្រែន។ ក្នុងចំណោម​ជនភៀសខ្លួន​ជាង ២សែន ៣ម៉ឺននាក់ ដែល​បាន​ឆ្លងដែនចូលម៉ុលដាវី មាន​ជាង ១សែននាក់​បានសុំសំចត​ស្នាក់នៅ​ប្រទេស​ម៉ុលដាវី។ នេះ​ជា​ចំនួន ដ៏ច្រើន សម្រាប់​ម៉ុលដាវី ដែលមានផ្ទៃដី​ដ៏តូច និង​មាន​ប្រជាជន​សរុប​មិនដល់​៣លាននាក់ (២,៦លាននាក់)។

នៅក្នុងជំនួបទទួល​ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​ដែល​បានធ្វើដំណើរ​ទៅដល់​ម៉ុលដាវី តាំង​យប់​ថ្ងៃសៅរ៍ទី ៥ មីនា នាយករដ្ឋមន្រ្តី​ម៉ុលដាវី លោកស្រី Natalia Gavrilita បាននិយាយប្រាប់លោក​ប្លីងកិន​ថា ម៉ុលដាវី​បាន​ផ្តល់​ជំរក អាហារ និងសេវា​សុខភាព​សម្រាប់​ប្រជាជនភៀសខ្លួន​ពីអ៊ុយក្រែន ប៉ុន្តែ ជាមួយ​មធ្យោបាយ​មាន​កំណត់ ម៉ុលដាវី ត្រូវការ​ជំនួយមនុស្សធម៌​បន្ទាន់​ពី​អាមេរិក សម្រាប់ជួយជនភៀសខ្លួន​អ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​វិញ បាន​ថ្លែងកោតសរសើរ ការទទួលរាក់ទាក់ យ៉ាងកក់ក្តៅ​របស់ម៉ុលដាវី សម្រាប់​ប្រជាជន​ភៀសខ្លួនអ៊ុយក្រែននិង​បានសន្យា​ជួយដោះស្រាយ​បន្ទុករបស់​ម៉ុលដាវី។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេស​ប៉ូឡូញ កាលពីថ្ងៃ​សៅរ៍ ប្រមុខការបរទេស​អាមេរិក​បាននិយាយ​ថា សេតវិមាន​កំពុង​ស្វែងរក​ថវិកា​ជាង ២៧៥០លាន​ដុល្លារ​សម្រាប់​ជួយ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ ដោយសារ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន។

ក្រៅពីជំនួយ​មនុស្សធម៌សម្រាប់​ជនភៀសខ្លួន ម៉ុលដាវី​ក៏​ត្រូវការ​ជំនួយគាំទ្រ​ពី​អាមេរិក ក្នុងកាលៈទេសៈ​ដែល​ម៉ុលដាវី​បារម្ភ​ខ្លាច​ភ្លើងសង្រ្គាម​រុស្ស៊ី​រាលដាល​ដល់​ទឹកដីរបស់ខ្លួន។ មាន​ព្រំដែន​ជាប់​អ៊ុយក្រែន នៅភាគខាងត្បូង ម៉ុលដាវី ខ្លាចថា រុស្ស៊ី​នឹង​អាច​ប្រើទឹកដី​របស់​ខ្លួន សម្រាប់​ចូលវាយ សង្រ្គប់ ​អ៊ុយក្រែន ពីទិសខាងត្បូង និង​ខាងលិច។

ម៉ុលដាវី ប្រទេស​អតីត​សហភាពសូវៀត មិនមែន​ជា​សមាជិក​របស់​អូតង់។ សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅទឹកដី​អ៊ុយក្រែន​បាន​ជំរុញ​ឲ្យ​ម៉ុលដាវី និង​ហ្សកហ្ស៊ី ដាក់បេក្ខភាពជា​ផ្លូវការ​សម្រាប់​ចូល​ជាសមាជិក​របស់​សហភាពអឺរ៉ុប នៅថ្ងៃ​ព្រហស្បតិ៍ ទី ៣​មីនា។

នៅ​ដើមសប្តាហ៍នេះ ម៉ុលដាវី​បាន​ប្រាប់អ្នកតំណាងទូត​អឺរ៉ុប​ថា ដោយសារ​សង្រ្គាមអ៊ុយក្រែន ប្រទេស​ម៉ុលដាវី​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​នឹង​បញ្ហា​សន្តិសុខ។ តាមប្រធានាធិបតី​ម៉ុលដាវី តាំងពីរដ្ឋធានី ឃីស្ហីនណោវ​របស់​ម៉ុលដាវី គេ​លឺសំឡេង​ផ្ទុះគ្រាប់បែក គ្រាប់ផ្លោង នៅ​ក្នុង​ទឹកដី អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ