អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

បារាំង អង់គ្លេស ​អាមេរិក ​និង​អាល្លឺម៉ង់ សន្យា​រួមគ្នា​​ប្រឹងប្រែង ដាក់​ទណ្ឌកម្ម​សំពង​រុស្ស៊ី​ឲ្យ​ធ្ងន់​ថែម​ទៀត

កាលពីរសៀលថ្ងៃ​ចន្ទទី​៧មីនា លោកម៉ាក្រុង លោកចូ បៃដិន និង​​លោក​​អូឡាហ្វ ស្ហុលស៍ និងលោក​បូរីស ចនសុន បានជួបប្រជុំគ្នា តាមប្រព័ន្ធវីដេអូខុសហ្វឺរិនស៍ ដើម្បីនិយាយ​គ្នាអំពីសំណុំរឿងអ៊ុយក្រែន។ ប្រមុខដឹកនាំមហាអំណាចលោកខាងលិច​ទាំង​៤នេះ បានសន្យារួមគ្នា ថានឹងប្រឹងប្រែង ដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បី​សំពង​លើរុស្ស៊ីឲ្យធ្ងន់ជាងនេះ។

បាតុករប្រឆាំងសង្គ្រាម​អ៊ុយក្រែន លើកបដានៅក្រុងញូយ៉ក ថ្ងៃទី ៥ មីនា ២០២២
បាតុករប្រឆាំងសង្គ្រាម​អ៊ុយក្រែន លើកបដានៅក្រុងញូយ៉ក ថ្ងៃទី ៥ មីនា ២០២២ REUTERS - YANA PASKOVA
ផ្សាយពាណិជ្ជកម្ម

មហាអំណាចលោកខាងលិចទាំង៤ បារាំង អង់គ្លេស អាល្លឺម៉ង់ និង អាមេរិក បានបង្ហាញការសាមគ្គីជាធ្លុងមួយ​ ជាថ្មីម្តងទៀត ក្នុង​ការ​ដាក់ទណ្ឌកម្ម​ផ្តន្ទាទោសរុស្ស៊ី​​ ដែលបានធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ យោងតាម​លិខិតជូនដំណឹងរបស់សេតវិមាន មហាអំណាចទាំង៤ បានសន្យាថានឹងបន្ថែម​ដាក់ទណ្ឌកម្ម សំពងរុស្ស៊ី ឲ្យធ្ងន់​ជាងនេះទៀត។

តែយ៉ាងណា យោងតាមការវិភាគខ្លះ បានឲ្យដឹងថា មានចំណុចខ្លះ បានធ្វើឲ្យ​មហាអំណាចទាំង​៤ មាន​ការខ្ទាស់គំនិត​គ្នា ជាក់ស្តែងគឺបញ្ហា ធ្វើពហិការ ឈប់ទិញប្រេង និង​ហ្កាសរបស់រុស្ស៊ី។ លោក​អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ដែលជាប្រទេស​ទិញប្រេង និង​​ហ្កាសរបស់​រុស្ស៊ី​ច្រើនបំផុតនោះ​ បាន​បង្ហាញជំហរជំទាស់ ថាមិនអាច​បញ្ឈប់ការនាំចូលទំនិញថាមពលទាំង២មុខនេះ ពីរុស្ស៊ីបានទេ។ យ៉ាងណាមិញ នៅក្នុង​លិខិតប្រកាសរបស់​រដ្ឋាភិបាលអាល្លឺម៉ង់ ស្តីពីលទ្ធផល​ប្រជុំនៅរសៀលថ្ងៃចន្ទ គឺគេបានគូសបញ្ជាក់តែអំពីការសន្យា​គ្នា​ ជួយ​ផ្នែកមនុស្សធម៌តែប៉ុណ្ណោះ។

ដោយឡែក លោកចូ បៃដិនវិញ ហាក់កំពុងតែរងសំពាធខ្លាំង ពីសភាខុនហ្ក្រេស ដែលចង់ឲ្យ​អាមេរិក ​ត្រូវតែឈប់ទិញប្រេង និង​ហ្កាសរបស់រុស្ស៊ី ព្រោះវាហាក់បីដូចជាអាមេរិក យកលុយទៅចិញ្ចឹមរបបផ្តាច់ការរបស់​លោកពូទីន។ ប៉ុន្តែសម្រាប់ពេលនេះ លោកចូ បៃដិន មិនចង់សម្រេច​ដោយ​អត្តនោម័ត ធ្វើឲ្យ​ខូចដល់សាមគ្គីភាព ជាមួយ​សម្ព័ន្ធមិត្តអឺរ៉ុបឡើយ។

នៅក្នុង​អត្ថបទចំហមួយ ចុះផ្សាយ​ដោយ​កាសែតបារាំង Le Monde នៅថ្ងៃចន្ទ លោក ហ្វ្រង់ស្វ័រ ហូឡង់ អតីតប្រធានាធិបតី​បារាំង បានលើកឡើងថា ចង់សំពងរបបរបស់ពូទីនឲ្យចាស់ដៃ គឺត្រូវតែឈប់ទិញ​ឧស្ម័នហ្កាសរបស់រុស្ស៊ី ព្រោះវាជាប្រភពចំណូលមួយសំខាន់ណាស់របស់ក្រុមបក្សពួកពូទីន។ លោកហូឡង់ បានសង្កត់បន្ថែមថា ក្រុមបស្ចឹមលោក មិនអាចថ្កោលទោសលោកពូទីន តែព្រមពេលជាមួយគ្នានេះ បែរជាចិញ្ចឹមរបបរបស់ពូទីនទៅវិញ។

ដោយឡែក ទាក់ទិននឹងបញ្ហាសន្តិសុខនៅអឺរ៉ុបខាងកើតវិញ សហរដ្ឋអាមេរិក បានសម្រេចនៅថ្ងៃចន្ទទី៧មីនា ថានឹង​បញ្ជូន​ទាហានចំនួន​ ៥០០នាក់បន្ថែមទៀត ដើម្បីជួយ​ការពារប្រទេសសមាជិកអូតង់។ គិតពីដើមឆ្នាំ​២០២២នេះមក អាមេរិកបានបញ្ជូនទាហាន ចំនួន​១២០០០នាក់ហើយ មកកាន់អឺរ៉ុប។ តែទន្ទឹមគ្នានេះ លោកចូ បៃដិនបានបញ្ជាក់ថា ទាហានអាមេរិកដែល​លោក​បានបញ្ជូនទៅអឺរ៉ុប គឺគ្មានកម្មវត្ថុទៅចូលធ្វើអន្តរាគមន៍នៅអ៊ុយក្រែនឡើយ ព្រោះថាអ៊ុយក្រែនមិនមែនជា​សមាជិករបស់អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ