អានតួអត្ថបទ
ចិន-អាមេរិក-រុស្ស៊ី-សង្គ្រាមអ៊ុយក្រែន

ចិន​បដិសេធ​ មិន​ឲ្យខ្លួន​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ជាមួយ​នឹង​ទណ្ឌកម្ម​​របស់​​លោក​ខាងលិច​ទៅលើ​រុស្ស៊ី

លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាន​លើកឡើងថា ចិនបដិសេធមិនឲ្យ​ខ្លួនពាក់ព័ន្ធជាមួយ​ទណ្ឌកម្ម ដែលក្រុមប្រទេសលោកខាងលិច បានដាក់ទៅលើរុស្ស៊ីជាដាច់ខាត ព្រោះថាចិន មិន​ប្រកាន់ជំហរខាងណាមួយឡើយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី​ការបរទេសចិននេះ គឺបន្ទាប់ពី​មានដំណឹងលេចឮថា រុស្ស៊ីបានទៅ​សុំជំនួយយោធា និង​សេដ្ឋកិច្ចពីចិន។ ហើយ​នៅ​ទីក្រុងរ៉ូម កាលពីថ្ងៃចន្ទម្សិលមិញ លោក ជែក​ ស៊ូលីវ៉ាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានជួបនិយាយ​អំពីបញ្ហានេះ ជាមួយ​​លោក យ៉ាង ជែឈី ប្រធានគណកម្ម​ការកិច្ចការបរទេស នៃគណបក្សកុម្មុយនីស្តចិន។

លោកពូទីន លើកដៃស្វាគមន៍ លោក​ស៊ី ជីនពីង ក្នុងពេល​និយាយ​គ្នា តាម​ប្រព័ន្ធវីដេអូខុសនហ្វឺរិនស៍ នៅថ្ងៃទី ១៥ ធ្នូ ២០២១
លោកពូទីន លើកដៃស្វាគមន៍ លោក​ស៊ី ជីនពីង ក្នុងពេល​និយាយ​គ្នា តាម​ប្រព័ន្ធវីដេអូខុសនហ្វឺរិនស៍ នៅថ្ងៃទី ១៥ ធ្នូ ២០២១ AP - Mikhail Metzel
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​ការចុះផ្សាយ​ របស់​ទីភ្នាក់ងារព័ត៌មានផ្លូវការចិន ស៊ីនហ័រ ក្នុងពេល​និយាយ​ទូរស័ព្ទ ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ កាលពីល្ងាចថ្ងៃចន្ទទី​១៤មីនា លោកវ៉ាង យី បាន​អះអាងថា ចិនមិនជាប់ពាក់ព័ន្ធអ្វីជាមួយ​វិបត្តិអ៊ុយក្រែនឡើយ។ ដូច្នេះ ចិនបដិសេធ មិន​ឲ្យ​ខ្លួន​ទៅពាក់ព័ន្ធនឹងទណ្ឌកម្ម ដែលក្រុម​ប្រទេសលោកខាងលិច កំពុងដាក់ទៅលើរុស្ស៊ីនោះទេ។ លោក​វ៉ាង យី បានលើកឡើងទៀតថា សម្រាប់ចិន គឺចិនតែងតែប្រឆាំងនឹង​ការ​ប្រើប្រាស់ទណ្ឌកម្ម ជាមធ្យោបាយដោះស្រាយ​បញ្ហា ជាពិសេសនោះ គឺទណ្ឌកម្ម​បែប​ឯកត្តោភាគី ដោយ​គ្មានមូលដ្ឋានច្បាប់​អន្តរជាតិ។ លោកសង្កត់បន្ថែមថា ចិនមានសិទ្ធិការពារ​ សិទ្ធិ​និង​ផល​​ប្រយោជន៍ស្របច្បាប់​របស់​ខ្លួន​។​

គួររំលឹកថា នៅក្នុ​ងសំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន រហូតមកទល់ពេលនេះ​ គឺចិន មិនបាន​ប្រកាសជំហរថ្កោលទោសរុស្ស៊ីទេ។ តែទន្ទឹមគ្នានេះ ចិនធ្លាប់បាន​ចោទប្រកាន់ក្រុមប្រទេសលោកខាងលិច និងអង្គការអូតង់ ថាជាអ្នកបង្កបញ្ហា​មុន​។ ទោះចិន​ អះអាងថាខ្លួន​មិន​កាន់ជើងខាងណាមួយមែន​ តែមានការបារម្ភសង្ស័យ ថាចិនអាច​ប្រកាន់ជំហរនៅខាងរុស្ស៊ី រួចទៅហើយ​។

យ៉ាងណាមិញ យោងតាមការចុះផ្សាយ​របស់​កាសែត The New York Times កាលពីថ្ងៃអាទិត្យ ដោយស្រង់ប្រភពពីមន្ត្រី​អាមេរិក គឺរុស្ស៊ីបានងាកទៅសុំជំនួយពីចិន។ ចំណែក កាសែត Financial Times បានចុះផ្សាយលំអិត នៅថ្ងៃចន្ទម្សិលមិញថា រដ្ឋាភិបាល​អាមេរិក បានប្រាប់ទៅភាគីសម្ព័ន្ធមិត្តលោកខាងលិចទាំងអស់​ ថា​រុស្ស៊ីពិតជាបានសុំជំនួយយោធាពីចិនមែន​ ហើយចិនបានឆ្លើយយល់ព្រមហើយ។ ជំនួយ​យោធាដែលរុស្ស៊ីសុំពីចិន គឺមាន គ្រាប់មីស៊ីល យានដ្រូន រថពាសដែក និងសម្ភារៈបច្ចេកវិទ្យា​ស៊ើបការណ៍​ផ្សេងទៀតផងដែរ។​ យ៉ាងណាក៏ដោយ​ ភាគីចិនបានបដិសេធ ថាវាជាដំណឹងប្រឌិតបោកប្រាស់ ដើម្បីចាប់កំហុសចិន។

ដោយឡែក លោក Hu Xijin អ្នកសរសេរវិចារណកថានៅកាសែតចិន Global Times បានបង្ហោះសារ​វីដេអូ នៅលើគេហទំព័រកាសែតនេះ កាលពីយប់ថ្ងៃចន្ទ ដោយ​បាន​លើកឡើងថា ចិនគ្មានកាតព្វកិច្ចអ្វីត្រូវទៅសន្យាជាមួយអាេមរិក ថានឹងមិនផ្តល់ជំនួយ​សព្វាវុធទៅឲ្យរុស្ស៊ីនោះឡើយ ហើយ​អាមេរិកក៏គ្មានសិទ្ធិអ្វីមកដាក់កំហិតចិនដែរ។ អ្នកកាសែតចិន​ដ៏មានឥទ្ធិពលរូបនេះ បន្ថែមថា ចិនគ្មានបំណង​ទៅយកចិត្តអាមេរិក ហើយធ្វើឲ្យ​ខូចមិត្តភាពជាមួយរុស្ស៊ីនោះឡើយ៕

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ លោក ជែក ស៊ូលីវ៉ាន ទីប្រឹក្សាសន្តិសុខអាមេរិក បានជួប​ប្រជុំជាមួយ​ យ៉ាង ជែឈី នៅទីក្រុងរ៉ូម។ នៅក្នុងជំនួបរយៈពេល​ប្រមាណ​៧ម៉ោងនេះ គឺមិនមាន​លទ្ធផលអ្វីធំដំឡើយ ដោយ​ភាគីទាំង២មាន​គោលជំហរមិន​ស្របគ្នា។ ភាគីអាមេរិក បានអះអាងជាថ្មីថា អាមេរិកនឹង​មិន​ឱបដៃ បណ្តោយ​ឲ្យ​ប្រទេសណាមួយ លួចលាក់​ផ្តល់ជំនួយ​ដល់រុស្ស៊ីឡើយ មិនថាចិន ឬនរណាទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ