អានតួអត្ថបទ
អឺរ៉ុប-ប្រេង-រុស្ស៊ី

រុស្ស៊ីគំរាមថា អឺរ៉ុប​នឹង​ពិបាក​ខ្លួនឯង បើហ៊ាន​សម្រេច​ធ្វើ​ពហិការ​ឈប់​ទិញ​ប្រេង​រុស្ស៊ី

កាលពីថ្ងៃចន្ទទី​២១មីនា​ ក្រុម​ប្រទេសសហភាពអឺរ៉ុប បានចាប់ផ្តើម​ជួប​ប្រជុំគ្នា ដើម្បី​លើកឡើង ពី​វិធានការទណ្ឌកម្ម​បន្ថែមទៀត ទៅលើរុស្ស៊ី។ គិតមកទល់ពេលនេះ វិស័យថាមពល មាន​ប្រេង និង​ហ្កាស របស់រុស្ស៊ី គឺមិនទាន់​បាន​រងទណ្ឌកម្ម​ដោយ​ផ្ទាល់ ពីអឺរ៉ុប​នៅឡើយទេ។ ក៏ប៉ុន្តែពេលនេះ មានមតិកាន់តែច្រើន​ បានទាមទារថា​អឺរ៉ុប ត្រូវតែពិចារណា សម្រេច​បិទផ្លូវ ឈប់នាំចូល​ប្រេងរបស់រុស្ស៊ី តទៅទៀត។

ស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅក្រុងម៉ាកសី ប្រទេសបារាំង ៖ សាំងធម្មតា ១លីត្រ មានតម្លៃ ដល់ទៅ ២.៧៤៩ អឺរ៉ូ ។ ម៉ាកសី ថ្ងៃទី ៩ មីនា ២០២២
ស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងនៅក្រុងម៉ាកសី ប្រទេសបារាំង ៖ សាំងធម្មតា ១លីត្រ មានតម្លៃ ដល់ទៅ ២.៧៤៩ អឺរ៉ូ ។ ម៉ាកសី ថ្ងៃទី ៩ មីនា ២០២២ AP - Jean-Francois Badias
ផ្សាយពាណិជ្ជកម្ម

តែយ៉ាងណា នេះគឺជាវិធានការ ដែលអឺរ៉ុបពិបាកសម្រេចចិត្តខ្លាំងណាស់ ព្រោះអឺរ៉ុបរំពឹងខ្លាំង លើការនាំចូលប្រេងពីរុស្ស៊ី។ យ៉ាងណាមិញ​ ក្រោយ​សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង តម្លៃប្រេងបានឡើងថ្លៃខ្លាំងនៅអឺរ៉ុប បង្កឲ្យ​មានចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលរួចទៅហើយ​ ក្នុងពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ​ លោក ឌីមីទ្រី ប៉េឆកូវ អ្នកនាំពាក្យ​វិមានក្រឹមឡាំងរបស់រុស្ស៊ី បាន​រំលឹកថា អាមេរិកអាបិទផ្លូវមិនទិញប្រេងរុស្ស៊ីបាន ព្រោះអាមេរិក​មិន​រងការលំបាកទេ។ តែបើអឺរ៉ុបហ៊ានតែ​​បិទផ្លូវ ឈប់ទិញប្រេងរុស្ស៊ីវិញ គឺអឺរ៉ុបទេដែលជាអ្នកលំបាក​ខ្លួនឯង។

00:46

សម្រង់សំដីរបស់​លោក Dimitri Peskov អ្នកនាំពាក្យ​រដ្ឋាភិបាលរុស្ស៊ី

ទាក់ទិន​នឹងបញ្ហា​តម្លៃប្រេងឡើងថ្លៃនេះដែរ វិបត្តិ​សង្គ្រាម​អ៊ុយក្រែន គឺជា​ប្រភព​នៃការព្រួយ​បារម្ភមួយហើយ ព្រោះវាប៉ះពាល់ដល់នាំចេញប្រេងរបស់​រុស្ស៊ី។ តែទន្ទឹមគ្នានេះ មានការបារម្ភមួយទៀត នៅតំបន់ដើមបូព៌ា គឺការវាយ​ប្រហាររបស់​ក្រុមឧទ្ទាមហ៊ូទីយេមែន ដែលអាចវាយប្រហារបំផ្លាញ​ សមត្ថភាពផលិត​ប្រេង របស់អារ៉ាប៊ីសាអូឌីត។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យ​ម្សិលមិញ ក្រុម​ឧទ្ទាមហ៊ូទី បានវាយ​ប្រហារ បង្កឲ្យខូចខាត​ទីតាំងស្ថានីយ​ផលិត​ប្រេងមួយ​កន្លែង ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត សម្រេច​ចិត្ត​​កាត់បន្ថយ​ការផលិត​ប្រេង នៅស្ថានីយ៍នេះជាបណ្តោះអាសន្នសិន។

ដំណឹងទាំងនេះ បានធ្វើឲ្យ​ទីផ្សារប្រេងជ្រួលច្របល់ ហើយ​តម្លៃបានឡើងជាង​៣%បន្ថែមទៀត។យោងតាមអ្នកវិភាគទីផ្សារប្រេង លទ្ធភាពនៃការវាយ​ប្រហាររបស់​ក្រុមឧទ្ទាមហ៊ូទី មកលើរោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីត ព្រមជាមួយ​លទ្ធភាពនៃការសម្រេចរបស់អឺរ៉ុប បិទផ្លូវមិន​ឲ្យរុស្ស៊ីអាចលក់ប្រេងបាន គឺវានឹងរុញតម្លៃប្រេង ឲ្យកាន់តែឡើងខ្ពស់បន្ថែមទៀត ជាក់ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ