អានតួអត្ថបទ
អឺរ៉ុប-កូវីដ១៩

អង្គការ​សុខភាពពិភពលោក​រិះគន់​អឺរ៉ុប​ថា​លើក​វិធានការ​កូវីដ​លឿន​ជ្រុល

​អឺរ៉ុប​មិន​ទាន់ឆ្លង​ផុត​​​​រលក​ចម្លង​កូវីដ​ទី​៥​​​ទេ ហើយ​​ចំនួន​អ្នកវិជ្ជមាន​កូវីដ​​បាន​ស្ទុះ​ឡើងខ្លាំង​​ជា​ថ្មី​វិញ ជាពិសេស​នៅ​តាម​បណ្តា​ប្រទេ​សជា​ច្រើន​នៅលើ​ទ្វីប​អឺរ៉ុប មាន​អាទិ៍​អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស​...។ ​បើ​តាម​ការ​ថ្ងូច​ថ្ងូរ​របស់​អង្គការ​សុខភាព​ពិភពលោក​។នេះ​បណ្តាល​មក​ពី​អ្នកដឹកនាំ នយោបាយប្រទេស​នីមួយៗ​ សម្រេច​នាំ​គ្នា​ដក​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​លឿន​រហ័ស​ជ្រុលពេក។

ទេសចរ​នៅ​មុខ​សារមន្ទី​រ Louvre ក្រុង​ប៉ារីស។ បារាំង​បាន​លើក​វិធានការ​ លែង​តម្រូវ​ឱ្យ​ពាក់​​​ម៉ាស់ ទាំង​នៅ​ទីវាល​និង​ទី​បិទ​ជិត
ទេសចរ​នៅ​មុខ​សារមន្ទី​រ Louvre ក្រុង​ប៉ារីស។ បារាំង​បាន​លើក​វិធានការ​ លែង​តម្រូវ​ឱ្យ​ពាក់​​​ម៉ាស់ ទាំង​នៅ​ទីវាល​និង​ទី​បិទ​ជិត AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ ក្រោម​ឥទ្ធិពល​នៃ​ការ​បំប្លែង​ខ្លួន​មួយ​ជាន់​ទៀត​របស់​មេរោគ​បំប្លែង​ខ្លួន​អូមីក្រុង ករណី​វិជ្ជមាន​កូវីដ​បាន​ស្ទុះ​ឡើង​ជា​ថ្មី​ក្នុង​១៨​ប្រទេស នៅ​លើ​ទ្វីប​អឺរ៉ុប​ដែល​មាន​សរុប​៥៣​ប្រទេស។ ចំនួន​​អ្នក​ឆ្លង​កូវីដ​ថ្មី​មាន​កំណើន​​​​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង នៅ​ប្រទេស​ អង់គ្លេស អៀរឡង់ ក្រិក ស៊ីប អ៊ីតាលី និង​បារាំង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់ របស់​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក Hans Kluge នៅ​ក្នុង​សន្និសីទ​កាសែត​ពី​ប្រទេស​ម៉ុលដាវី។ មូលហេតុ​​គឺ​បណ្តាល​មក​ពី​បណ្តាប្រទេស​ទាំង​អស់​នេះ លើក​វិធានការ​ប្រឆាំង​កូវីដ​ លឿន​ជ្រុល​ពេក និង​មិន​រក្សា​ទុក​វិធានការ​ការ​ពារ​គ្រប់​គ្រាន់។

ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប កំពុង​តាមដានដោយ​ប្រុងប្រយ័ត្ន​​ស្ថានភាព​ចម្លង​រាត​ត្បាត​កូវីដ​លើ​ទ្វីប​ ប៉ុន្តែ​អង្គការ​នៅ​តែ​មាន​សុទិដ្ឋនិយម​ទេ។

បើ​តាម​ទិន្នន័យ​អង្គការ​សុខភាពពិភពលោក ករណី​ឆ្លង​ថ្មី​នៅអឺរ៉ុប​បាន​ធ្លាក់​ចុះ​ជា​គំហុក​ចាប់​ពី​ចុង​ខែ​មករា​មក ហើយ​គ្រាន់​តែ​លើ​កវិធានការ​វិញ ករណី​វិជ្ជមាន​កូវីដ​ចាប់​ស្ទុះ​ឡើង​វិញតាំងពី​​ដើម​ខែ​មីនាមក ក្រោម​ឥទ្ធិពល​នៃ​មេរោគ​អូមីក្រុង​បំប្លែង​ខ្លួន​​មួយ​ជាន់​ទៀត BA.2 មាន​អំណាច​ចម្លង​ខ្លាំង​ជាង​មេរោគ​បំប្លែង​ខ្លួន​អូមីក្រុង​ដើម BA.1 ដល់​៣០% តែ​មិន​សូវ​កំណាច និង​ខ្សោយ​ជាង​មេរោគ​អូមីក្រុង​ដើមទេ។ ក្នុង​រយៈ​ពេល​៧​ថ្ងៃ ចុងក្រោយ​នេះ អឺរ៉ុប​រាប់ឃើញមា​ន អ្នក​វិជ្ជមាន​ថ្មី ចំនួន​ជាង ​៥,១​លាននាក់​ និង​ស្លាប់​១២៤៩៦ នាក់​ ឬ​ត្រូវ​ជា ១៩៤,៤លាន​នាក់ និង​ស្លាប់​ជិត​១លាន​៩សែន​នាក់ បើ​គិត​តាំង​ពី​កូវីដ​ចាប់​រាត​ត្បាត​ដំបូង​ភ្លាម​មក។

តែ​យ៉ាងណា​ក៏​ដោយ​ ក៏​អ្នក​ជំនាញអង្គការ​សុខភាពពិភពលោក​​អឺរ៉ុប នៅ​តែ​មាន​សុទិដ្ឋនិយម ព្រោះ​មើល​ឃើញ​មាន​ចំណុច​វិជ្ជមាន​​ជាច្រើន​ផ្សេង​ ៖ ប្រជាពលរដ្ឋ​​មាន​ភាព​ស៊ាំ ដោយ​​បាន​ចាក់​ថ្នាំ​បង្ការ​រួច និង​តាម​រយៈ​ការ​ឆ្លង​ឈឺ ក្នុង​​ចំនួន​ភាគ​ច្រើន​ខ្លាំង​ ​ លែង​សូវ​មាន​ការ​ប្រមូល​ផ្តុំ​ក្នុង​ទី​បិទ​ជិតដោយ​រដូវ​រងារ​ឈាន​ដល់​ទី​បញ្ចប់ហើយ​មេឃ​ចាប់​ផ្តើម​ស្រលះ​ល្អ និង​ជា​ចុងក្រោយ អូមីក្រុង កម្រ​ធ្វើ​ឱ្យ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ណាស់។ ​​

នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់អឺរ៉ុប មាន​ជំនឿ​ថា​ អឺរ៉ុប​ត្រូវ​បន្ត​រស់​ជាមួយ​កូវីដ​១៩ មួយ​រយៈ​ទៀត តែ​អឺរ៉ុប​អាច​នឹង​ដោះខ្លួន​ចេញ​ពី​វិបត្តិ​រាតត្បាត​សកល​បាន​ ដោយគ្រាន់​តែ​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ជា​​​​អាទិភាព​បួន​យ៉ាង គឺ ការពារ​ពលរដ្ឋ​ទន់​ខ្សោយ ពង្រឹង​ការតាមដាន​មេរោគ​ ផ្តល់​ថ្នាំ​ប្រឆាំង​កូវីដ​ឱ្យ​ដល់​ប្រទេស​ផ្សេងៗ​ឱ្យ​បាន​កាន់​តែ​ច្រើន និង​ត្រូវ​ដោះបន្ទុក​​ព្យាបា​ល​អ្នក​ជំងឺ​ក្រោយ​កូវីដ​ ឬ​ជំងឺ​កូវីដ​រ៉ាំរ៉ៃ “Covid long"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ