អានតួអត្ថបទ
អាល្លឺម៉ង់-អ៊ីស្រាអែល

សង្រ្គាមអ៊ុយក្រែន៖ រដ្ឋាភិបាល​អាល្លឺម៉ង់​គ្រោងទិញប្រព័ន្ធខែលមីស៊ីល​របស់​អ៊ីស្រាអែល

សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី​នៅអ៊ុយក្រែន​បានជំរុញ​ឲ្យរដ្ឋាភិបាល​អាល្លឺម៉ង់​បង្កើន​ការចំណាយ​លើ​វិស័យកងទ័ព។ នៅថ្ងៃ​អាទិត្យ ទី ២៧ មីនា ប្រធាន​គណៈកម្មការ​ការពារជាតិ នៅ​សភា​អាល្លឺម៉ង់​បាន​បញ្ជាក់​ការចុះផ្សាយ​របស់​កាសែត​អាល្លឺម៉ង់​ដែល​ថា រដ្ឋាភិបាល​អាល្លឺម៉ង់ គ្រោង​នឹង​ទិញប្រព័ន្ធខែលមីស៊ីល​របស់អ៊ីស្រាអែល។

រូបថតនៅឆ្នាំ ២០១៦ បង្ហាញ ប្រព័ន្ធខែលមីស៊ីល​Arrow 3​ របស់អ៊ីស្រាអែល ដាក់​បញ្ឈរនៅជិត​ប្រព័ន្ធខែលមីស៊ីលរបស់​អាមេរិក នៅក្នុង​លំហាត់យោធា​សម្រាប់ទប់ទល់ប្រឆាំង​មីស៊ីល​បាលីស្ទីក
រូបថតនៅឆ្នាំ ២០១៦ បង្ហាញ ប្រព័ន្ធខែលមីស៊ីល​Arrow 3​ របស់អ៊ីស្រាអែល ដាក់​បញ្ឈរនៅជិត​ប្រព័ន្ធខែលមីស៊ីលរបស់​អាមេរិក នៅក្នុង​លំហាត់យោធា​សម្រាប់ទប់ទល់ប្រឆាំង​មីស៊ីល​បាលីស្ទីក AFP - GIL COHEN-MAGEN
ផ្សាយពាណិជ្ជកម្ម

តាមកាសែតប្រចាំថ្ងៃអាល្លឺម៉ង់ Bild រដ្ឋាភិបាល​អាល្លឺម៉ង់​នៅមិនទាន់សម្រេចចិត្តជាផ្លូវការ ប៉ុន្តែ គណបក្សសង្គមប្រជាធិបតេយ្យ​របស់​ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​Olaf Scholz បាន​គាំទ្រឲ្យរដ្ឋាភិបាល​ទិញប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល។

លោក​Andreas Schwarz​សមាជិកគណៈកម្មការថវិកា​របស់សភា មក​ពីគណបក្ស​កាន់អំណាច សង្គមប្រជាធិបតេយ្យ​បាននិយាយប្រាប់​កាសែត​Bildថា  អាល្លឺម៉ង់​ត្រូវ​បង្កើន​ការការពារខ្លួន នៅចំពោះមុខ​ការគំរាមកំហែង​របស់​រុស្ស៊ី និង​ថា ប្រព័ន្ធខែលមីស៊ីល​អ៊ីស្រាអែល ​Arrow 3 ជាដំណោះស្រាយ​ដ៏ល្អប្រសើរ ពីព្រោះ​វាជា​ប្រភេទ​មីស៊ីល​ដែល​កសាងឡើង ជាពិសេស សម្រាប់​បាញ់​បំផ្លាញ មីស៊ីលបាលីស្ទិក មីស៊ីល​ចម្ងាយឆ្ងាយ ដែល​ប្រព័ន្ធខែលមីស៊ីលធម្មតា​គ្មាន​សមត្ថភាព​ចាប់ស្ទាក់​បាន។

ប្រធាន​គណៈកម្មការ​ការពារជាតិ​នៅ​សភាអាល្លឺម៉ង់ លោកស្រី Marie Agnes Stack Zimmeramnn​បានបញ្ជាក់​ទៅ​កាន់​កាសែត​អាល្លឺម៉ង់​មួយទៀត ឈ្មោះ Weltថា ដោយ​មើលទៅ​ការគំរាមកំហែង និង​សព្វាវុធ​ដែល​រុស្ស៊ី កំពុងមានក្នុងដៃ វាជារឿង​សមហេតុផល ដែល​អាល្លឺម៉ង់ត្រូវទិញ​ប្រព័ន្ធ​ខែលមីស៊ីល​របស់អ៊ីស្រាអែល។

តាម​កាសែត​អាល្លឺម៉ង់ Bild ប្រព័ន្ធខែលមីស៊ីល​ដែល​អាល្លឺម៉ង់​ចង់​ទិញពីអ៊ីស្រាអែល មាន​តម្លៃ ជាង ២ពាន់លាន​អឺរ៉ូ និង​អាច​ចាប់ដំណើរការ​ចាប់ពីឆ្នាំ ២០២៥។ យកគំរូតាម​ប្រព័ន្ធការពារ​ដែលអាកាសរបស់​អ៊ីស្រាអែល ឈ្មោះ Iron Dome ដែលមាន​សមត្ថភាព​ទប់ស្កាត់ គ្រាប់រ៉ុកក្កែតរបស់​ពួកហាម៉ាស​ប៉ាឡេស្ទីន អាល្លឺម៉ង់​គ្រោង​នឹង​ដាក់ពង្រាយ​ប្រព័ន្ធខែលមីស៊ីល Arrow 3 នៅ​ទីតាំង​៣​កន្លែង​ក្នុងប្រទេស។ តាម​សមាជិក​គណៈកម្មការ​ថវិកា​នៅសភាអាល្លឺម៉ង់ ប្រព័ន្ធខែលមីស៊ីល​Arrow 3 អាច​មាន​សមត្ថភាពការពារ គ្របដណ្តប់​ប្រទេស​ជិតខាង​របស់​អាល្លឺម៉ង់ ដូចជា​រូម៉ានី ប៉ូឡូញ និង​ក្រុមប្រទេស​ជាប់សមុទ្រ​បាល់ទិក ដែលមានព្រំដែនជាប់រុស្ស៊ី។

បន្ទាប់ពី​ធ្វេសប្រហែល វិនិយោគតិចតួច​ក្នុង​វិស័យកងទ័ព អាល្លឺម៉ង់ បានចាប់ភ្លឺភ្នែក ស្ទុះស្ទា ទៅ​បង្កើន​ថវិកា​កងទ័ពឡើងវិញ នៅក្រោយ​ឃើញ​រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ នៅថ្ងៃទី ២៧​កុម្ភៈ បីថ្ងៃ​ក្រោយ កងទ័ព​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក​Olaf Scholz បាន​ប្រកាស​កញ្ចប់ថវិកា​ដ៏ច្រើនមិនធ្លាប់​មាន ប្រមាណ ១០០​ពាន់លាន​អឺរ៉ូ​សម្រាប់​ធ្វើទំនើបកម្ម ពង្រឹង​វិស័យ​ការពារ​ជាតិ។ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​ផងដែរថា នឹងបង្កើនការចំណាយ​សម្រាប់​វិស័យកងទ័ព​ឲ្យបាន​២%​នៃ​ផលិតផលក្នុងស្រុកសរុប ទៅតាម​គោលដៅ​របស់​អង្គការ​អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ