អានតួអត្ថបទ

ឥណ្ឌានិងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីបណ្តោះអាសន្ន

ប្រទេស​ឥណ្ឌា​និង​អូស្ត្រាលី នៅថ្ងៃសៅរ៍ទី​២មេសានេះ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដោះដូរពាណិជ្ជកម្ម​សេរី បណ្តោះអាសន្នមួយ ដែល​អាច​កាត់​បន្ថយ​ពន្ធ​ពាណិជ្ជកម្ម​រាប់ពាន់លានដុល្លារ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង២​ដែល​ជា​សមាជិក​សម្ព័ន្ធ​ចតុភាគី «Quad» គឺ​ជា​ពង្រឹងទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច និង​អាច​ជា​ការ​បោះ​ជំហាន​ដ៏​ស្តួចស្តើង​ថ្មី​មួយ​ដើម្បី​រួមគ្នា​​​ទប់ទល់​​ជាមួយចិននៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ 

កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នថ្មីរបស់​ឥណ្ឌានិងអូស្ត្រាលីក្នុងឆ្នាំ២០២២
កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នថ្មីរបស់​ឥណ្ឌានិងអូស្ត្រាលីក្នុងឆ្នាំ២០២២ © PTI
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មីមួយ​រវាង​ឥណ្ឌានិងអូស្ត្រាលី ត្រូវបានចុះហត្ថលេខា​ក្នុងពេលដំណាលគ្នានៅទីក្រុងញូវដេលី និងទីក្រុងកង់បេរ៉ា ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង២នៅថ្ងៃសៅរ៍​ទី​២​មេសានេះ។​ ជាកិច្ចព្រមព្រៀងដែលបាន​ចាប់ផ្តើមចរចារជាងមួយទសវត្សរ៍មុន ប៉ុន្តែបានជាប់គាំងនៅក្នុងឆ្នាំ២០១៥​។ ចំពោះ​លោករដ្ឋមន្ត្រី​​ពាណិជ្ជកម្មឥណ្ឌា Piyush Goyal ឥណ្ឌា​និងអូស្ត្រាលីគឺជាដៃគូធម្មជាតិដែលតភ្ជាប់តម្លៃរួមដោយលទ្ធិប្រជាធិបតេយ្យ​ នីតិរដ្ឋ និងតម្លាភាព។

 

ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បណ្តោះអាសន្នថ្មីនេះ ឥណ្ឌានិងអូស្ត្រាលីនឹងអាចចំណេញ​ការបង់ពន្ធពាណិជ្ជកម្ម​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះ​ជាង ៨៥ភាគរយរបស់អូស្ត្រាលីទៅកាន់ប្រទេសឥណ្ឌា។ ឥណ្ឌានិងអូស្ត្រាលី ដែល​មានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌា កាលពីឆ្នាំមុន សម្រេច​បានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំ​ប្រហែល ២៧.៥ពាន់​លានដុល្លារ ​ដោយប្រទេសអូស្ត្រាលីបាន​នាំចេញសាច់ចៀម ធ្យូងថ្ម និងទំនិញផ្សេងទៀត។ ចំណែក​ឥណ្ឌាផ្គត់ផ្គង់ផលិតផលសម្រេចនិងសេវាកម្ម។

វាជាការបោះជំហានដ៏ស្តួចស្តើង​ថ្មីមួយ ដើម្បី​​ទប់ទល់​ជាមួយចិននៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ព្រោះថាឥណ្ឌាគ្រាន់​​ជាដៃគូពាណិជ្ជកម្មធំជាងគេទី៧របស់អូស្ត្រាលីក្នុងឆ្នាំ២០២០ ដែលមានទំហំពាណិជ្ជកម្មត្រឹម​​ជាង ៤ភាគរយនៃការនាំចេញ​។

លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងលោក​​នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នៅថ្ងៃទី​២មេសានេះ បានរួមគ្នា​គូសបញ្ជាក់ពី​ភាពជិតស្និតរវាង​ឥណ្ឌាជាមួយអូស្ត្រាលី​ ដែល​បានធ្វើឡើង តាមរយៈ​ការតភ្ជាប់តម្លៃលទ្ធិប្រជាធិបតេយ្យ។ និងបន្តថា ទំនាក់ទំនងនោះគឺជាការឆ្លុះបញ្ជាក់​ឱ្យឃើញ​ពីការចូលរួម​យុទ្ធសាស្ត្រនៅ​ក្នុងភូមិសាស្ត្រ​កាន់តែស៊ីជម្រៅ តាមរយៈ​ក្របខណ្ឌសម្ព័ន្ធចតុភាគី «Quad » និងគំនិតផ្តួចផ្តើមភាពធន់នៃសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មនានា​។ គួរដឹងថា ឥណ្ឌានិងអូស្ត្រាលីជា​សមាជិក​សម្ព័ន្ធ​ចតុភាគី «Quad» ដែលមាន​​ជប៉ុន និងសហរដ្ឋ​អាមេរិកជាអ្នកផ្តួចផ្តើម​ ដើម្បីប្រជែងឥទ្ធិពលជាមួយ​នឹងចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សូមជម្រាបថា​ ទាំងអូស្រ្តាលីនិងឥណ្ឌា គឺមានបញ្ហារកាំរកូសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា​ជាមួយចិន។ ចិនធ្លាប់មានប្រតិកម្ម​ខឹងសម្បារ​លើអូស្ត្រាលី​ ដែលបានចូលរួម​បង្កើតច្បាប់​ប្រឆាំងប្រតិបត្តិការរារាំងក្រុមហ៊ុនចិន​ Huawei ពីកិច្ចសន្យាបច្ចេកវិទ្យា 5G និងការអំពាវនាវ​ឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃមេរោគកូវីដ១៩។ រីឯ​ជាមួយ​ឥណ្ឌាវិញ ចិនក៏ធ្លាប់ប៉ះទង្គិចផ្នែក​​យោធានៅតាមព្រំដែន​​ខ្លាំងក្លានា​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ