អានតួអត្ថបទ

អង្គការ Oxfam ជំរុញ IMF ឲ្យបោះបង់ចោលនូវលក្ខខណ្ឌតឹងរ៉ឹងនៅក្នុងប្រាក់កម្ចីរបស់ខ្លួន

នៅ​ថ្ងៃ​អង្គារ ទី១៩ មេសា អង្គការ Oxfam ជំរុញ​ឲ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បោះបង់​ចោល​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង​នៅ​ក្នុង​ប្រាក់កម្ចី​របស់​ខ្លួន​ក្នុង​សម័យ​កូវីដ១៩។ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​មើល​ឃើញ​ថា លក្ខខណ្ឌ​តឹងរឹង​ដែល IMF បាន​ដាក់​ទៅ​លើ​ក្រុមប្រទេស​មួយ​ចំនួន ពិសេស​ក្រុមប្រទេស​ក្រីក្រ​ជា​ដើមចម​នៃ​កំណើន​គ្រោះ​អត់ឃ្លាន និង​ភាព​ក្រីក្រ​នៅ​ក្នុង​លោក។ Oxfam បាន​រម្លឹក​ថា កូវីដ១៩ មិន​ទាន់​ចប់​ទេ ហើយ​ក្រុម​ប្រទេស​ក្រីក្រ​ជា​អ្នក​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ។

Oxfam ជំរុញឲ្យ IMF បោះបង់ចោលនូវលក្ខខណ្ឌតឹងរ៉ឹងនៅក្នុងប្រាក់កម្ចីរបស់ខ្លួន។
Oxfam ជំរុញឲ្យ IMF បោះបង់ចោលនូវលក្ខខណ្ឌតឹងរ៉ឹងនៅក្នុងប្រាក់កម្ចីរបស់ខ្លួន។ © REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

អង្គការ Oxfam បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា នៅ​ក្នុង​កម្មវិធី​ប្រាក់កម្ចី​របស់ IMF ទាំង ១៧កម្មវិធី​ដែល​បាន​ចរចា​ក្នុង​ឆ្នាំ​ទី២ នៃ​សម័យ​កូវីដ១៩ មាន ១៣កម្មវិធី​ត្រូវ​បាន IMF ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​ចំនួន ដូច​ជា​តម្រូវ​ឲ្យ​ដំឡើង​ពន្ធ​លើ​ស្បៀងអាហារ ប្រេងសាំង ឬ​មួយ​ក៏​កាត់​បន្ថយ​ការ​ចំណាយ​សាធារណៈ។ តែ Oxfam មិន​ភ្លេច​រម្លឹក​ទេ​ថា​ក្នុង​ឆ្នាំ ២០២០ មាន​ប្រាក់​រាប់ពាន់​លានដុល្លារ​ត្រូវ​បាន IMF ផ្តល់​បន្ទាន់​ឲ្យ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្ចី​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩​ដោយ​បាន​ដាក់​លក្ខខណ្ឌ​តិចតួច ឬ​គ្មាន​លក្ខខណ្ឌ​សោះ​តែ​ម្តង។

Oxfam បាន​បន្ថែម​ថា​ថ្មីៗ​នេះ​ទៀត អគ្គនាយិកា IMF ក៏​បាន​ជំរុញ​អឺរ៉ុប​កុំ​ឲ្យ​ចាត់​វិធានការ​សេដ្ឋកិច្ច​តឹងតែង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការ​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ។ តែ​ស្រាប់​នៅ​ឆ្នាំ ២០២០ IMF បែរ​ជា​ត្រឡប់​ទៅ​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​លើ​ក្រុមប្រទេស​ដែល​មាន​ចំណូល​តិច ឬ​ក្រុម​ប្រទេស​ក្រីក្រ​​ទៅ​វិញ នេះ​ជា​ការ​មើល​ឃើញ​របស់ Oxfam។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​ទីប្រឹក្សា​នយោបាយ Oxfam លោក​ណាប៊ីល អាប់ដូ​យល់​ថា IMF មាន​ស្តង់ដារ​ពីរ។ តាម​ទីប្រឹក្សា​នយោបាយ Oxfam រូប​នេះ​ដដែល វិបត្តិ​កូវីដ១៩ មិន​ទាន់​ចប់​ទេ ហើយ​ក្រុម​ប្រទេស​ក្រីក្រ​ជា​អ្នក​ប្រឈម​ខ្លាំង​ជាង​គេ​នឹង​ការ​ឡើង​ថ្លៃ​ថាមពល និង​ស្បៀងអាហារ។

នៅ​ក្នុង​ន័យ​នេះ លោក​ណាប៊ីល អាប់ដូ​បាន​ជំរុញ​ឲ្យ IMF ព្យួរ​លក្ខខណ្ឌ​តឹងរ៉ឹង​សម្រាប់​ប្រាក់កម្ចី​ដែល​បាន​ផ្តល់​រួច​ហើយ និង​បង្កើន​បន្ថែម​នូវ​ប្រាក់កម្ចី​បន្ទាន់។ ទន្ទឹម​គ្នា​នេះ លោក​ណាប៊ីល អាប់ដូ​ក៏​បាន​ស្នើ​ឲ្យ IMF ចូលរួម​លើក​ទឹកចិត្ត​បណ្តា​ប្រទេស​ឲ្យ​ដំឡើង​ពន្ធ​លើ​អ្នកមាន​ខ្លាំង និង​រោងចក្រសហគ្រាស​ដើម្បី​កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង​សង្គម​ផង និង​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ