អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-សេដ្ឋកិច្ច

IMF/FMI ៖ ចំណូល​ដុល​ក្នុងស្រុក​រុស្ស៊ី នឹង​ធ្លាក់ចុះ ​៨,៥% ចំណែក​អ៊ុយក្រែន ​អាច​ធ្លាក់ចុះ​៣៥%

ចំណូលដុលក្នុងស្រុក របស់រុស្ស៊ី អាចនឹងធ្លាក់ចុះ ចំនួន​ ៨,៥% ក្នុងឆ្នាំ​២០២២នេះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច។ ចំណែក អ៊ុយក្រែនវិញ ចំណូលដុលក្នុងស្រុក អាចនឹងធ្លាក់យ៉ាងគំហុក ប្រមាណជា​៣៥%។ នេះបើផ្អែក​តាមការព្យាករណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចេញ​ផ្សាយ​កាលពីថ្ងៃអង្គារទី​១៩មេសា។ ស្ថាប័ននេះ បាន​ទាញសញ្ញាអាសន្នផងដែរ ថាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងតែគំរាមស្ថិរភាព​ទីផ្សារហិរញ្ញវត្ថុពិភពលោកទាំងមូល​តែម្តង។

Sergei អាយុ១១ឆ្នាំ កំពុងឈររងចាំ ចូលទៅយកជំនួយស្បៀងអាហារ ផ្តល់​ឲ្យ​ដោយ​អង្គការមនុស្សធម៌ នៅតំបន់ប៊ូតឆា ជាយទីក្រុងកៀវ ថ្ងៃទី ១៩ មេសា ២០២២
Sergei អាយុ១១ឆ្នាំ កំពុងឈររងចាំ ចូលទៅយកជំនួយស្បៀងអាហារ ផ្តល់​ឲ្យ​ដោយ​អង្គការមនុស្សធម៌ នៅតំបន់ប៊ូតឆា ជាយទីក្រុងកៀវ ថ្ងៃទី ១៩ មេសា ២០២២ AP - Emilio Morenatti
ផ្សាយពាណិជ្ជកម្ម

មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើង អំពីការលំបាកក្នុងការព្យាករណ៍ ទាក់ទិននឹងសេដ្ឋកិច្ចអ៊ុយក្រែន ដោយសារតែគ្មាន​ទិន្នន័យច្បាស់លាស់ ស្តីអំពី​ការខូចខាតទាំងឡាយ ក្នុងវិស័យសេដ្ឋកិច្ច។ តែយ៉ាងណា ស្ថាប័ននេះអះអាងថា សេដ្ឋកិច្ចអ៊ុយក្រែន ក្នុងឆ្នាំ​២០២២ អាចនឹងធ្លាក់ចុះខ្លាំងណាស់ ពោលគឺយ៉ាងហោច ​៣៥% បើប្រៀបធៀបទៅឆ្នាំ​មុន។

សង្រ្គាម មិនត្រឹមតែបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សំណង់ អាគារ ផ្លូវស្ពាន គ្រប់សព្វនោះទេ តែវាបានកំចាយ​ធនធានមនុស្ស ប្រជាជនជាច្រើនលាននាក់ រត់ភៀសខ្លួនចេញទៅក្រៅប្រទេស។ កត្តាទាំងនេះ នឹងវាយ​បំបាក់សរសរទ្រូងសេដ្ឋកិច្ច របស់អ៊ុយក្រែន ក្នុង​រយៈពេលច្រើនឆ្នាំ ទម្រាំអាចត្រលប់​មករកស្ថិរភាពភាព។ នេះបើផ្អែកតាម​អ្នកជំនាញ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

ដោយឡែក ទាក់ទិននឹងសេដ្ឋកិច្ចរុស្ស៊ីវិញ ស្ថាប័ននេះ បានព្យាករណ៍ថា នឹងធ្លាក់ចុះប្រមាណ​៨,៥% ក្នុងឆ្នាំ​២០២២។ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច ស្ថាប័នហិរញ្ញវត្ថុ និងធនាគាររុស្ស៊ី មួយចំនួនធំ ត្រូវបានគេហាមឃាត់ មិនឲ្យធ្វើប្រតិបត្តិការធនាគារ​។ ទន្ទឹមគ្នានេះ ធនាគារកណ្តាលរបស់រុស្ស៊ី ក៏ត្រូវគេហាមឃាត់ មិនឲ្យ​ប្រើប្រាស់​មូលធនរបស់ខ្លួន ដែលមាននៅបរទេស។

ថ្វីបើប្រាក់រូប្ល របស់រុស្ស៊ី  ដែលបានធ្លាក់ថ្លៃដល់ទៅ​​៦០%  ហើយពេលនេះ ​បានកើនតម្លៃមកវិញ ប្រហាក់ប្រហែលនឹង​មុនពេលសង្គ្រាមពិតមែន តែអ្នកជំនាញជឿថា សេដ្ឋកិច្ចរុស្ស៊ីនៅតែទន់ខ្សោយខ្លាំងណាស់។ វិស័យឧស្សាហកម្មរុស្ស៊ី កំពុងតែជួប​ការលំបាកជាខ្លាំង បន្ទាប់ពីក្រុមហ៊ុនអន្តរជាតិធំៗ​ បានសម្រេចដកខ្លួនចេញជាបន្តបន្ទាប់ ពីទីផ្សាររុស្ស៊ី ជាក់ស្តែងក្នុងវិស័យផលិត​រថយន្ត វិស័យយន្តហោះ វិស័យបច្ចេកវិទ្យា និង​កសិកម្មផងដែរ។ ទំហំប៉ះពាល់ផ្នែកសេដ្ឋកិច្ចរុស្ស៊ី អាចនឹងកាន់តែមានធំ ប្រសិនបើប្រទេសខ្លះ ​ដូចជាអាល្លឺម៉ង់ជាដើម សម្រេចចិត្តឈប់ទិញទំនិញថាមពល​របស់រុស្ស៊ី នៅពេលខាងមុខ។

ក្រៅពីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ បានទាញសញ្ញាអាសន្នផងដែរ អំពីផលប៉ះពាល់ដោយផ្ទាល់ និ​ងដោយ​ប្រយោលខ្លះ មកលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ទីផ្សារទំនិញវត្ថុធាតុដើម អាចនឹងរង្គោះរង្គើរខ្លាំង បូកបន្ថែមជាមួយ​ការលំបាក​ក្នុងការរកមូលធន​មកវិនិយោគ លើទីផ្សារខ្លះ រួមជាមួយនឹងការព្រួយបារម្ភអំពី​ការវាយប្រហារតាម​ប្រព័ន្ធបច្ចេកវិទ្យាថែមទៀត។ ផលប៉ះពាល់ទាំងនេះ អាចជំរុញ ឲ្យតម្លៃវត្ថុធាតុដើម ទំនិញស្បៀងអាហារកាន់តែឡើងថ្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ