អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែន​បានទទួលយន្តហោះ​ចម្បាំង មក​ពង្រឹង​កម្លាំងយោធា​ជើង​អាកាស

បន្ទាប់​ពី​បាន​ទទូច​សុំ​អស់​ជា​ច្រើន​ថ្ងៃ​ខែ នៅទីបំផុត អ៊ុយក្រែន​បាន​ទទួល​នូវ​ជំនួយ​ជា​យន្តហោះ​ចម្បាំង ព្រមទាំង​គ្រឿង​បន្លាស់​ជា​ច្រើន​ផ្សេង​ទៀត មក​ពង្រឹង​កងកម្លាំង​យោធា​ជើង​អាកាស​របស់​ខ្លួន។ នេះ​បើ​តាម​ការគូសបញ្ជាក់​របស់​​អ្នក​នាំពាក្យ​ក្រសួងការពារ​ជាតិ​អាមេរិក លោក​  John Kirby កាលពី​នៅ​ថ្ងៃ​អង្គារ​ទី ១៩​មេសា ដែល​បដិសេធ​មិន​បញ្ជាក់​អំពី​ប្រភេទ ចំនួន និងប្រភព​ម្ចាស់​ជំនួយ​ទេ។

យន្តហោះចម្បាំងប្រភេទ​ Su-27 របស់​អ៊ុយក្រែន (រូបតំណាង)
យន្តហោះចម្បាំងប្រភេទ​ Su-27 របស់​អ៊ុយក្រែន (រូបតំណាង) © Mikhail Palinchak/AP
ផ្សាយពាណិជ្ជកម្ម

តាំងពីរុស្ស៊ី​បើក​ប្រតិបត្តិការ​ចូលឈ្លានពាន​អ៊ុយក្រែន​ភ្លាម ក្រុមលោក​ខាង​លិច​តែង​​បដិសេធរហូតមក មិន​ទទួល​សំណើ​ ​ទទូចសុំ​​យន្តហោះ​ចម្បាំង​របស់​លោក​ប្រធានាធិបតី ហ្សេឡេនស្គីទេ។ តែ​ពេល​នេះ ​យន្តហោះចម្បាំង និង​គ្រឿង​បន្លាស់​ បាន​ទៅ​ដល់​ដៃ​យោធា​អ៊ុយក្រែន​ហើយ សម្រាប់​បង្កើន​សមត្ថភាព​យោធា​។ ជា​យន្តហោះ​បន្ថែម និង​ជា​គ្រឿង​បន្លាស់​សម្រាប់​យក​ទៅជួសជុល​យន្តហោះចាស់ៗ​ផ្សេង​ទៀត​ ឱ្យ​ដំណើរការ​បាន​ច្រើន​ជាង​មុខ។ “ខ្ញុំ​អាច​និយាយ​បានតែ​ត្រឹមនេះ និង​មិនអាច​ប្រាប់ឈ្មោះ​ម្ចាស់​ជំនួយ ឬ​ប្រភេទ​យន្តហោះ​បាន​ឡើយ”។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក ដោយ​សង្កត់​ធ្ងន់ថា សហរដ្ឋ​អាមេរិក​ ដែល​មិន​ចង់​ជាប់​ឈ្មោះ​ជា​ប្រទេស​បំបះបំបោរ​ឱ្យ​មានជម្លោះ​អ៊ុយក្រែន ​បាន​សម្រួល​ការ​បញ្ជូន​គ្រឿង​បន្លាស់​ទៅ​កាន់ទឹកដី​អ៊ុយក្រែន ប៉ុន្តែ​មិន បានបញ្ជូន​យន្តហោះ​ទៅ​ឱ្យអ៊ុយក្រែន​ទេ​។

មិន​ប្រាប់​អំពីប្រភេទ​ មិនបញ្ចេញ​ឈ្មោះ​ប្រទេស​ម្ចាស់​ជំនួយ​មែន ប៉ុន្តែ​អ៊ុយក្រែន​ទំនង​ជា​បាន​ទទួលនូវ​យន្តហោះ​ផលិត​ដោយ​សហភាព​សូវៀត ដែល​ទាហានអ៊ុយក្រែន​ចេះ​ប្រើ​ស្រាប់។ ពោល​គឺ​អាច​ជា​យន្តហោះចម្បាំង​ប្រភេទ Mig-29 ​ដែលមាន​ស្រាប់​នៅក្នុង​​បណ្តា​ប្រទេស​មួយក្តាប់​តូច​នៅ​អឺរ៉ុប​ខាង​កើត​ និង​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​ធ្លាប់​ទទូចចង់បាន។ ហើយ​ អាច​ជា​ការបញ្ជូន​យន្តហោះសំណល់​រុស្ស៊ីពី​​ប៉ូឡូញ​ទៅ​ក្រុង​កៀវ ព្រោះ​មន្ទីរ​បញ្ចកោណ​​ធ្លាប់​ពិភាក្សា​អំពី​ចំណុចនេះ​ តាំង​ពីដើម​មីនា​មក តែ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បដិសេធ ខ្លាច​ក្រែង​រុស្ស៊ី​ខឹង​និងយល់​ថា​អូតង់​លូក​ដៃ​ ​ចូល​ក្នុង​វិបត្តិត្រង់ៗ​ពេក។

កាលពី​សប្តាហ៍​មុន មូស្គូ បានព្រមាន​សហរដ្ឋអាមេរិកជា​ថ្មី​​​ ថា​​ការ​បញ្ជូនអាវុធ​រសើបៗ​ទៅ​ឱ្យ​អ៊ុយក្រែន អាច​នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ មើល​មិន​ឃើញ ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​និង​អន្តរជាតិ។

បើ​តាម​ដំណឹង​​ក្នុង​​សារព័ត៌មាន​ សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​រៀប​ចំ​បញ្ជូន​ជំនួយ​យោធា​មួយ​វគ្គ​ថ្មី​ទៀត។ លោក ប្រធានាធិបតី ចូ បៃដិន ក៏​បាន​បញ្ជាក់​រួច​ហើយ​ដែរ អំពី​គម្រោង​បញ្ជូន​កាំភ្លើងធំ​ទៅ​ឱ្យ​អ៊ុយក្រែនឱ្យ​បាន​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ