អានតួអត្ថបទ
បារាំង

លោកម៉ាក្រុងស្បថចូលកាន់តំណែង​ប្រធានាធិបតីបារាំង សម្រាប់​អាណត្តិ​៥ឆ្នាំតទៅ​ទៀត

នៅប្រទេស​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ស្បថ ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​មួយអាណត្តិទៀត។ នៅក្នុង​ពិធី​ស្បថចូលកាន់តំណែង នៅវិមាន​ប្រធានាធិបតី នៅថ្ងៃ​សៅរ៍នេះ មានការចូលរួម​ពី​ឥស្សរជននយោបាយជាន់ខ្ពស់​របស់​បារាំង ដែលក្នុងនោះមានផងដែរ អតីតប្រធានាធិបតី​បារាំង ដូចជា​លោក​ហ្វ្រង់ស័រហូឡង់ និង​លោក​នីកូឡា សាកូហ្ស៊ី។ សម្រាប់​អាណត្តិ​៥ឆ្នាំ ខាងមុខ លោកប្រធានាធិបតី​ម៉ាក្រុង​នឹង​អាច​ប្រឈម ជួប​ឧបសគ្គ​ច្រើន ក្នុងដឹកនាំប្រទេស ជាពិសេស ក្នុងករណី​ដែល​គណបក្ស​របស់លោក​មិនអាច​ទទួល​ជ័យជំនះលើសលុប នៅក្នុងការបោះឆ្នោតសភា នៅ​ខែ​មិថុនា​ខាងមុខ។ គ្មានសំឡេង​ភាគច្រើន នៅ​រដ្ឋសភា លោកម៉ាក្រុង​ត្រូវ​បង្ខំចិត្ត​បង្កើតរដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រឆាំង។

លោកម៉ាក្រុង​ស្បថចូលកាន់តំណែង​ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២នៅថ្ងៃសៅរ៍ទី ៧មិថុនា ២០២២
លោកម៉ាក្រុង​ស្បថចូលកាន់តំណែង​ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២នៅថ្ងៃសៅរ៍ទី ៧មិថុនា ២០២២ © REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ពិធីស្បថចូលកាន់តំណែង​ប្រធានាធិបតី​បារាំង​អាណត្តិទី ២ វិមាន​ប្រធានាធិបតីបារាំង​បាន​រៀបចំ​កម្មវិធីតូច មិនសូវអធិកអធម ដូច​កាលពី​៥ឆ្នាំមុន។ នៅ​វិមាន​ប្រធានាធិបតី លោកអេម៉ានុយអែល​ម៉ាក្រុង​បាន​ស្បថចូលកាន់តំណែង​ប្រធានាធិបតី បារាំង សម្រាប់អាណត្តិ​ទី ២ នៅក្រោម​ក្រសែភ្នែក​របស់​អតីតប្រធានាធិបតីបារាំង អតីតនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី ក្រុមគ្រូពេទ្យ កងទ័ព និង​អ្នកតំណាង​អង្គការ​សមាគម សរុប​ជាង​៤៥០នាក់។

ថ្លែងនៅក្នុង​ពិធីស្បថចូលកាន់តំណែង​នៅថ្ងៃ​សៅរ៍នេះ លោកម៉ាក្រុង​បាន​និយាយសន្យា​ដឹកនាំ​ប្រទេស​បារាំង ដោយប្រើ​វិធីសាស្រ្តថ្មី តាមរយៈ​ការរៀបចំ​ការធ្វើ​កំណែទម្រង់ ដោយ​មានការចូលរួម​ពី​ប្រជាជន​បារាំង។ លោកម៉ាក្រុង​បានសន្យា​ផងដែរថា នឹងប្រែក្លាយ​ប្រទេស​បារាំង​ឲ្យ​ខ្លាំងពូកែ ឲ្យក្លាយជាទីកន្លែង​ដែលគេអាចរស់នៅបាន។

លោក​អេម៉ានុយអែល ម៉ាក្រុង ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី នៅថ្ងៃ​សៅរ៍នេះមែន ប៉ុន្តែ អាណត្តិប្រធានាធិបតី​របស់លោក​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ សប្តាហ៍ក្រោយ ពោល​គឺចប់អាណត្តិរដ្ឋាភិបាល​ចាស់ នៅថ្ងៃ​ទី ១៣​ឧសភា។

មួយវិញទៀត ទោះ​អាណត្តិ​ដឹកនាំ​របស់​លោក​ម៉ាក្រុង​នឹងចាប់ផ្តើម​នៅ​សប្តាហ៍​ថ្មី ប៉ុន្តែ គេ​នៅមិនទាន់​ច្បាស់ថា បារាំង នឹង​មាន​រដ្ឋាភិបាល​ថ្មីភ្លាមៗដែរ ព្រោះថា រហូតមកដល់​ពេលនេះ លោក​ម៉ាក្រុង នៅមិនទាន់​បង្ហាញ​ឈ្មោះ បេក្ខជន​ដែលលោក​ត្រូវ​ជ្រើសរើស​ជា​នាយករដ្ឋមន្រ្តី សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មីនៅ​ឡើយទេ។

ទោះ​ឈ្នះ​ដាច់មុខ​គូប្រកួតប្រជែង​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល នៅក្នុង​អំឡុងបោះឆ្នោត​ប្រធានាធិបតី ប៉ុន្តែ លោកម៉ាក្រុង កំពុងប្រឈម​នឹង​ការរៀបចំ​បង្កើតរដ្ឋាភិបាលចម្រុះ ជាមួយ​គណបក្ស​ប្រឆាំង នៅក្នុងករណី​ដែល​គណបក្ស​របស់​លោកមិនអាចទទួលជ័យជំនះ នៅក្នុង​ការបោះឆ្នោតជ្រើសរើស​សមាជិកសភា នៅ​ខែ​មិថុនា​ខាងមុខ។ គេ​វាយតម្លៃថា គណបក្ស​ឆ្វេងនិយមជ្រុល​ដែលកំពុង ដើរបញ្ចុះបញ្ចូល បង្រួបបង្រួម​ជាមួយគណបក្ស​ធំៗ​ដូចជា គណបក្ស​ឆ្វេងនិយម PS និង គណបក្ស​បរិស្ថាន គណបក្ស​កុម្មុយនិស្ត ជាដើមនោះ នឹងអាច​ទទួល​បាន​សំឡេង​ភាគច្រើន នៅក្នុង​ការបោះឆ្នោតសភា បារាំង ហើយនិងអាច​មាន​សិទ្ធិ​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ គណបក្ស​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ