អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

អ៊ុយក្រែន​អះអាងថា បាន​បាញ់​ពន្លិច​នាវាចម្បាំង​មួយគ្រឿង​របស់​រុស្ស៊ី

អ៊ុយក្រែន​បាន​បង្ហាញមោទនភាព​របស់ខ្លួន នៅបន្ទាប់ពីបាន​ពន្លិច​នាវាចម្បាំង​មួយគ្រឿង​របស់​រុស្ស៊ី នៅក្នុង​សមុទ្រខ្មៅ។ ជាមួយ​វីដេអូបង្ហោះផ្សាយ​នៅលើ​បណ្តាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃ​សៅរ៍ទី ៧ឧសភា កងទ័ពជើងទឹក​អ៊ុយក្រែន បាន​អះអាងថា គេ​បាន​បាញ់​ពន្លិច​នាវាចម្បាំង និង​បំផ្លាញ ប្រព័ន្ធមីស៊ីល​ការពារ​ដែនអាកាស​ដែល​រុស្ស៊ី​កំពុង​ដឹកយកទៅ​បំពាក់​ឲ្យកោះពស់ ដែល​កងទ័ពរុស្ស៊ីវាយដណ្តើម ចូលគ្រប់គ្រង​តាំងពីគ្រាដំបូង​នៃ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

រូបភាពផ្កាយរណប​របស់​ Planet Labs PBC បង្ហាញ​ផ្សែងខ្មៅ​ចេញពី​កន្លែង​ដែល​អ៊ុយក្រែនអះអាងថា ជាទីតាំង​របស់​ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​របស់​រុស្ស៊ី នៅលើ​កោះពស់ នៅសមុទ្រ​ខ្មៅ ដែល​រងការបាញ់បំផ្លាញ​របស់​យន្តហោះដ្រូន​របស់​អ៊ុយក្រែន កាលពីថ្ងៃទី ៦​ឧសភា​២០២២
រូបភាពផ្កាយរណប​របស់​ Planet Labs PBC បង្ហាញ​ផ្សែងខ្មៅ​ចេញពី​កន្លែង​ដែល​អ៊ុយក្រែនអះអាងថា ជាទីតាំង​របស់​ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​របស់​រុស្ស៊ី នៅលើ​កោះពស់ នៅសមុទ្រ​ខ្មៅ ដែល​រងការបាញ់បំផ្លាញ​របស់​យន្តហោះដ្រូន​របស់​អ៊ុយក្រែន កាលពីថ្ងៃទី ៦​ឧសភា​២០២២ AP
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អ៊ុយក្រែន​មានមោទនភាព ដែល​បាន​បាញ់​បំផ្លាញទីតាំង​យោធា​របស់​កងទ័ពរុស្ស៊ី។ តាម​ក្រសួងការពារជាតិ​អ៊ុយក្រែន គេ​បាន​ប្រើ​យន្តហោះដ្រូន ទៅ​បាន​បាញ់ពន្លិច នាវាចម្បាំងមួយគ្រឿង ដែលចតនៅ​កំពង់ផែ​កោះពស់ ក្នុង​សមុទ្រខ្មៅ។ តាម​កងទ័ពជើងទឹក​អ៊ុយក្រែន យន្តហោះដ្រូន ដែលផលិតឡើង​នៅ​ប្រទេស​តួកគី បានបាញ់បំផ្លាញផងដែរ ប្រព័ន្ធមីស៊ីល​ការពារ​ដែនអាកាស​របស់​រុស្ស៊ី នៅលើ​កោះពស់។

កោះពស់ ក្នុងសមុទ្រ​ខ្មៅ ជានិមិត្តរូប​នៃ​ការតស៊ូប្រយុទ្ធ មិនចុះចាញ់​របស់​កងទ័ព​អ៊ុយក្រែន ព្រោះថា នៅដើមដំបូង​នៃ​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី កាលពី​ចុងខែ​កុម្ភៈ កងទ័ព​អ៊ុយក្រែន ​ដែល​ប្រចាំការនៅលើ​កោះពស់ ធ្លាប់​បាន​បដិសេធ មិនព្រម​ទម្លាក់អាវុធ ​តាម​ការដាក់ឱសានវាទ​របស់​រុស្ស៊ី។ នៅទីបំផុត កងទ័ពរុស្ស៊ី​បាន​វាយសង្រ្គប់ ចូល​គ្រប់គ្រង​កោះពស់ និង​ចាប់ទាហាន​អ៊ុយក្រែន ទាំងនោះជា​ចំណាប់ខ្មាំង។ ពួកគេ​ត្រូវ​បាន​ដោះលែងមកវិញ បន្ទាប់ពី​អ៊ុយក្រែន​សុខចិត្តដោះលែង​ទាហានឈ្លើយសឹករុស្ស៊ី។

នៅ​សារទ្វីតធ័រ​កាលពីថ្ងៃ​សៅរ៍ ក្រសួងការពារ​ជាតិ​អ៊ុយក្រែន​បាន​សរសេរ​ចំអក​ដាក់រុស្ស៊ីថា នៅឆ្នាំនេះ នាវាចម្បាំង​រុស្ស៊ី​ដែលប្រចាំការ​នៅកោះពស់​នឹង​ចូលរួម​អបអរ​ បុណ្យជ័យជំនះ​ថ្ងៃទី ៩​ឧសភា ​តាំងពីបាតសមុទ្រ។ មានប្រវែង ២៦ម៉ែត្រ នាវាចម្បាំង ឈ្មោះ Serna​ដែល កងទ័ព​អ៊ុយក្រែនអះអាងថា បាន​បាញ់​ពន្លិច កាលពី​ថ្ងៃ​ម្សិលមិញ មាន​នាទី​ដឹកជញ្ជូន​កងទ័ព និង គ្រឿងសព្វាវុធ ទៅដាក់​នៅលើ​កោះពស់។ នៅដើមខែ​នេះ កងទ័ពអ៊ុយក្រែន​បានប្រកាស​ដែរ​ថា ​បាន​បាញ់​ពន្លិច​កប៉ាល់ល្បាត​ពីរគ្រឿង​របស់​រុស្ស៊ី នៅ​ក្បែរ​កោះពស់។

នៅក្រោយ​ការចុះផ្សាយ​របស់​កងទ័ពអ៊ុយក្រែន ភាគីរុស្ស៊ីនៅមិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ។ នៅពាក់កណ្តាល​ខែ​មេសា រុស្ស៊ី​ធ្លាប់បាន​បាត់បង់​នាវាចម្បាំង​យុទ្ធសាស្រ្ត​របស់ខ្លួន នៅ​សមុទ្រ​ខ្មៅ។ តាម​អាមេរិក និងកងទ័ពអ៊ុយក្រែន គឺមីស៊ីល​របស់​អ៊ុយក្រែនដែលបាន​បាញ់​ពន្លិច​នាវាចម្បាំង Moskva ប៉ុន្តែ ម៉ូស្គូវិញ​បាន​លើកមូលហេតុថា គឺអគ្គិភ័យ ​នៅ​កន្លែង​ស្តុកអាវុធ ដែល​ធ្វើ​ឲ្យនាវាចម្បាំង​ឆេះលិចក្នុងសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ