អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សភាហ្វាំងឡង់បោះឆ្នោត​ក្នុងសំឡេង ៩៥% គាំទ្រ​ឲ្យ​សុំចូលបក្សសម្ព័ន្ធអូតង់

សមាជិកសភា​ហ្វាំងឡង់ បាន​បោះឆ្នោត កាលពីថ្ងៃ​អង្គារ ក្នុងសំឡេង​ភាគច្រើនលើសលុប រហូតដល់ទៅជាង ៩៥% គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ដាក់បេក្ខភាព​ជាផ្លូវការ សុំចូល​ជា​សមាជិក​បក្សសម្ព័ន្ធអូតង់។ ប្រធានាធិបតី​ហ្វាំងឡង់ រួមជាមួយនឹង​នាយករដ្ឋមន្រ្តី​ស៊ុយអែត នឹង​ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បី​ជួប​​លោក​បៃដិន នៅថ្ងៃព្រហស្បតិ៍ ដើម្បី​ជជែក​ការសុំចូលអូតង់នេះ។

នាយករដ្ឋម​ន្រ្តី​ហ្វាំងឡង់ នៅ​ក្នុងកិច្ចប្រជុំសភា ដើម្បី​បោះឆ្នោត​អ​នុម័ត​លើ​ការសុំចូល​ជាសមាជិកអូតង់ កាល​ពីថ្ងៃអង្គារ ១៧ ឧសភា ២០២២
នាយករដ្ឋម​ន្រ្តី​ហ្វាំងឡង់ នៅ​ក្នុងកិច្ចប្រជុំសភា ដើម្បី​បោះឆ្នោត​អ​នុម័ត​លើ​ការសុំចូល​ជាសមាជិកអូតង់ កាល​ពីថ្ងៃអង្គារ ១៧ ឧសភា ២០២២ AP - Emmi Korhonen
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​សមាជិកសភា​ហ្វាំងឡង់​ ១៩៦រូប ដែល​មាន​វត្តមាន នៅ​ក្នុង​ការ​បោះឆ្នោត នៅថ្ងៃ​អង្គារ​នេះ មានតែ ៨រូបប៉ុណ្ណោះ ដែល​បោះឆ្នោត​ជំទាស់ ចំណែក ១៨៨នាក់​ផ្សេងទៀត បោះឆ្នោត​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​បេក្ខភាពជាផ្លូវការ ដើម្បី​សុំ​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់។

ក្រោយ​ការបោះឆ្នោតនៅសភា​នេះ រដ្ឋមន្រ្តី​ការបរទេស​ហ្វាំងឡង់​ក៏​បាន​ឲ្យដឹង អំពី​ការ​​រៀបចំ​លិខិត​ផ្លូវការ​មួយ​ភ្លាមៗ ដើម្បី​បញ្ជូន​បេក្ខភាព​​ទៅ​ឲ្យ​អូតង់ ពោលគឺ បញ្ជូន​បេក្ខភាព​ព្រមពេលជាមួយគ្នា​​នឹង​ប្រទេស​ស៊ុយអែត ដែលទើបនឹង​បាន​ចុះហត្ថលេខា​លើការដាក់​បេក្ខភាព​ជាផ្លូវការ​មួយផងដែរ នៅថ្ងៃ​អង្គារ​នេះ ក្រោយ​ពី​មាន​ការ​អនុម័ត​យល់ព្រម​ពី​សភា កាល​ពីថ្ងៃ​ចន្ទ។

បើ​យោងតាមប្រមុខរដ្ឋាភិបាល​​ស៊ុយអែត ​លោកស្រី ម៉ាក់ដាឡេណា អាន់ឌែរសុន ស៊ុយអែត និង​ហ្វាំងឡង់ នឹង​បញ្ជូនលិខិត​ផ្លូវការ​ព្រមគ្នា​ ទៅ​កាន់ទីស្នាក់ការ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល នៅថ្ងៃពុធ​នេះ។ ហើយមួយថ្ងៃក្រោយ​មកទៀត គឺ​នៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​ស៊ុយអែត រួមជាមួយនឹង​ប្រធានាធិបតី​ហ្វាំងឡង់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​លោក​ចូ បៃដិន។ ​បើ​យោងតាម​អ្នក​នាំពាក្យ​សេតវិមាន នៅ​ក្នុង​ជំនួប​ជាមួយ​ប្រមុខដឹកនាំ​ហ្វាំងឡង់ និង​ស៊ុយអែត​នេះ លោក​ប្រធានាធិបតី​អាមេរិក​​នឹង​ជជែក​អំពី​បេក្ខភាព​របស់​ប្រទេស​ទាំងពីរ នៅ​ក្នុង​បក្សសម្ព័ន្ធអូតង់​ផង ហើយ​ក៏​ជជែក​ផងដែរ អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ដូចជា អំពី​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ជា​លក្ខណៈ​ទូទៅ។

គិតមកទល់នឹងពេលនេះ ក្រោយ​ពេល​ដែល​ហ្វាំងឡង់ និង​ស៊ុយអែត បង្ហាញ​ជំហរផ្លូវការ​​ចង់​ចូល​ជា​សមាជិក​អូតង់ ក្តីបារម្ភ​ចម្បង គឺ​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ ដែល​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​ពី​សំណាក់​រុស្ស៊ី នៅ​ក្នុង​សម័យអន្តរកាល គឺ​ចាប់​ពី​ពេល​​ដាក់បេក្ខភាព រហូត​ទៅដល់​ពេល​បាន​ចូល​ជា​សមាជិក ហើយ​ទទួល​បាន​ការ​ការពារយ៉ាងពេញលេញ ពី​សំណាក់អូតង់។

នៅ​ក្នុង​ក្តីបារម្ភ​នេះហើយ ដែល​ហ្វាំងឡង់ និង​ស៊ុយអែត កំពុងព្យាយាម​ស្វះស្វែង​រក​កិច្ចធានា​ពីប្រទេស​​សម្ព័ន្ធមិត្តអូតង់ ទាំង​ការធានា​សន្តិសុខ​នៅ​ក្នុង​សម័យអន្តរកាល និង​ទាំងការ​ពន្លឿន​នីតិវិធី ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ដំណាក់កាល​អន្តរកាល​នេះ​មាន​រយៈពេល​ខ្លី​តាមដែល​អាច​ធ្វើ​ទៅបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ