អានតួអត្ថបទ

បារាំងបញ្ជាក់ពីការពង្រឹងនិងធ្វើទំនើបកម្មសមត្ថភាពយោធា នៅអាស៊ីប៉ាស៊ីហ្វិក

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ Dialogue of Shangri-La នៅ​សិង្ហបុរី រដ្ឋមន្រ្តី​ការពារចិន​បាន​បញ្ជាក់​ជា​ថ្មី ​នា​ថ្ងៃ​អាទិត្យ​នេះ ពី​ការធ្វើ​អ្វីៗគ្រប់យ៉ាង​ដើម្បី​រារាំង​តៃវ៉ាន់​មិន​ឲ្យ​ប្រកាស​ឯករាជ្យ។ ​ចំណែក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់​បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​ចរចា​ជាមួយ​ចិន​ដោយ​ឈរ​លើ​គោលការណ៍​​ស្មើគា្ន និង​គ្មាន​លក្ខខណ្ឌ​នយោបាយ។ ដោយឡែក រដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិបារាំង លោក សេបាស្យាង ឡឺក័រនុយ (Sébastien Lecornu)  ក៏បាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​បញ្ជាក់​ពី​ការ​ពង្រឹងនិងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន ដែលដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​។ ហេតុអ្វី​បានជា​បារាំងគិត​ថា​សំខាន់​ដែល​ត្រូវ​ពង្រឹង​កម្លាំង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក?

រដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិបារាំង លោក Sébastien Lecornu បានបញ្ជាក់ពីការពង្រឹងនិងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន ដែលដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិបារាំង លោក Sébastien Lecornu បានបញ្ជាក់ពីការពង្រឹងនិងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន ដែលដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ REUTERS - CAROLINE CHIA
ផ្សាយពាណិជ្ជកម្ម

​​​អ្នកជំនាញ​លោក អេម៉ានុយអែល វ៉េរ៉ុង ដែល​ជា​អ្នកជំនាញ​​ស្រាវជ្រាវ​និងជាសាស្ត្រាចារ្យ ​នៅសាលា​ជាតិ​ជាន់​ខ្ពស់​ខាង​កង​ទ័ព​ជើងទឹក​បារាំង​ (Ecole navale) មាន​ប្រសាសន៍​យ៉ាងដូច្នេះ។​

«ស្នូល​នៃ​សំណុំ​រឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺវាទាក់ទិន​នឹង​បញ្ហា​​ដែន​អធិបតីភាព​។ មិន​ថា នៅ​កោះ​ Réunion ​​នៅ​មហា​សមុទ្រ​ឥណ្ឌា, មិនថា​ នៅ​ហៃទី នៅ​អាស៊ីប៉ាស៊ីហ្វិក មិន​ថា ​នៅដែន​ដី​នូវេល​កាឡេដូនី​​ មិនថានៅ​អូសេអានី ក្តីទេ​! រឿង​នេះ​ គឺវាមាន​ជាប់​​ពាក់ព័ន្ធ​នឹង​ដែន​អធិបតីភាពនៃ​ដែន​ដីបារាំង​នៅ​តំបន់​ដែន​ដី​ឯនាយ​សមុទ្រ ដែល ​បារាំង ​មានដាក់​ពង្រាយ​​កង​កម្លាំង​មួយ​ចំនួន​នៅ​ទីនោះ​ស្រាប់​​។​

ដូច្នេះ កិច្ច​ការ​ជាអាទិភាពសម្រាប់​​ពេល​នេះ បារាំង​មាន​ឆន្ទៈ​ពង្រឹង​សមត្ថភាព និង​ពង្រឹង​មធ្យោបាយ​ ហើយ ​បារាំង ​ក៏​មាន​ចេតនា​​បង្កើន​វត្តមាន​ និង​​បង្កើត​កម្លាំង​នៅក្នុង​តំបន់​ តាម​រយៈ​ការធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ជាមួយប្រទេស​ជា​​ដៃ​គូ​សហការ នៅក្នុងតំបន់ ​។ នេះ​ក៏​ដើម្បី​គាំទ្រនិង​គាំពារ​​ចំពោះ​គោល​ការណ៍​ពហុភាព​និយម​។​ ជំហរ​នេះ ក៏​វា​ស្រប​ពេល​ដែល​ត្រូវ​ទប់​ទល់​នឹង​ឥទ្ធិពល​ចិន​ ដែល​សាយ​ភាព​ក្នុង​តំបន់​អន្តរជាតិ។​

ចិន ​ដែល​ត្រូវ​គេ​ចង្អុរ​មុខ​ជា​ញឹក​ញយ​ ជុំវិញ​ឥទ្ធិពល​និង​ការ​គំរាម​កំហែង​របស់​យក្ស​ចិន​ នៅ​ក្នុង​តំបន់ ហើយ​ដែល​ត្រូវ​គេ​ទាមទារ​ឲ្យ​គោរព​ច្បាប់​អន្តរជាតិ​។ ខ្ញុំសំដៅដល់ បញ្ហា​សមុទ្រ​ចិន​,បញ្ហា​គំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើងៗពីសំណាក់​ចិន​​ចំពោះកោះតៃវ៉ាន់​, បញ្ហា​ជំម្លោះ​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ ហើយ​និង​ការ​រុករក​ធនធាន​ធម្មជាតិ​បាត​សមុទ្រ​។

ប្រឈម​មុខ​នឹង​សំណុំ​រឿង​ជា​​ច្រើន​ដែល​រស៊ើប​ និង​ប្រឈម​មុខ​ខ្លាំង​ ទាំងអស់​​នេះ​ហើយ​ ដែល​វា​នាំ​ឲ្យចោទជាចំណោទ​ ជុំវិញ​ការ​ត្រូវ​តែ​ធានាការពារ​​សន្តិសុខសុវត្ថិភាព និង​ដែល​ជំរុញ​ ឆន្ទៈ​ឲ្យ​ បារាំង ​ត្រូវ​ពង្រឹង​វត្តមាន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ហើយប្រសិន​បើ ​បារាំង​ ចង់​ពង្រឹង​វត្តមាន​នៅ​ទីនេះ ឲ្យ​ជាប់​លាប់​យូរ​នោះ​គឺ​ បារាំង​ត្រូវតែ​បំពាក់​បំប៉ន់​ខ្លាំងបំផុត​​ ខាង​ ​សមត្ថភាព​យោធា​។​»

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ