អានតួអត្ថបទ

សហភាពអឺរ៉ុប​ សន្យា​ផ្តល់ចម្លើយក្នុងមួយសប្តាហ៍ចំពោះ​សំណើរបស់អ៊ុយក្រែន​ សុំចូលជាសមាជិក

ប្រធានគណៈកម្មការ​សហភាពអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាន​ទៅបំពេញ​​ទស្សនកិច្ច ​នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ ​នា​ថ្ងៃ​សៅរ៍​ ទី​១១មិថុនា។ ក្នុង​ជំនួប​ជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky)​, អ្នកស្រី  អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​សន្យានឹង​​ផ្តល់ចម្លើយក្នុង​មួយ​សប្តាហ៍​ខាង​មុខ​​ លើ​សំណើ​សុំ​ចូល​ជា​សមាជិកសហភាពអឺរ៉ុប​របស់​អ៊ុយក្រែន។  ​

ក្នុងសន្និសីទកាសែតខ្លីរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន, អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានថ្លែងថា «យើងចង់គាំទ្រអ៊ុយក្រែននៅក្នុងដំណើររួមជាមួយសហភាពអឺរ៉ុប»។
ក្នុងសន្និសីទកាសែតខ្លីរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន, អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានថ្លែងថា «យើងចង់គាំទ្រអ៊ុយក្រែននៅក្នុងដំណើររួមជាមួយសហភាពអឺរ៉ុប»។ © AFP - SERGEI SUPINSKY
ផ្សាយពាណិជ្ជកម្ម

បើ​គិត​តាំង​ពីពេល​ដែល​​រុស្ស៊ី​វាយ​សម្រុក​ចូលអ៊ុយក្រែន ជាង​បីខែមក, ពេល​នេះ គឺជាលើកទី២ហើយ ដែលប្រធានគណៈកម្មការសហភាព​​អឺរ៉ុប​អ្នក​ស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​​ធ្វើ​ដំណើរ​ចុះទៅដល់​​រដ្ឋធានី​កៀវ។ នៅ​ក្នុង​សន្និ​សីទ​កាសែតខ្លី​​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន, អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​ថ្លែង​ថា «យើង​ចង់​គាំទ្រ​អ៊ុយក្រែន​នៅក្នុង​ដំណើរ​រួម​ជាមួយ​សហភាព​អឺរ៉ុប»និង​ប្តេជ្ញាគាំទ្រ​អ៊ុយក្រែន​ដើម្បីសម្រេច​មហិច្ឆតា​នេះ។​

តាម​គម្រោង គឺ​ចាប់ពីថ្ងៃអាទិត្យ​តទៅ​ ​គណៈកម្មការសហភាពអឺរ៉ុប​នឹងត្រូវ​​ជជែក​ពិភាក្សា​គ្នា ហើយ​និង​ត្រូវ​ផ្តល់​ចម្លើយ​មួយ​ ជាយោបល់​ឬអនុសាសន៍ ទៅ​អ៊ុយក្រែន​វិញ យ៉ាងយូរ​ នៅថ្ងៃ​សុក្រ ខាង​មុខ​។​ ទោះជា​ម្តេច​ក្តី គេ​មើល​ឃើញថា មាន​ចំនួន​ភាគរយ​ច្រើន ដែល​ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ​ច្បាស់​ជា​គាំទ្រ​អ៊ុយក្រែន​ឲ្យ​មាន​«លក្ខន្តិកៈ​ជារដ្ឋ​ស្នើសុំ​ចូល​​សមាជិក»។ ក៏ប៉ុន្តែ អ្នក​ដែល​សម្រេច គឺ​ បណ្តា​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ ទាំង​២៧​ប្រទេស​ ដែល​នឹងត្រូវ​ជួប​ប្រជុំ​កំពូល​នៅថ្ងៃទី​២៣មិថុនា​ខាងមុខ ហើយ​ការ​សម្រេច​នោះទៀត​សោត គឺត្រូវ​ធ្វើឡើង ជា​«ឯកឆ្ឆ័ន្ទ»។

នៅពេលនេះ ប្រធានាធិបតី​ប៉ុឡូញ​និង​លីទុយអានី បាន​សម្តែង​ឆន្ទៈ​ផ្តល់​ភ្លើង​ខៀវ​ស្រេច​ហើយ។ ក៏ប៉ុន្តែ ដាណឺម៉ាក់ និង ហូឡង់ នៅ​ចាត់ទុកថា អ៊ុយក្រែន នៅមាន«​គុណសម្បត្តិ​ចាស់ទុំ»​​នៅឡើយទេ។​

អ្នក​ជំនាញ​កិច្ចការ​នយោបាយ​ភូមិសាស្ត្រ លោក Florent Parmentier អគ្គលេខាធិការ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុង​ប៉ារីស បាន​គូស​បង្ហាញថា អ៊ុយក្រែន នៅ​មាន​បញ្ហាជា​ច្រើន​ណាស់​​ដែល​ត្រូវ​កែសម្រួល។​ ជាអាទិ៍នោះគឺ​ទាក់ទង​នឹង​ ស្ថាប័ន​សាធារណៈ ការ​ធានានីតិរដ្ឋ និង​ សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយឲ្យ​មាន​ប្រសិទ្ធភាព ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ