អានតួអត្ថបទ
អ៊ីស្រាអែល-សហភាពអឺរ៉ុប

នៅចំពោះ​មុខ​ការគំរាម​របស់​រុស្ស៊ី អឺរ៉ុប​ងាករត់ទៅពឹង​​ឧស្ម័ន​របស់​រដ្ឋអ៊ីស្រាអែល

នៅចំពោះមុខ​ការគំរាម​កាត់ផ្តាច់​ឧស្ម័ន​រុស្ស៊ី ប្រធានគណៈកម្មការអឺរ៉ុប​ធ្វើដំណើរ​ទៅ​ពង្រឹង​សហប្រតិបត្តិការផ្នែក​ថាមពល​ជាមួយ​ប្រទេស​នៅ​ដើមបូព៌ា។ នៅក្នុង​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​កាលពីថ្ងៃ​អង្គារ ទី ១៤​មិថុនា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយែន បាន​ថ្លែង​ដោយ​ឥតលាក់លៀមថា អឺរ៉ុប​ចង់​បាន​ប្រភព​ថាមពល​របស់រដ្ឋអ៊ីស្រាអែល ដើម្បីជំនួស ប្រេង ហ្គាស​របស់​រុស្ស៊ី ដែល​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម ដោយសារ​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

រូបថត​ឆ្នាំ ១០១៥​បង្ហាញ​ស្ថានីយ៍បូមឧស្ម័នធម្មជាតិរបស់​អ៊ីស្រាអែល​នៅសមុទ្រ​មេឌីទែរ៉ាណេ
រូបថត​ឆ្នាំ ១០១៥​បង្ហាញ​ស្ថានីយ៍បូមឧស្ម័នធម្មជាតិរបស់​អ៊ីស្រាអែល​នៅសមុទ្រ​មេឌីទែរ៉ាណេ AP - Marc Israel Sellem
ផ្សាយពាណិជ្ជកម្ម

សកម្មភាពរបស់​រុស្ស៊ី​ដែល​បាន​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​សមាជិក​អឺរ៉ុប​ដូចជា​ប៉ូឡូញ ប៊ុលហ្ការី និង​ហូឡង់ បាន​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​សម្រេចចិត្ត​កាន់តែ​ឆាប់ ដើម្បី​ឈប់​ពឹងអាស្រ័យ​លើ​ប្រភព​ថាមពល​រុស្ស៊ី។

ដើម្បីអាច ដោះដៃ ឈប់​ពឹងលើ​ប្រេង និងឧស្ម័ន​របស់​រុស្ស៊ី សហភាពអឺរ៉ុប​កំពុង​ស្វែងរក ផ្លូវថ្មី ដើម្បី ពង្រឹង​សហប្រតិបត្តិការ​ផ្នែកថាមពល​ជាមួយ​អ៊ីស្រាអែល។ នេះជាប្រសាសន៍​របស់​ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយ៉ែន ដោយ​និយាយ​យោងដល់​គម្រោងខ្សែកាបអគ្គិសនី​ដែលតភ្ជាប់​អ៊ីស្រាអែល​ជាមួយ ប្រទេសស្ហ៊ីប និងក្រិក ហើយនិង​គម្រោង​បំពង់​បង្ហូរប្រេង​នៅ​សមុទ្រ​មេឌីទែរ៉ាណេ។

នៅក្នុងទស្សនកិច្ច ២ថ្ងៃ នៅ​អ៊ីស្រាអែល ប្រធានគណៈកម្មការអឺរ៉ុប​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តីផ្នែកថាមពលអ៊ីស្រាអែល កាលពីថ្ងៃ ចន្ទ និង​ត្រូវ​ជួប​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នៅថ្ងៃ​អង្គារ។ តាមអ្នកនាំពាក្យ​របស់​រដ្ឋមន្រ្តីថាមពលអ៊ីស្រាអែល ប្រធានគណៈកម្មការអឺរ៉ុប​បាន​និយាយ​ប្រាប់ភាគីអ៊ីស្រាអែល ម្តងហើយម្តងទៀតថា អឺរ៉ុបត្រូវការប្រភពផ្គត់ផ្គង់​ថាមពលអ៊ីស្រាអែល។

សហភាពអឺរ៉ុប និង​អ៊ីស្រាអែល​បាន​ចរចា​គ្នា រាប់ខែ​មកហើយ ដើម្បី​ឈានទៅ​បង្កើតកិច្ចព្រមព្រៀង​មួយ​ស្តីពីការនាំចេញ​ហ្គាស ឧស្ម័ន​អ៊ីស្រាអែល​ទៅ​ទឹកដី​អឺរ៉ុប​ដោយ​ត្រូវឆ្លងកាត់​ប្រទេស​អេហ្ស៊ីប។ អ្នកនាំពាក្យ​របស់​ប្រធានគណៈកម្មការអឺរ៉ុប​វិញ បាន​និយាយ​ប្រាប់អ្នកកាសែត កាលបីថ្ងៃ អង្គារ​ថា សហប្រតិបត្តិការផ្នែក​ថាមពល​ជាមួយ​អ៊ីស្រាអែល និង​ប្រទេស​ដៃគូ​ផ្សេងទៀត ក្នុង​តំបន់ នឹង​ត្រូវ​គេ​ប្រកាស​ឲ្យដឹង នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ មុន​នឹង​បញ្ជាក់ថា នៅបន្ទាប់ពីអ៊ីស្រាអែល ប្រធានគណៈកម្មការអឺរ៉ុប​នឹងធ្វើដំណើរ​ទៅ​កាន់ប្រទេស​អេហ្ស៊ីប។

នៅក្រោយ​រកឃើញ​ជង្រុកប្រេង​ដ៏ធំ​មហាសាល​នៅក្នុង​តំបន់​របស់​ខ្លួន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ប្រមាណ ១០០០ ពាន់​លាន​ម៉ែត្រគូប កាលពី​ឆ្នាំ ២០១០ អ៊ីស្រាអែល​បាន​ចាប់ផ្តើម បូម​និង​ផលិត​ឧស្ម័នរបស់ខ្លួន។ ប៉ុន្តែ ការងាក​ទៅ​ពឹង​អាស្រ័យ​ប្រភព​ថាមពល​របស់​អ៊ីស្រាអែល មិនមែន​គ្មាន​ឧបសគ្គនោះទេ។ ទី១ អ៊ីស្រាអែល គ្មាន​បំពង់បង្ហូរ​ឧស្ម័ន​ផ្ទាល់ ទៅកាន់ទឹកដី​អឺរ៉ុប។ ទី​២ អ៊ីស្រាអែល​នៅកំពុង​ជាប់ជម្លោះ ដណ្តើម​តំបន់​ជង្រុកប្រេង នៅ​សមុទ្រ​មេឌីទែរ៉ាណេ ជាមួយ​លីបង់ ប្រទេស​ជិតខាង។

យ៉ាងណាក៏ដោយ អ៊ីស្រាអែល​នៅតែ អាច​ធានា​ផ្គត់ផ្គង់​ឧស្ម័ន​ឲ្យ​អឺរ៉ុប តាមរយៈ​ជម្រើស​៣យ៉ាង។ ទី១ អ៊ីស្រាអែល​អាច​បង្ហូរ​ឧស្ម័ន​ទៅ​អេហ្ស៊ីប មុន​នឹង​បំប្លែង​វា​ឲ្យ​ទៅជា​ឧស្ម័នធម្មជាតិពង្រាវ ដើម្បី​គេអាច​ដឹក​ជញ្ជូន​តាមកប៉ាល់​ទៅ​ទីផ្សារអឺរ៉ុប។ ទី២ អ៊ីស្រាអែល​អាច​សាងសង់​បំពង់​បង្ហូរ​ឧស្ម័នទៅតួកគី ដែលនឹង​អាច​លក់បន្តចែកចាយ​ចូលទៅ​អឺរ៉ុប​ខាងកើត។ ទី៣ គឺគម្រោងសាងសង់​បំពង់បង្ហូរ​ប្រេង ដោយផ្ទាល់​ពី​អ៊ីស្រាអែល​ចូលទៅ​អឺរ៉ុប​ខាងត្បូង ដោយឆ្លងកាត់​ស្ហ៊ីប និង​ក្រិក។ ប៉ុន្តែ គម្រោងទី៣ ដែលមាន​ឈ្មោះថា EstMed ដែលមានតម្លៃ ៦ពាន់លាន​អឺរ៉ូ ត្រូវការពេលវេលាយូរ ដើម្បីអាច​លេចចេញរូបរាង ពោល​គឺមិនអាច​ឆ្លើយតបទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​អឺរ៉ុប ដែល​ចង់ឈប់​ពឹងអាស្រ័យ​លើ​ប្រភព​ថាមពល​រុស្ស៊ីឲ្យបាន​កាន់តែឆាប់ នៅមុន​ឆ្នាំ ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ