អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន-លីទុយអានី-រុស្ស៊ី

រុស្ស៊ីតវ៉ា រឿង​លីទុយអានី រឹត​បន្តឹង​ការដឹកទំនិញ​ឆ្លងកាត់ ឆ្ពោះ​ទៅកាន់​ដីរុស្ស៊ី​តំបន់​កាលីនីងហ្ក្រាដ

ក្រសួងការបរទេសរុស្ស៊ី បានធ្វើការ​តវ៉ាជំទាស់ ទៅនឹងប្រទេសលីទុយអានី ដែលបាន​សម្រេច រឹតបន្តឹងការដឹកទំនិញតាមរថភ្លើងឆ្លងកាត់ប្រទេសនេះ​​ ឆ្ពោះទៅកាន់ដែនដីរុស្ស៊ី នៅ​តំបន់កាលីនីងហ្ក្រាដ។ លីទុយអានី ដែលជាសមាជិក​អឺរ៉ុប និងអូតង់ផងនោះ បានអះអាងថា ខ្លួនធ្វើនេះដោយ​អនុលោមទៅតាម​វិធានការទណ្ឌកម្ម​ របស់​​សហភាព​​អឺរ៉ុប​ដាក់​​ទៅ​លើ​រុស្ស៊ី។​ តែយ៉ាងណា ភាគីរុស្ស៊ី​បានគំរាមថា នឹងចាត់វិធានការសងសិកវិញ បើ​លីទុយអានី មិនព្រមដកចេញនូវបម្រាមនេះ។

ផែនទី​តំបន់កាលីនីងហ្ក្រាដ ដែនដីរុស្ស៊ី ដែលនៅដាច់តែឯងចន្លោះប្រទេស​សមាជិក​អូតង់។
ផែនទី​តំបន់កាលីនីងហ្ក្រាដ ដែនដីរុស្ស៊ី ដែលនៅដាច់តែឯងចន្លោះប្រទេស​សមាជិក​អូតង់។ © France 24
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានបញ្ជាក់ប្រាប់​អ្នកយកព័ត៌មានបារាំង AFP ថាខ្លួន​បានចាប់ផ្តើម​អនុវត្តការដាក់កំហិត ហាមឃាត់ការដឹកជញ្ជូនទំនិញ ដែកថែប និង​លោហៈធាតុផ្សេងទៀត ដែលរុស្ស៊ីដឹកតាមផ្លូវដែក ឆ្លងកាត់ប្រទេសខ្លួន ឆ្ពោះទៅកាន់​ដែនដី កាលីនីងហ្ក្រាដ ចាប់ពីថ្ងៃ​ទី ១៧មិថុនា។ ការហាមឃាត់នេះ គឺដោយ​អនុលោម ទៅតាមវិធានការទណ្ឌកម្ម​របស់សហភាពអឺរ៉ុប ហើយ​ខ្លួន​បានជូនដំណឹងនេះ ទៅកាន់ភាគីរុស្ស៊ី ឲ្យ​បានដឹងហើយ។​

នៅថ្ងៃ​ចន្ទ ទី​២០មិថុនា ភាគីរុស្ស៊ី​បានប្រតិកម្មតវ៉ា។ ក្រសួងការបរទេសរុស្ស៊ី បានចោទវិធានការហាមឃាត់របស់​លីទុយអានី ថាជាវិធានការរករឿង ប្រឆាំងនឹងរុស្ស៊ី។ មន្ត្រីទូតលីទុយអានីប្រចាំនៅក្រុងម៉ូស្គូ ត្រូវបាន​ក្រសួងការបរទេសរុស្ស៊ី កោះហៅឲ្យ​ចូលជួប ពន្យល់ពីបញ្ហានេះ។ លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បាន​លើកឡើងថា បញ្ហានេះ ជារឿងមិនអាចទទួលយកបានជាដាច់ខាត​ ហើយ​រុស្ស៊ីនឹងចាត់វិធានការសងសិកវិញ ប្រសិនបើ​លីទុយអានី មិន​បើក​ឲ្យ​ទំនិញរុស្ស៊ីឆ្លងកាត់តាមផ្លូវដែក ឆ្ពោះទៅកាន់តំបន់កាលីនីងហ្ក្រាដ។ ក្រសួងការបរទេសរុស្ស៊ីបានអះអាងទៀតថា ការហាមឃាត់ទំនិញរុស្ស៊ីមិនឲ្យឆ្លងកាត់ដែនដីអឺរ៉ុប ឆ្ពោះទៅកាន់តំបន់កាលីនីងហ្ក្រាដ គឺវាជាការបំពានទៅនឹងកិច្ចព្រមព្រៀង រវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ចុះនៅឆ្នាំ​២០០២។

ដោយឡែក អភិបាលតំបន់កាលីនីងហ្ក្រាដ បានអះអាងថា គេនឹងចាប់ផ្តើម​បញ្ជូនទំនិញតាមផ្លូវសមុទ្រវិញ ប្រសិន​បើ​លីទុយអានីនៅតែមិនព្រមដកចេញបម្រាម។ ប្រភពដដែលនេះ អះអាងថា ទំនិញយ៉ាងហោច ពី​៤០ ទៅ៥០% ដែលត្រូវបានប៉ះពាល់ មិនអាចដឹកតាមផ្លូវដែកបាន​ ក្នុងនោះមានធ្យូងថ្ម ទំនិញ​លោហៈធាតុ សម្ភារៈសំណង់ និង​ទំនិញ​បច្ចេកវិទ្យាទំនើបមួយចំនួន​។​

គួរបញ្ជាក់ថា តំបន់កាលីនីងហ្ក្រាដ គឺជាដែនដីសហភាពសូវៀតបានវាយ​ដណ្តើម​បាន នៅឆ្នាំ​១៩៤៥។ ក្រោយ​ការដួលរលំនៃសហភាពសូវៀត ប្រទេសក្បែរនោះបាន​ប្រកាសឯករាជ ទុកឲ្យ​ដែនដី​កាលីនីងហ្ក្រាដ នៅដាច់តែម្នាក់​ឯង​ជាប់សមុទ្របាល់ទិក និងព័ទ្ធដោយប៉ូឡូញ និង​លីទុយអានី។ តំបន់នេះ មានសារៈសំខាន់យុទ្ធសាស្ត្រណាស់ សម្រាប់រុស្ស៊ី ព្រោះជាមូលដ្ឋានជួរមុខ របស់កងទ័ពរុស្ស៊ី នៅកណ្តាលប្រទេសសមាជិកអឺរ៉ុប និងអូតង់តែម្តង។ ជានិច្ចជាកាល តំបន់កាលីនីងហ្ក្រាដនេះ តែងតែជាចំណុចរសើបបង្កការថ្នាំងថ្នាក់ រវាងលោកខាងលិច ជាមួយនឹងរុស្ស៊ី។ គឺនៅកាលីនីងហ្ក្រាដនេះហើយ ដែលរុស្ស៊ីបានដាក់បញ្ឈរ ប្រព័ន្ធបាញ់មីស៊ីល Iskander ដែលមានសមត្ថភាពពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ