អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ប្រមុខដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុបប្រជុំសម្រេចលើបេក្ខភាពអ៊ុយក្រែន

នៅ​ក្នុង​កិច្ចប្រជុំ​នៅទីក្រុង​ព្រុចសែល នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​សមាជិកសហភាពអឺរ៉ុប ទាំង ២៧ប្រទេស នឹង​ពិនិត្យ និង​សម្រេច​លើ​ការទទួល​យក​អ៊ុយក្រែន​ជា​បេក្ខភាព​សមាជិក​សហភាព​អឺរ៉ុប​ជាផ្លូវការ។ ក្លាយ​ជា​បេក្ខភាព​ជាផ្លូវការ គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់មួយ ក៏ប៉ុន្តែ អ៊ុយក្រែន​នៅតែ​ត្រូវការ​ឆ្លងកាត់​ដំណើការនីតិវិធី​វែងឆ្ងាយ​តទៅទៀត ទើប​អាច​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន។

ការទទួល​ជា​បេក្ខជនផ្លូវការ​របស់​សហភាព​អឺរ៉ុប គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់មួយ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ចរចា ឈាន​ទៅ​ក្លាយ​ជា​សមាជិក
ការទទួល​ជា​បេក្ខជនផ្លូវការ​របស់​សហភាព​អឺរ៉ុប គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់មួយ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ចរចា ឈាន​ទៅ​ក្លាយ​ជា​សមាជិក REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​មាន​សេចក្តីសម្រេច​ពី​ប្រធានគណៈកម្មការអឺរ៉ុប កាល​ពីសប្តាហ៍​មុន ដែល​គាំទ្រ​បេក្ខភាព​ផ្លូវការ​របស់​អ៊ុយក្រែន គឺ​ក្រុមប្រឹក្សា​អឺរ៉ុប ពោលគឺ មេដឹកនាំ​ប្រទេស​សមាជិក​ទាំង ២៧ ដែល​ជា​អ្នក​ពិនិត្យ និង​សម្រេច​ចុងក្រោយ​​ថា តើ​ព្រម​ទទួល​យក​អ៊ុយក្រែន​ជា​បេក្ខជន​ជាផ្លូវការ​ដែរ​ឬ​ក៏​យ៉ាងណា?

បារាំង ដែល​បច្ចុប្បន្ន​ជា​ប្រធានផ្លាស់វេន​របស់​សហភាព​អឺរ៉ុប បាន​ឲ្យដឹង​ថា ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង ២៧ គេ​សង្កេតឃើញ​មាន​កុងសង់ស៊ីស​ជា​ទូទៅ គាំទ្រ​បេក្ខភាព​របស់​អ៊ុយក្រែន។ ដូច្នេះ ការអនុម័ត​ទទួល​យក​អ៊ុយក្រែន​ជា​បេក្ខជនផ្លូវការ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ទំនង​ជា​មិន​មាន​អ្វីដែល​ត្រូវ​ចោទ​ជា​បញ្ហា​នោះទេ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បារាំង ក៏ដូចជា ប្រទេស​សមាជិក​ផ្សេងទៀត ក៏​បាន​លើកឡើង​ផងដែរ​ថា សហភាព​អឺរ៉ុប​មិនមាន​នីតិវិធី​ទទួល​សមាជិក​តាមផ្លូវកាត់​នោះទេ។ ដូច្នេះ ក្រោយ​ពី​បាន​ក្លាយ​ជា​បេក្ខជនផ្លូវការ អ៊ុយក្រែន​ប្រាកដ​ជា​នឹង​ត្រូវ​ឆ្លងកាត់​នីតិវិធី​ជាច្រើន​ទៀត ជាពិសេស គឺ​ការ​ចរចា​ និង​ពិនិត្យ​ទៅលើ​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន ដែល​ជា​​លក្ខខណ្ឌចាំបាច់​​ ដើម្បី​អាច​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ ដំណើរការ​ចរចា ដែល​អាច​នឹង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ ឬ​រហូត​ដល់​ទសវត្សរ៍​ក៏​អាច​ថា​បាន។

ទោះជា​យ៉ាងណា​ ការទទួលបាន​ឋានៈ​ជា​បេក្ខជនផ្លូវការ​នៅពេលនេះ ក៏​អាច​រាប់ថា​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ដែរ សម្រាប់​អ៊ុយក្រែន។ វាជា​ចំណុចចាប់ផ្តើម​នៃ​នីតិវិធី ដើម្បី​ចាប់បើក​ការចរចា​លើ​សមាជិកភាព​អ៊ុយក្រែន ហើយ​​វាជា​និមិត្តរូប​ដ៏សំខាន់​មួយ នៅ​ក្នុងពេល​ដែល​អ៊ុយក្រែនកំពុង​ស្ថិត​ក្នុង​សង្រ្គាម​ជាមួយ​រុស្ស៊ី។

ត្រឹមតែ​អាច​ក្លាយ​ជា​បេក្ខជនផ្លូវការ​ នៅ​ក្នុងរយៈពេល​ដ៏ខ្លី​ត្រឹម​ប៉ុន្មានខែ​​បែបនេះ ក៏​អាច​រាប់​ថាជា​រឿង​ប្រវត្តិសាស្រ្ត​មួយ​ដែរ សម្រាប់​អ៊ុយក្រែន ក្នុងពេល​ដែល​ប្រទេស​ជាច្រើន​ផ្សេងទៀត ក្រោយ​ពី​​ដាក់ពាក្យសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ត្រូវ​រង់ចាំរហូតដល់​ទៅ​រាប់​ឆ្នាំឯណោះ ទម្រាំ​តែបាន​ទទួលសិទ្ធិ​ត្រឹម​​ជា​បេក្ខជន​ផ្លូវការ ហើយ​អាច​ចាប់ផ្តើម​បើក​ការ​ចរចា​ពិនិត្យ​សមាជិកភាព​របស់​ខ្លួនបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ