អានតួអត្ថបទ
ហ្វីលីពីន-ICC

តុលាការព្រហ្មទណ្ឌអន្តរជាតិស្នើឲ្យបន្តការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន

នៅ​ថ្ងៃ​សុក្រ ទី២៤ មិថុនា រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ICC លោក​ការីម ខាន់​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​លើ​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ សង្រ្គាម​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់ និង​ដែល ICC ចង់​ដឹង​ថា តើ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​មាន​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​យថាហេតុ​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​នោះ​ដែរ ឬ​ទេ?។ គួរ​បញ្ជាក់​ថា សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​មួយ​នេះ​ត្រូវ​បាន​ផ្អាក​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ តាម​សំណូមពរ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល។

លោក​ការីម ខាន់​ រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ICC។
លោក​ការីម ខាន់​ រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ICC។ AP - Marwan Ali
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ព្យួរ​ការ​ស៊ើបអង្កេត​អស់​រយៈពេល៧ខែ រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ ICC លោក​ការីម ខាន់​បាន​ថ្លែង​ថា សំណើ​សុំ​ពន្យារ​ពេល​លើក​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ហ្វីលីពីន​មិន​ត្រឹមត្រូវ និង​គ្មាន​ភស្តុតាង។ តាម​លោក​ការីម ខាន់ ការ​ស៊ើបអង្កេត​ត្រូវ​ចាប់​ផ្តើម​ជា​ថ្មី​ឲ្យ​បាន​លឿន​បំផុត។ គួរ​បញ្ជាក់​ថា ICC បាន​យល់ព្រម​ព្យួរ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​ខែ​វិចិ្ឆកា ឆ្នាំ ២០២១ តាម​សំណើ​របស់​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​ហូឡង់។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ឲ្យ ICC កាល​ណោះ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​បាន​ពន្យល់​ថា រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​យថាហេតុ​ដែល​អាច​បាន​កើត​មាន​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន។

តែ​រដ្ឋអាជ្ញា ICC លោក​ការីម ខាន់​បាន​ថ្លែង​ក្នុង​ថ្ងៃ​សុក្រ ទី២៤ មិថុនា​ថា រដ្ឋាភិបាល​ហ្វីលីពីន​មិន​បាន​ផ្តល់​ឯកសារ​ដែល​បញ្ជាក់​ពី​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ ឬ​បិទបញ្ចប់ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​អ្វី​ទាក់ទង​នឹង​វិធានការ​ស៊ើបអង្កេត​ដែរ។ លោក​ការីម ខាន់​បាន​បន្ថែម​ថា បើ​រដ្ឋអំណាច​ហ្វីលីពីន​មិន​ធ្វើ​អ្វី​ទាំង​អស់ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​តែ​ចូល​ខ្លួន​អន្តរាគមន៍។ សូម​រម្លឹក​ថា ក្រុម​ចៅក្រម ICC បាន​យល់ព្រម​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២១ ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​សង្រ្គាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌុយទែរតេ។ សង្រ្គាម​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាត់បង់​ជីវិត។

តាម​តួលេខ​ផ្លូវការ​ចុង​ក្រោយ​របស់​រដ្ឋអំណាច​ហ្វីលីពីន មាន​មនុស្ស​យ៉ាង​តិច ៦ ១៨១នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន​ជាង ២០០ ០០០ដង​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៦។ តែ​តាម​តួលេខ​របស់ ICC មាន​ស្លាប់​ចន្លោះ ១២ ០០០នាក់ និង ៣០ ០០០នាក់។ អ្វី​ជា​ការ​កត់សម្គាល់ សំណើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​របស់​រដ្ឋអាជ្ញា ICC លោក​ការីម ខាន់​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​ការ​ចាកចេញ​ពី​តំណែង​ប្រធានាធិតី​របស់​លោក​ឌុយទែរតេ​នៅ​ថ្ងៃទី៣០ មិថុនា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ