អានតួអត្ថបទ
ហ្វីលីពីន-តុលាការព្រហ្មទណ្ឌអន្តរជាតិ

ICC​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​យុទ្ធនាការ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ហ្វីលីពីន

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC) នៅថ្ងៃពុធ​ ១៥​ កញ្ញា​ម្សិលមិញ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ពេញលេញ​មួយ ​លើ​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន របស់​លោក​ឌុយទែរតេ​។ ស្ថាប័នអន្តរជាតិមួយនេះ​ បាន​លើក​ឡើងថា​ ការ​បង្រ្កាប​គ្រឿង​ញៀន​នៅ​ហ្វីលីពីន​ មាន​ទម្រង់​សដៀងគ្នា​ទៅនឹង​ការ​វាយប្រហារ​ដោយ​ខុសច្បាប់​ និង​ជា​ប្រព័ន្ធ​លើ​ជនស៊ីវិល​។ ប៉ុន្តែ​ភ្លាមមួយរំពេច​ លោក​ប្រធានាធិបតី​ហ្វីលីពីន​ ឌុយទែរតេ ​បាន​ប្រកាស​បដិសេធ​ មិន​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​។

តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ពេញលេញ​លើ​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន។ តែលោក​ឌុយទែរតេ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញានេះ​បដិសេធ​មិន​សហការ។
តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ពេញលេញ​លើ​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន​នៅ​ហ្វីលីពីន។ តែលោក​ឌុយទែរតេ នៅថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញានេះ​បដិសេធ​មិន​សហការ។ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេចថ្មី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ត្រូវ​បាន​ប្រកាសឡើង​ដោយសារ​ចៅ​ក្រម​តុលាការ​យល់ឃើញថា​មាន​មូលដ្ឋាន​សមហេតុផល​មួយ​ក្នុងការ​ជឿថា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ត្រូវបានប្រព្រឹត្ត​នៅក្រោម​ស្លាក​នៃ​យុទ្ធនាការ​បង្ក្រាបគ្រឿងញៀន​ដែល​បណ្តាលឲ្យ​មនុស្សរាប់ពាន់នាក់​ស្លាប់នៅហ្វីលីពីន​។

ចៅក្រម​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​បានលើកឡើងថា​ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅហ្វីលីពីន​ត្រូវបានគេមើលឃើញថា​មិនមែនជា​ប្រតិបត្តិការ​អនុវត្តដោយ​ស្រប​ច្បាប់​នោះទ​ និងថា​ការបង្ក្រាបនេះ​អាច​ជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

ពីខាង​ទីក្រុង​ម៉ានីលវិញ ​លោកឌុយទែរតេ​ ថានឹង​មិន​សហការជាមួយ​ស្ថាប័ន​អន្តរជាតិ​នេះឡើយ​ ទាក់ទិន​ករណី​ស៊ើបអង្កេតលើ​ការ​បង្រ្កាបគ្រឿងញៀន​នៅហ្វីលីពីន​។ មេធាវី​របស់​លោក ឌុយទែរតេ​ បាន​និយាយនៅ​ថ្ងៃព្រហស្បតិ៍​ ទី១៦​ កញ្ញានេះថា សាលា​ក្តី​នេះគ្មាន​អំណាច​ផ្លូវការ​អ្វី​ដើម្បី​ធ្វើការ​សម្រេចចិត្ត​និង​វិនិច្ឆ័យ​តាម​ផ្លូវច្បាប់នៅ​ហ្វីលីពីន​ឡើយ​។ ដូច្នោះ​រដ្ឋាភិបាលក្រុងម៉ានីល​នឹង​មិន​អនុញ្ញាតឲ្យ​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ណាម្នាក់​ចូលទៅប្រមូលយកព័ត៌មាន​និង​ភស្តុតាង​នៅក្នុង​ប្រទេស​ហ្វីលីពីននោះទេ​។

គួរ​រំឭកជូនថា​ ប្រទេស​ហ្វីលីពីន​បានដក​សមាជិកភាព​របស់ខ្លួនចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលពីខែមីនា​ ឆ្នាំ ២០១៩​ ក្រោយ​តុលាការ​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងឡាអេនេះ​ ចាប់​ផ្តើម​បើក​ការ​ស៊ើបអង្កេត​បឋម​ លើ​លោក​ឌុយទែរតេ ​ពាក់ព័ន្ធ​យុទ្ធនាការ​បោសសំអាត​ការ​ជួញ​ដូរ​គ្រឿងញៀន​នៅក្នុងស្រុក​។

មាន​មនុស្ស​យ៉ាងហោច​ ៦ ១៨១ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន​ជាង ២សែន​ប្រតិបត្តិការ​រាប់​ចាប់តាំងពី​ខែ​កក្កដា​ ឆ្នាំ ២០១៦ មក​។ នេះបើ​យោង​តាម​ទិន្នន័យ​ផ្លូវការចុងក្រោយ​ដែលចេញផ្សាយ​ដោយ​ប្រទេស​ហ្វីលីពីន​នៅខែកក្កដា ឆ្នាំ ២០២១នេះ​។

ប៉ុន្តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​គូសបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ពិត​ជាក់ស្តែង អាច​មាន​ច្រើន​ជាង​នេះរហូត​ដល់​ទៅ​ ៣ ឬ ៤ដង​ឯណោះ​។ ចំណែក​រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិវិញ​ បានប៉ាន់ប្រមាណថាមនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​អាច​មាន​ចំនួន​ចន្លោះ​ពី​ ១២ ០០០ ទៅ ៣០ ០០០ នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ