អានតួអត្ថបទ
G7-ចិន

ក្រុមប្រទេស G7 ដំឡើងសំឡេងដាក់ចិន

ក្រុមប្រទេស​ G7 បាន​បិទបញ្ចប់​ជំនួបកំពូល​របស់​ខ្លួន នៅថ្ងៃ​អង្គារ​នេះ ជាមួយ​នឹង​ការថ្លែង​រិះគន់​ធ្ងន់ៗ​ទៅលើ​ចិន ជាពិសេស ទាក់ទង​នឹងកង្វះតម្លាភាព​ក្នុង​ការ​ដោះដូរពាណិជ្ជកម្ម ក៏ដូចជា​បញ្ហារំលោភសិទ្ធិមនុស្ស។ អាល្លឺម៉ង់ ដែល​ជា​ម្ចាស់ផ្ទះជំនួបកំពូល G7 នេះ​ក៏​បាន​ព្រមាន​ផងដែរ កុំ​ឲ្យ​ចិន​ជួយ​រុស្ស៊ី​គេច​ពី​ទណ្ឌកម្ម ដែល​ប្រទេស​លោកខាងលិច​ដាក់ ក្រោយ​ពី​មាន​សង្រ្គាម​នៅ​អ៊ុយក្រែន។

លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ក្នុង​អំឡុងសន្និសីទ​សារព័ត៌មាន ថ្ងៃទី២៨ មិថុនា ២០២២
លោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ក្នុង​អំឡុងសន្និសីទ​សារព័ត៌មាន ថ្ងៃទី២៨ មិថុនា ២០២២ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍​ក្រោយ​ជំនួបកំពូល ក្រុមប្រទេស G7 បាន​រិះគន់​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ទីផ្សារ ជាអន្តរាគមន៍​ដែល G7 មើលឃើញ​ថា ត្រូវ​បាន​ធ្វើឡើងដោយ​គ្មាន​តម្លាភាព ហើយ​​ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​ទីផ្សារ​សេរី។ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ រួមជាមួយនឹង​សហភាព​អឺរ៉ុប ក៏​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភផងដែរ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ចិន ជាពិសេស នៅ​ទីបេ និង​ស៊ីនជាំង ដែល​ពលកម្ម​ដោយ​បង្ខំ កំពុងជា​បញ្ហា​ចោទ​ចម្បង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

គួររំឭកឡើងវិញ​ថា ការរិះគន់​​បែបនេះ​ធ្លាប់​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ធ្វើឡើង​ជារឿយៗ​រួចមកហើយដែរ ក៏ប៉ុន្តែ សម្រាប់​ប្រទេស​ផ្សេងទៀត​​ក្នុងក្រុម G7 ជាពិសេស អាល្លឺម៉ង់ ដែល​មានចិន​ជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំលំដាប់ទីមួយ ច្រើន​តែ​មាន​ការ​ប្រយ័ត្នប្រយែងច្រើន នៅក្នុងការ​រិះគន់​ចិន ដោយសារ​តែ​ខ្លាច​រង​ការ​សងសឹក​ពី​ចិន ហើយ​ដែល​នាំ​ឲ្យ​បាត់បង់​ទីផ្សារ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​​​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួនឯង​ទៅវិញ។

ការណ៍ដែល​អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងទៀត មូលមាត់គ្នា​ជាមួយ​អាមេរិក ចេញ​សេចក្តីថ្លែងការណ៍​រួម​ក្នុងក្របខណ្ឌ G7 ​រិះគន់​ចិន​ខ្លាំងៗ​នៅពេលនេះ កើតឡើង​ស្របពេល​ដែល​បក្សសម្ព័ន្ធអូតង់ នៅ​ក្នុង​ជំនួបកំពូល​នៅ​ទីក្រុង​ម៉ាឌ្រីដ ក៏គ្រោង​ផងដែរ​ថានឹង​ដៅឈ្មោះចិន រួមគ្នា​ជាមួយនឹង​រុស្ស៊ីថា​ជា​បញ្ហា​ប្រឈម​ខាងផ្នែក​សន្តិសុខ​ដ៏ចម្បងមួយ សម្រាប់​អូតង់។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយ​បិទ​ជំនួបកំពូល G7 លោក​អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ជា​ម្ចាស់ផ្ទះ​ជំនួបកំពូល បាន​លើកឡើង​ថា ក្រុមប្រទេស G7 ទទូច​​ឲ្យចិន​ ធ្វើ​យ៉ាងណា​ចៀសវាង​​កុំជួយ​រុស្ស៊ី​ឲ្យ​គេច​ពី​ទណ្ឌកម្ម​ដែលប្រទេស​លោកខាងលិច​បាន​ដាក់ នៅ​ក្រោយ​ពេល​ដែល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។

ទោះជាយ៉ាងណា លោកប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​បាន​កត់សម្គាល់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន នៅតែជា​រឿង​មួយ​ចាំបាច់ ដោយ​ពិបាក​នឹង​ចៀសរួច ជាពិសេស នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ​ រួមមាន​ជា​អាទិ៍ បញ្ហា​អាកាសធាតុ ឬ​ក៏​​វិបត្តិ​​ស្បៀងអាហារ​ជាដើម ដែល​សុទ្ធសឹង​ជា​បញ្ហា​ចាំបាច់ និង​បន្ទាន់ ហើយដែល​​ទាមទារ​ឲ្យ​មាន​​ដំណោះស្រាយ​ជាលក្ខណៈ​សកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ