អានតួអត្ថបទ

ខួប២០ឆ្នាំ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ នៅតែ​ប្រឈម​នឹង​ការ​ទទួល​ស្គាល់​ជា​សកល

ថ្ងៃទី១កក្កដា ​ជា​ថ្ងៃ​គម្រប់​ខួប ២០ឆ្នាំ នៃការ​បង្កើត​​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ទោះបី​ជា​ ២ទសវត្សរ៍មកហើយក្តី តែតុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ ​នេះ នៅតែ​ប្រឈម​នឹង​ការ​ទទួល​ស្គាល់​ជា​សកល និង​ការ​ច្រាលចោល​ដែនសមត្ថកិច្ច​​យុត្តាធិការ​។ ទោះ​ជាម្តេច​ក្តី នៅ​មុន​ថ្ងៃ​ខួប​២០ឆ្នាំ តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​  បាន​ចេញ​ដីកា​ចាប់​ឃាត់​ខ្លួន​ ចំពោះ​អ្នក​ទទួល​ខុសត្រូវ​ជាន់​ឈ្មោះ​បីនាក់​ ជាជន​ជាតិ ​រុស្ស៊ី និង ​ហ្ស័ក​ហ្ស៊ី​។  

តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាប់កំណើតឡើងតាមរយៈសន្ធិសញ្ញា ចុះឆ្នាំ១៩៩៨ និងចាប់ផ្តើមបើកទ្វារទទួលសមាជិកនៅថ្ងៃទី១ កក្កដាឆ្នាំ២០០២។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាប់កំណើតឡើងតាមរយៈសន្ធិសញ្ញា ចុះឆ្នាំ១៩៩៨ និងចាប់ផ្តើមបើកទ្វារទទួលសមាជិកនៅថ្ងៃទី១ កក្កដាឆ្នាំ២០០២។ REUTERS - PIROSCHKA VAN DE WOUW
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ បាន​ចេញ​ដីកា​ចាប់ខ្លួន អ្នក​ទទួល​ខុសត្រូវជាន់​ខ្ពស់​ ជាតិ​​ រុស្ស៊ី និង ហ្ស័កហ្ស៊ី មាន​ បុរស​ខ្លាំង​បីនាក់ គឺ​ម្នាក់​ជារដ្ឋមន្ត្រី​នៅ​តំបន់​ស្វ័យ​ត​ផ្តាច់​ខ្លួន​ ម្នាក់​ទៀតជា អ្នក​នយោបាយ​ជាន់​ខ្ពស់ហ្ស័កស៊ី​​គាំទ្រ​រុស្ស៊ី​ និង​ម្នាក់​ទៀត មន្ត្រីនគរបាល​ធំ។​ នេះ​ជា​លើកទី១ ហើយដែល តុលាការព្រហ្មទណ្ឌអន្តរជាតិ តម្រង់​ផ្ទាំងស៊ីប​ទៅលើ​ ជនជាតិ​ស្បែកស ដែល​កន្លងមក គេសង្កេត​ឃើញថា គឺច្រើន​តែជា ពួក​ឧទ្ទាម​និង​មេដឹកនាំផ្តាច់ការ​នៅ​អាហ្វ្រិក​ ជា​ផ្ទាំង​ស៊ីប​។

តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាប់កំណើត​ឡើង​តាមរយៈសន្ធិសញ្ញា ចុះ​ឆ្នាំ​១៩៩៨ និង​ចាប់ផ្តើមបើក​ទ្វារ​ទទួល​សមាជិក​នៅថ្ងៃទី​១ កក្កដាឆ្នាំ២០០២។ សព្វថ្ងៃ​ មាន​រដ្ឋសមាជិក​ចំនួន​ ១២៣ ប៉ុន្តែ អ្វី​ដែល​ជាបញ្ហា​ចំណោទធំ គឺ​ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ធំៗ​ទាំងប្រាំ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ គឺមាន​ប្រទេស​តែពីរប៉ុណ្ណោះ ដែល​យល់​ព្រម​ចូល​ជាសមាជិក និងព្រម​ទទួល​យក​ដែន​យុត្តាធិការ​តុលាការ​នេះ។ នោះគឺ បារាំង​និងអង់គ្លេស។ ចិន​គឺចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ សហរដ្ឋអាមេរិក​ វិញ រកផ្លូវ​ពង្វាង​ជានិច្ច ហើយសម្ងំ​យក​ផល​ចំណេញ​ បើតុលាការ​នេះធ្វើទុក្ខបុកម្នេញ​សត្រូវ​របស់ខ្លួន។ រីឯ រុស្ស៊ី ​ចង់​តែ​ធ្វើ​ឲ្យ​តុលាការ​នេះ បែកបាក់​ផ្ទៃក្នុង។ នេះបើតាម​ការវិភាគ​របស់​សារព័ត៌មាន​បារាំង។​

តុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការ​ស៊ើប​អង្កេតនិងកាត់​ក្តី​ចំពោះ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ តួយ៉ាង​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ ឧក្រិដ្ឋកម្ម​ឈ្លានពាន​ ជាដើម។ តុលាការ​នេះ បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ប្រទេស​ចំនួន​១៦ តួយ៉ាង ចំពោះករណី​សម្លាប់រង្គាល​ពួក​រ៉ូហីងយ៉ា នៅភូមា, សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន, ជម្លោះ​តាលីបង់, ពួក​អង្គការដ្ឋអ៊ីស្លាម​នៅ​អាហ្វាហ្គានីស្ថាន និង​ជម្លោះ​នៅ​ឧបទ្វីប​វេណេស៊ុយអេឡា​ ជាអាទិ៍។ ក៏ប៉ុន្តែ តុលាការព្រហ្មទណ្ឌអន្តរជាតិ លំបាក​នឹងបើក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ចំពោះ​សង្គ្រាម​នៅ​ស៊ីរី និងនៅ​យ៉េមែន ព្រោះ​ប្រទេសទាំង​ពីរ​ ពុំ​បាន​​ផ្តល់​សត្យាប័ន​ចំពោះ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដើម្បីទទួល​យក​ដែន​យុត្តាធិការ​របស់​តុលាការ​​ទេ។​

ក្នុង​ឱកាស​ខួប​២០ឆ្នាំ នៃ តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក រដ្ឋអាជ្ញា Karim Khan ជាមេធាវី​អង់គ្លេសផង បាន​លើកឡើង​ថា សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​លើអ៊ុយក្រែន ចាប់ផ្តើមពី​ថ្ងៃ​ទី​២៤កុម្ភៈ​ បាន​ធ្វើ​ឲ្យ​ពិភព​លោក ដឹង​ពី​សារៈសំខាន់​នៃ​តួនាទី​និង​ដែន​យុត្តាធការ​របស់​តុលាការ​អន្តរជាតិ ដែល​បើ​តាម រដ្ឋអាជ្ញាតុលាការ គឺ​វា​ដល់​ពេល​ហើយ​ដែល​គេត្រូវ​ទទួល​យកដែនយុត្តាធការរបស់តុលាការអន្តរជាតិ ជា​សកល​​​​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ