អានតួអត្ថបទ

អូស្ត្រាលី-បារាំង សន្យា​​ផ្តើម«​កសាង​ទំនុកចិត្ត​»ឡើងវិញ

ថ្នាក់​ដឹកនាំ​បារាំង​និង​អូស្ត្រាលី​ បាន​អះអាង​ព្រម​គ្នា​ថា​មាន​ចេតនា​ចង់​«កសាង​ទំនុក​ចិត្ត»​ឲ្យ​គ្នា​ឡើង​វិញ​ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ បានជួបពើបប្រទះ​រឿង​រកាំរកូស​ខ្លាំង ក្រោយពេល​ដែល​ ​អូស្ត្រាលី​ ជាឯកតោភាគី លុប​ចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក​បារាំង។​ ការ​អះអាង​ជួសជុល​ខ្សែ​ចំណង​ការទូត​ដែល​ដាច់​រហែក​នេះ បាន​ប្រព្រឹត្ត​ទៅ​ នៅក្រុង​ប៉ារីស ជាទី​ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​និង​ភរិយា បាន​អញ្ជើញ​ទៅ​​ដោយផ្ទាល់ ដើម្បី​សំណេះសំណាល​ជាមួយ​លោក​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង នៅវិមាន​អេលីហ្សេ។

អូស្ត្រាលី-បារាំង សន្យាផ្តើម«កសាងទំនុកចិត្ត»ឡើងវិញ
អូស្ត្រាលី-បារាំង សន្យាផ្តើម«កសាងទំនុកចិត្ត»ឡើងវិញ AP - Thomas Padilla
ផ្សាយពាណិជ្ជកម្ម

​​មុន​នឹង​មក​ចាប់ដៃគ្នា​ជាថ្មី​នៅរដ្ឋធានី ​បារីស, ​ប្រមុខ​ថ្នាក់ដឹកនាំប្រទេស​ទាំងពីរ បានស្កាត់​ជួប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​​អង្គការ​អូតង់​ នៅក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ ​ដែល​ជា​សញ្ញាជាក់​ច្បាស់​ពី​ចំណាប់​ផ្តើម​ទៅរក​ការជួសជុល​​ភ្ជាប់​កាណាល់​ទាក់ទង​ទ្វេភាគី​ឡើងវិញ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី​ អង់តូនី អាល់បានីស៊ី (Anthony Albanese) បាន​បោះជំហាន​មុន ដោយ​បាន​លើកឡើង​ពី«​​ទំនុកចិត្ត ការ​គោរពគ្នា និងសេចក្តីស្មោះត្រង់»។​

ពី​ចំណែក​ខ្លួន ប្រធានាធិបតីបារាំង​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មាន​ប្រសាសន៍សបញ្ជាក់​សុឆន្ទៈថា ក្រោយ​ពីឆ្លង​កាត់​ដំណាក់​កាលដ៏លំបាក​​តឹងតែង​រួច​មក​ ប្រទេស​ទាំងពីរ នឹង​ស្ថាបនា​ទំនាក់ទំនង​ដោយឈរលើ​ទំនុកចិត្ត និងជា​ចំណងទាក់ទង​ដែល​ឈរ​លើ​ការ​គោរព​គ្នា​ទៅវិញទៅមក។ ​

តាំងតែពី​ពេល​​ជាន់​ដីបារាំង កាលណា​ភ្លាម​ ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​សង្កត់ថា​បារាំង​មិន​ត្រឹម​តែ​ជា​ប្រទេស​​ ធំ ខ្លាំង ប៉ុណ្ណោះទេ តែ​ក៏​ជា​មហាអំណាច​មិន​អាច​ប្រកែក​បាន​ នៅ​ក្នុង​តំបន់​ឥណ្ឌូ​បាស៊ីហ្វីក​និងនៅ​លើពិភ​ព​លោក។ លោក​ អង់់តូនី អាល់បានីស៊ី បញ្ជាក់​ទៀត​ថា ការពង្រឹង​កម្លាំង​កម្លាំង​បារាំង​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក គឺមាន​សារៈ​សំខាន់​ណាស់ ដើម្បីប្រឈម​តទល់​មុខ​នឹងការ​លិច​ត្រដេត​ឡើងកាន់​តែខ្លាំង​​នៃឥទ្ធិពល​មហាយក្ស​ចិន។​

រីឯ​ចំណែកប្រធានាធិបតីបារាំង ​លោក ម៉ាក្រុង បានចាក់​បណ្តោយ​ថា បារាំង​យើង​គឺជា​តួអង្គ​សំខាន់​នៅ​ក្នុង​តំបន់​នេះ ព្រោះ​យើង​មាន​ពលរដ្ឋបារាំង​ ប្រមាណ​ជាង​មួយ​លាន​នាក់​កំពុង​រស់​នៅ ហើយនិង ​មាន​ដាក់​ពង្រាយ​ទាហាន​បារាំង ជាង​៨ពាន់​នាក់​ ថែមទៀត។

នៅខែកញ្ញា ឆ្នាំមុន អូស្ត្រាលី ក្នុងអាណត្តិនាយករដ្ឋមន្ត្រីចាស់ គឺបានលុបចោលកិច្ចការសន្យាទិញនាវាមុជទឹកបារាំង ចំនួន១២គ្រឿង ដែលធ្វើឲ្យបារាំងខឹងជាខ្លាំង រហូតដល់មានជម្លោះផ្លូវទូត ទៀតផង។ ប៉ុន្តែ នៅខែឧសភាឆ្នាំនេះ ពេលដែល អូស្ត្រាលី មាននាយករដ្ឋមន្ត្រីថ្មី គឺលោក អង់តូនី អាល់បានីស៊ី ​ បានសូមអនុញ្ញាតបារាំង ដើម្បីចាប់ផ្តើមបើកទំព័រទាក់ទងគ្នា ជាថ្មី និងបានបញ្ចូនសញ្ញាជាវិជ្ជមានជាច្រើនជាបន្តបន្ទាប់ មកកាន់ទីក្រុងប៉ារីស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ