អានតួអត្ថបទ
អតិផរណា

សង្គ្រាម​អ៊ុយក្រែន ៖ អតិផរណាអាមេរិក​ឡើង​​ដល់​កំពូល ទស្សនវិស័យអឺរ៉ុប​កាន់​តែ​អាប់អួរ

អាមេរិកបន្ត​​ជួប​វិបត្តិ​​អតិផរណា​កាន់​តែ​ខ្លាំង​ៗ។​ តម្លៃទំនិញ​បាន​ឡើង​ថ្លៃ​៩,១%​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ជា​កំរិត​ដែល​អាមរិក​ពុំ​ធ្លាប់​ជួប​ប្រទះ​ទេ​ តាំងពី​ឆ្នាំ​១៩៨១មក។ ចំណែក​នៅ​អឺរ៉ុប ក៏​មិន​ប្រសើរ។ គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍ ទម្លាក់​ការ​ព្យាករ​ ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប​ សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​។ មូលហេតុ​ចម្បង​គឺ​បណ្តាល​មក​សង្គ្រាម​នៅអ៊ុយក្រែន។

សង្គ្រាម​អ៊ុយក្រែន ៖ អតិផរណាអាមេរិក​ឡើង​​ដល់​កំពូល ទស្សនវិស័យអឺរ៉ុប​កាន់​តែ​អាប់អួរ
សង្គ្រាម​អ៊ុយក្រែន ៖ អតិផរណាអាមេរិក​ឡើង​​ដល់​កំពូល ទស្សនវិស័យអឺរ៉ុប​កាន់​តែ​អាប់អួរ © ERIC GAILLARD/REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​ឧសភា គណៈកម្មការអឺរ៉ុប​​សំលឹង​ឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​​តំបន់​អឺរ៉ូ​មាន​​កំរិត​២,៧%​នៅ​ឆ្នាំ២០២២ និង​២,៣%​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​​​នៅថ្ងៃ​ទី​១៤​កក្កដា​នេះគណៈកម្មការ​បាន​បញ្ចុះ​ការ​ព្យាករ​វិញ ថា តំបន់​អឺរ៉ូ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​​២,៦%​នៅ​ឆ្នាំ​នេះ​ និង​ត្រឹម​តែ​១,៤%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៣។ ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អឺរ៉ូ អួរអាប់​ខ្លាំង​នៅ​ឆ្នាំ​ខាង​មុខ ព្រោះ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន បានធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផ្នែក​ថាមពល ពោល​គឺ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្លាំង ដែល​ចំហាយ​ឥទ្ធិពល​នឹង​ជះ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ។

ចំណែក​​​អតិផរណា ក៏​នឹងឡើង​ខ្លាំង​ដល់​ទៅ ៧,៦%​ បើ​គិត​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​២០២២ ហើយ​នឹង​ធ្លាក់​ចុះ​វិញ​២,៣%​នៅ​ឆ្នាំ​ក្រោយ ​មិនមែន​ធ្លាក់​ចុះ​​៤% ដូច​ការ​ព្យាករ​កាលពី​​ពីរ​ខែ​មុន​ទេ។ គណៈកម្មការអឺរ៉ុប​បាន​ព្រមាន​​បន្ថែម​ទៀត​ថា អតិផរណា​នៅអឺរ៉ុបអាច​នឹង​ឡើង​ខ្ពស់លើស​នេះ​​​​ទៀត ប្រសិន​បើ​តម្លៃ​ឧស្ម័ន​ឡើង​ថ្លៃ​ នៅពេល​រុស្ស៊ី​កាត់​ផ្តាច់​ទាំង​ស្រុង​មិន​បញ្ជូន​មក​ឱ្យ​អឺរ៉ុប។ នៅពេល​នោះ​ការ​ព្យាករ​សេដ្ឋកិច្ច​ ក៏​ត្រូវ​ចុះ​ទៅ​តាម​នោះ​ដែរ។

ប៉ុន្តែ​គណៈកម្មការ​អឺរ៉ុប​នៅ​មាន​សុទិដ្ឋនិយម ជឿ​ថាតំបន់​អឺរ៉ូ​នឹង​មិនធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ទេ។ អឺរ៉ុប​នឹង​ស្គាល់​ភាព​ប្រសើរ​ឡើង​ប្រសិន​បើ​តម្លៃ​ប្រេង និង​វត្ថុ​ធាតុ​ដើម​​ បន្ត​ធ្លាក់​ថ្លៃវិញ​។

នៅសហរដ្ឋ​អាមេរិក​ក៏​ដូច​គ្នា។ ​អាមេរិក​កំពុង​ ឆ្លង​កាត់វិបត្តិ​អតិផរណា​យ៉ាង​ធ្ងន់ធ្ងរ ជា​លំដាប់​ពី​មួយ​ខែ​ទៅ​មួយខែ។ ​​តម្លៃ​ទំនិញ គ្រប់​វិស័យ មាន​ជាអាទិ៍ ផ្ទះ​សម្បែង ប្រេង ស្បៀងអាហារ​ និង​វត្ថុ​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំ បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង នៅ​ក្នុង​ខែ​មិថុនា​២០២២នេះ។​ ជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពីឆ្នាំ​១៩៨១​មក តម្លៃ​ទំនិញ​បាន​ឡើង​ថ្លៃ​១០% ឯ​តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​៤១,៥% ក្នុង​មួយ​ឆ្នាំ​។ សម្រាប់​​លោក​ប្រធានាធិបតី​អាមេរិក ចូ​ បៃដិន បរិបទ​អន្តរជាតិ និយាយ​ឱ្យ​ចំ​គឺ​​សង្គ្រាម​នៅអ៊ុយក្រែន ជា​ដើម​ហេតុ​នាំ​ឱ្យ​តម្លៃ​ប្រេង​និង​ធញ្ញជាតិ​ឡើង​ថ្លៃ។ កំពុង​ស្ថិត​នៅ​តំបន់​ដើម​បូព៌ា​ លោក​បៃ​ដិន កំពុង​សាកល្បង​បញ្ចុះ​បញ្ចូល​អារ៉ាប៊ីសាអូឌីត ប្រទេស​នាំ​ចេញ​ប្រេង​លេខ​មួយ​ពិភពលោក ឱ្យ​ព្រម​ផលិតប្រេង​ច្រើន​ជាង​មុនដើម្បី​បញ្ចុះ​​តម្លៃ​ប្រេង​ ក្រែង​អាច​បន្ធូរ​បន្ថយ​វិបត្តិ​អតិផរណា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ