អានតួអត្ថបទ

នៅអឺរ៉ុប ប្រទេស​ជា​ច្រើន​ កំពុង​តែរងគ្រោះ​ដោយ​ភ្លើង​ឆេះព្រៃ

នៅអឺរ៉ុប ក្នុងមួយ​ខែ​មកនេះ រលកកម្តៅ​ក្តៅខ្លាំង​ មាន​ដល់ទៅ​២លើក ដែល​បាន​បង្ក​ឲ្យ​មា​ន​ហេតុភេទ អាក្រក់​​ជាច្រើន។ ​សីតុណ្ហភាព​ខ្ពស់ និង​ភ្លើង​ឆេះព្រៃ​ កំពុងតែ​​គ្រប​ដណ្តប់​នៅ​អឺរ៉ុប ​ចាប់​តាំង​ពីប្រទេស​ប័រទុយហ្កាល់ ​បារាំង អេស្ប៉ាញ  និង​អង់គ្លេស។ អ្នកជំនាញលើកឡើង​ថា​ នេះគ្រាន់តែ​ជា​មួយ​ចំណែក​តូចមួយ​​នៃ​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ។  

ភ្លើងឆេះនៅខាងត្បូង បារាំង ថ្ងៃទី​១៤ កក្កដា ២០២២។
ភ្លើងឆេះនៅខាងត្បូង បារាំង ថ្ងៃទី​១៤ កក្កដា ២០២២។ © AP
ផ្សាយពាណិជ្ជកម្ម

នៅប័រទុយហ្កាល់ រលកកម្តៅ​ក្តៅខ្លាំង​មួយ​សប្តាហ៍​មកហើយ និង​បាន​បង្កើត​ឲ្យ​ភ្លើង​ឆេះព្រៃ​បន្តកន្ទុយ​គ្នា​។ ភ្នាក់ងារ​ពន្លត់អគ្គិភ័យ បួន​ដប់​ក្រុម បាន​ចែកជើងគ្នា​គ្រប់គ្រង​ស្ថានការណ៍ ហើយ​គេ​ប្រមូល​ភ្នាក់ងារ​ពន្លត់​ភ្លើង ដល់ទៅ​ជាង​៩០០នាក់។ នៅ​ក្នុង​ហេតុការណ៍​ពន្លត់​ភ្លើង​នេះ យ៉ាង​ហោច​មាន​មនុស្ស​ស្លាប់​ពីរនាក់ ក្នុងនោះ ម្នាក់​ជា​អ្នក​បើក​យន្តហោះ​ដឹកទឹក​និង​ឧស្ម័ន​ដើម្បីពន្លត់ភ្លើង។ នេះបើតាម​ដំណឹង​របស់​ទីភ្នាក់​ងារ​​ព័ត៌មាន​ AFP។ គិត​ត្រឹម​ថ្ងៃទី​១៥កក្កដា នៅប័រទុយហ្កាល់ ព្រះអគ្គី​បាន​លេប​ត្របាក់​ព្រៃឈើ​ក្នុង​ផ្ទៃដី​៣ម៉ឺនហិកតា។

ចំណែក​នៅ​ស្រុក​បារាំង ប៉ែក​នីរតី គឺ​មាន​ភ្លើង​ឆេះ​ពីរ​កើត​ឡើង​ រាលដាល​ប្រមាណ​លើផ្ទៃដី​ ជិត​ ៨ពាន់​ហិកតា​។ ពីថ្ងៃ​អង្គារ ភ្លើង​ឆេះ​នៅ​ខាង​ត្បូង​ខេត្ត​​ប័រដូរ, បារាំង​ប្រមូល​​​ភ្នាក់ងារពន្លត់អគ្គិភ័យ ជាង​១ពាន់​ ទៅ​ជួយ​ពន្លត់​ភ្លើង ហើយ​ជម្លៀស​ប្រជាជន​ជាង​១ម៉ឺន១ពាន់​នាក់ ចេញពី​តំបន់​គ្រោះថ្នាក់។ នៅ​ថ្ងៃព្រហស្បតិ៍ ភ្លើង​ឆេះ​នៅ​ Avignon រាល់​ដាល​លើ​ផ្ទៃដី​ ១ពាន់​២រយ​ហិកតា។​

នៅ​អេស្ប៉ាញ ភ្លើង​ចេះ​ព្រៃ​កើត​មាន​ជាច្រើន​ពាន់​ហិកតា​រួច​មកហើយ ហើយ​រលក​កម្តៅ​ នៅតែ​បន្ត​កើនឡើង​ជាង​៤០អង្សា និងកន្លែង​ខ្លះ ជិត​៤៤អង្សា។ លោក​នាយករដ្ឋមន្ត្រី  Pedro Sanchez ប្រកាស​​ឲ្យ​ប្រុង​ប្រយ័ត្ន​ និង​ត្រៀម​ជម្លៀស​ប្រជាជន​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ ជាបន្ទាន់​។

នៅ​អង់គ្លេស​វិញ ជាលើកទី១ហើយ ដែល​អង់គ្លេស​ជួប​រលក​កម្តៅ​ក្តៅខ្លាំង រហូត​ដល់​ប្រកាស​អាសន្ន​ចំណុច​ក្រហម​។​ អ្នក​ជំនាញ​ខាង​អាកាសធាតុ Nikos Christidis មាន​ប្រសាសន៍ថា គេ​មិនដែល​នឹក​ស្មាន​ដល់​សោះ ឈាន​មកដល់​ដំណាក់​កាល​នេះ  ប៉ុន្តែ ទីបំផុត​ អង់គ្លេស​ត្រូវ​ប្រឈម​នឹង​អាកាស​ធាតុ​ក្តៅខ្លាំង​លើស​៤០អង្សា​។​ កាលពី​ឆ្នាំ​២០១៩ កម្តៅ​ក្តៅបំផុត ត្រឹមតែ​ជាង​៣៨អង្សា តែពេល​នេះ ដល់​ទៅ​៤០​អង្សា។​

អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ បាន​ទាញ​សញ្ញាអាសន្ន ឲ្យ​គេ​ប្រយ័ត្ន​ពី​គុណភាព​ខ្យល់ បន្ទាប់ពី​និងអំឡុង​ពេល​ ឆេះព្រៃ​នេះ និង​បន្តថា ​ហេតុការណ៍​នៅពេល​នេះ គឺ​គ្រាន់តែជាមួយចំណែកតូចនៃផលវិបាកនៃការប្រែប្រួលអាកាសធាតុ។ ពោលគឺ​មាន​ ​បណ្តាសាធម្មជាតិ​ ផ្សេងទៀតនឹង​កើត​ឡើង​ ប្រសិន​បើ​មនុស្ស​លោក​ មិន​ប្តូរ​ឥរិយាបថ​ ក្នុងការ​បំផ្លាញ​ធម្មជាតិ​ ទេនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ