អានតួអត្ថបទ
រុស្ស៊ី-ទណ្ឌកម្មសេដ្ឋកិច្ច

លោកពូទីន​ប្រាប់​ឲ្យគេតស៊ូ​យកឈ្នះ​លើ​ការលំបាក​ដែល​បង្ក​ឡើង​ដោយ ទណ្ឌកម្មសេដ្ឋកិច្ច

រុស្ស៊ី​កំពុង​ធ្លាក់ខ្លួន រងគ្រោះ​​ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់ក្រុមប្រទេស​លោកខាងលិច។ គឺ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​ផ្ទាល់​ដែលជា​អ្នកប្រកាសផ្ទាល់មាត់។ នៅក្នុង​កិច្ចប្រជុំ​តាមវីដេអូ ដែល​ត្រូវ​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍ជាតិ រុស្ស៊ី កាលពីថ្ងៃ​ចន្ទទី ១៨ កក្កដា លោកពូទីន​បាននិយាយ​ប្រាប់​ឲ្យគេ​តស៊ូ ជំនះ​ការលំបាក​ដ៏​ធំធេង ដែល​បន្សល់ដែលបង្កឡើង​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ក្រុមប្រទេស​លោកខាងលិច។ នៅ​ថ្ងៃចន្ទ ប្រមុខ​ការបរទេស​អឺរ៉ុប​បាន​អះអាង​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ដែលបានធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន កំពុង​ហុចផល​ជាបណ្តើរៗ​ហើយ។

ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច រុស្ស៊ី​លែង​អាច​ចូលប្រើប្រាស់សេវា​និង​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យារបស់​ប្រទេស​លោកខាងលិច
ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច រុស្ស៊ី​លែង​អាច​ចូលប្រើប្រាស់សេវា​និង​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យារបស់​ប្រទេស​លោកខាងលិច © AP Matthias Schrader
ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​រដ្ឋមន្រ្តីការបរទេស​អឺរ៉ុប​ត្រូវពិភាក្សា​ពីការដាក់ទណ្ឌកម្ម​ថ្មីបន្ថែម​លើ​រុស្ស៊ី នៅទីក្រុង​ព្រុចស៊ែល កាលពីថ្ងៃចន្ទ ប្រមុខការបរទេស​អឺរ៉ុប លោក ចូសែហ្វ បូរ៉ែល បាន​ទាត់ចោល​កាលើកឡើង​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប​មួយចំនួន​ដែល​ថា ទណ្ឌកម្ម​អឺរ៉ុប​ទៅលើ​រុស្ស៊ី ដោយសារ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន គឺជា​កំហុសឆ្គង ជា​ការយល់ច្រលំដ៏ធំមួយ។

មេដឹកនាំអឺរ៉ុប​ដែល​ប្រមុខការបរទេស​អឺរ៉ុប​ចង់និយាយ​សំដៅ គឺ​នាយករដ្ឋមន្រ្តី​ហុងគ្រី លោក​វិចទ័រ អរបាន ដែល​បាន​បរិហាររិះគន់​នយោបាយ​ដាក់​ទណ្ឌកម្មទៅលើ​រុស្ស៊ី ថា កំពុងធ្វើ​ឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​អឺរ៉ុប ច្រើន​ជាង​សេដ្ឋកិច្ច​រុស្ស៊ី។ សម្រាប់​ប្រមុខរដ្ឋាភិបាល​ហុងគ្រី ដែលជា​មនុស្សស្និទ្ធនឹង​លោក​ប្រធានាធិបតី​ពូទីន ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អឺរ៉ុប ទៅ​លើ​រុស្ស៊ី តាមរយៈ​ការឈប់ទិញនាំចូលប្រេងពីរុស្ស៊ី គឺប្រៀបបីដូចជា​អឺរ៉ុប​កំពុងបាញ់​បំផ្លាញសួតរបស់ខ្លួនឯង​យ៉ាងដូច្នេះ​ដែរ។ អឺរ៉ុបចេញ​វិធានការ​ដាក់ទណ្ឌកម្ម​ដើម្បី​ឲ្យ​រុស្ស៊ីឈឺ ប៉ុន្តែ គឺអឺរ៉ុប​ខ្លួនឯងទេ ដែលឈឺចាប់ជាង​រុស្ស៊ី។

រដ្ឋមន្រ្តីការបរទេស​លុចសំបួរវិញ បាន​ទាត់ចោល​គំនិតដែលទាមទារ​ឲ្យគេដកចោលទណ្ឌកម្ម​សេដ្ឋកិច្ច​ពីរុស្ស៊ី។ ប្រមុខការបរទេស​អឺរ៉ុប និង​មេដឹកនាំ​អឺរ៉ុប​មួយចំនួន​វាយតម្លៃថា ទណ្ឌកម្ម​កំពុងបំផ្លាញ​សេដ្ឋកិច្ច​រុស្ស៊ី ជាបណ្តើរៗ និង​ថា អឺរ៉ុប​នឹង​បង្កើនការដាក់ទណ្ឌកម្ម បើសិន​លោក​ពូទីន​មិនព្រមដកទ័ព​រុស្ស៊ី​ចេញពីអ៊ុយក្រែន។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោកខាងលិច​បាន​បង្ក​ផលវិបាក​ដ៏ធំធេង ព្រោះវា​បាន​ផ្តាច់​រុស្ស៊ី​មិន​ឲ្យប្រើបច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច ដែល​រុស្ស៊ីធ្លាប់តែ​ពឹងផ្អែកខ្លាំង​រហូតមក។ នេះជា​ប្រសាសន៍​របស់​ប្រមុខរដ្ឋរុស្ស៊ី ដែល​បាន​អំពាវនាវ​ឲ្យ​ តស៊ូ ជំនះលើ​ការលំបាក​ដ៏មហិមា ដែលបង្កឡើង​ដោយ​ការដាក់ទណ្ឌកម្ម​របស់ប្រទេស​លោកខាងលិច។ នៅក្នុង​កិច្ចប្រជុំ​តាមវីដេអូ ដែល​ទូរទស្សន៍​រុស្ស៊ី​ចាក់ផ្សាយ​កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​រុស្ស៊ី​បានប្រាប់​ឲ្យគេ​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយសម្រាប់បញ្ហាប្រឈមដ៏ធំ​របស់រុស្ស៊ី តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យាក្នុងស្រុក និង​អភិវឌ្ឍនវានុវត្តន៍​របស់​ក្រុមហ៊ុនជាតិ។

ដោយសារ​ទណ្ឌកម្ម​លើរុស្ស៊ី ដែលចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ដូចជា Microsoft Apple Google Adobe ឬ​Cisco​បាន​ចាកចេញ​ពី​ទឹកដី​រុស្ស៊ី ដែលជា​ហេតុ​ធ្វើ​ឲ្យ​អតិថិជន​ដូចជា​ក្រុមហ៊ុន និង​ស្ថាប័ន​រុស្ស៊ី លែង​បាន​ប្រើប្រាស់ ទទួល​សេវា​តទៅទៀត។ តាម​ប្រធានាធិបតី​រុស្ស៊ី ទណ្ឌកម្ម​របស់លោកខាងលិច​បានប៉ះពាល់​ផងដែរ ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យារុស្ស៊ី ដូចជា​Yandex និង​Ozon ដែល​ធ្លាប់រកបានប្រាក់ចំណូល​នៅ​ទីផ្សារ​អន្តរជាតិ ឬ​ក៏ ធ្លាប់ធ្វើការជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស។ សម្រាប់​ប្រធានាធិបតីរុស្ស៊ី នៅចំពោះមុខការប្រឈម​ដ៏ធំសម្បើម វាចាំបាច់ណាស់ ដែល​រុស្ស៊ី​ត្រូវ​អភិវឌ្ឍ​ឲ្យបានឆាប់បំផុត នូវ​យន្តការ​នានា នៅក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ​រុស្ស៊ី ដើម្បី​ជួយឲ្យ​​ក្រុមហ៊ុនថ្មីថ្មោង​អាចរីកចម្រើន ទៅមុខ។

ការអំពាវនាវ​របស់​ប្រធានាធិបតី​រុស្ស៊ី​អាច​មិនសូវ​មាន​ប្រសិទ្ធិភាព ព្រោះថា ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច រុស្ស៊ី បាន​បាត់បង់​ធនធាន​មនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេស នៅក្រោយ​ការរត់ចំណាកស្រុក​របស់​ជនជាតិរុស្ស៊ី​រាប់ម៉ឺននាក់ ដែលធ្លាប់បម្រើការក្នុងផ្នែក​បច្ចេកវិទ្យា។ ​លោក​ពូទីន បាន​និយាយ​ហើយថា រុស្ស៊ី​នៅ​ខ្វះ​ធនធានមនុស្ស​ខាងផ្នែក​បច្ចេកវិទ្យា ប្រមាណ ១លាននាក់ នៅ​ឆ្នាំ ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ