អានតួអត្ថបទ
ស្រូវសាលី

អ៊ុយក្រែនចោទប្រកាន់​រុស្ស៊ីថាបាន​បាញ់មីស៊ីល​បំផ្លាញ​កន្លែងស្តុកស្រូវសាលី នៅ​កំពង់ផែអូដេសា

អ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​កាលពីថ្ងៃ​សៅរ៍ម្សិលមិញថា បាន​បាញ់មីស៊ីលបណ្តែត​សំដៅ​កំពង់ផែ អូដេសា ដែល​ជា​ទីតាំងស្តុក​ស្រូវសាលី​សំខាន់​បំផុត​របស់​អ៊ុយក្រែន។ ភាគីអ៊ុយក្រែន​ចាត់ទុកទង្វើ​របស់​រុស្ស៊ីថា ជា​ការស្តោះទឹកមាត់ ដាក់​មុខ​អង្គការសហប្រជាជាតិ និង​តួកគី ព្រោះថា វាកើតឡើង​នៅមួយថ្ងៃ​ក្រោយ រុស្ស៊ីបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ស្តីពីការបើកផ្លូវ សម្រាប់​ការនាំចេញស្រូវសាលីអ៊ុយក្រែន​តាម​ច្រកសមុទ្រខ្មៅ ដែលនៅក្នុងនោះមានផងដែរ ពី​កំពង់ផែ​អូដេសា។ រុស្ស៊ីវិញ បាន​ប្រាប់​ក្រសួងការពារជាតិ​តួកគីថា រុស្ស៊ីគ្មានជាប់ពាក់ព័ន្ធនឹង​ការបាញ់មីស៊ីល​បំផ្លាញ​កំពង់ផែ​អូដេសា នោះទេ។

កន្លែងស្តុកស្រូវសាលី​អ៊ុយក្រែន​នៅ​កំពង់ផែអូដេសា ដែល​កងទ័ពអ៊ុយក្រែនអះអាងថា បានរងការវាយប្រហារ​គ្រាប់មីស៊ីលរុស្ស៊ី កាលពីថ្ងៃទី ២៣​កក្កដា ២០២២
កន្លែងស្តុកស្រូវសាលី​អ៊ុយក្រែន​នៅ​កំពង់ផែអូដេសា ដែល​កងទ័ពអ៊ុយក្រែនអះអាងថា បានរងការវាយប្រហារ​គ្រាប់មីស៊ីលរុស្ស៊ី កាលពីថ្ងៃទី ២៣​កក្កដា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងរុស្ស៊ី អ៊ុយក្រែនស្តីពីការបើកច្រកសម្រាប់នាំចេញស្រូវសាលី​អ៊ុយក្រែន ចូលជា​ធរមាន មិនបាន​មួយថ្ងៃផង ភាគីអ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់មីស៊ីល​បណ្តែត​សំដៅ​កំពង់ផែ​អូដេសា ដែលជាទីតាំងស្តុកស្រូវសាលី​របស់អ៊ុយក្រែន។

នៅលើបណ្តាញតេឡេក្រាម ទីបញ្ជាការដ្ឋាន​ក្រុមប្រតិបត្តិការ​ខាងត្បូង​របស់​កងទ័ពអ៊ុយក្រែន​បាន​សរសេរ​ថា នៅ​ព្រឹកថ្ងៃ​សៅរ៍ មីស៊ីលបណ្តែត​របស់​រុស្ស៊ី បាន​ធ្លាក់​លើ​កំពង់ផែ​អូដេសា ចំណែក​មីស៊ីលរុស្ស៊ី ពីរទៀត ត្រូវ​ប្រព័ន្ធការពារ​ដែនអាកាសអ៊ុយក្រែន​បាញ់ស្ទាក់​បំផ្លាញបានមុន។

ភ្លាមៗ ក្រសួងការបរទេស​អ៊ុយក្រែន​បាន​ទូរស័ព្ទ​ជូនដំណឹង​អង្គការសហប្រជាជាតិ និង​ប្រទេស​តួកគី ដែលជាអ្នកជួយផ្ចុងផ្តើម ជំរុញ ឲ្យមានការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការនាំចេញស្រូវសាលីអ៊ុយក្រែន។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ បាន​និយាយ​ថ្កោលទោស ការវាយប្រហារ​ទៅលើ​កំពង់ផែអូដេសា។ នេះបើតាម​អ្នកនាំពាក្យ លោក​Farhan Haq។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃសៅរ៍ អ្នកនាំពាក្យ​របស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ​បាន​សង្កត់ធ្ងន់ថា ស្រូវសាលីអ៊ុយក្រែន​គឺ​ជា​តម្រូវការ​ចាំបាច់បំផុត​ដើម្បីសម្រាល​វិបត្តិខ្វះស្បៀង និងការឈឺចាប់ ភាពអត់ឃ្លាន​របស់​ប្រជាជនរាប់លាន​នៅក្នុងពិភពលោក។ ដូច្នេះ ​ភាគី​ហត្ថលេខី តួកគី រុស្ស៊ី និងអ៊ុយក្រែន ត្រូវ​គោរព​អនុវត្ត ជាបន្ទាន់។

រដ្ឋមន្រ្តី​ការពារ​ជាតិ​តួកគីវិញ ដែលជា​ភាគីហត្ថលេខី​មួយដែរ​នៃកិច្ចព្រមព្រៀង បាន​សំដែង​ក្តីបារម្ភ ​ដែល​ឃើញ​ឧប្បត្តិហេតុ​កើតឡើង នៅតែ​មួយថ្ងៃ​ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង។ ទៅតាម​កិច្ចព្រមព្រៀង ដែលចុះហត្ថលេខា​ដោយ​រុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ រុស្ស៊ី និង​អ៊ុយក្រែន​យល់ព្រម​អនុវត្តបទ​ឈប់បាញ់ នៅសមុទ្រ​ខ្មៅ​ដើម្បី​ធានាសុវត្ថិភាព សម្រាប់ចរាចរណ៍​ដឹកជញ្ជូន​ស្រូវសាលី​អ៊ុយក្រែន ២៥លានតោន​ដែល​នៅជាប់គាំង​នៅកំពង់ផែ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

តាម​រដ្ឋមន្រ្តីការពារ​តួកគី សមភាគី​រុស្ស៊ី ដែល​លោក​បានទាក់ទង បាន​និយាយ​ថា រុស្ស៊ី គ្មានជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​កំពង់ផែ​អូដេសា កាលពីថ្ងៃសៅរ៍ម្សិលមិញនោះទេ។ នៅ​រសៀលថ្ងៃ​សៅរ៍ កងទ័ពអ៊ុយក្រែន​បាននិយាយ​ថា ការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី​មិនបាន​បង្ក​ឲ្យមានការខូចខាតធំដំនៅកំពង់ផែអូដេសា ពោល​គឺគ្រាប់មីស៊ីលរុស្ស៊ី​មិនបាន​បំផ្លាញ ចំ​ទីតាំង​ស្តុកស្រូវសាលី​អ៊ុយក្រែន នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ