អានតួអត្ថបទ
អាហ្វ្រិក-ស្បៀងអាហារ

សហភាពអាហ្វ្រិក​អបអរសាទរ​កិច្ចព្រមព្រៀង​អ៊ុយក្រែន រុស្ស៊ី ស្តីពីការនាំចេញស្រូវសាលី

អាហ្វ្រិកដែលពឹងផ្អែក​ខ្លាំង​លើការនាំចូលស្រូវសាលី​អ៊ុយក្រែន និង​រុស្ស៊ី បាន​សំដែងក្តីត្រេកអរ ដែលឃើញ រុស្ស៊ី និង​អ៊ុយក្រែន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបណ្តោះ​ចេញ​ស្រូវសាលី អ៊ុយក្រែន ដែល​ជាប់គាំង​ដោយសារ​សង្រ្គាម។ នៅក្នុង​សេចក្តីថ្លែងការណ៍របស់ខ្លួន នៅ​ថ្ងៃ​សៅរ៍​នេះ សហភាពអាហ្វ្រិក​និយាយ​ចាត់ទុកកិច្ចព្រមព្រៀង រុស្ស៊ី និងអ៊ុយក្រែន ថា ជា​ការឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​មេដឹកនាំសហភាព​អាហ្វ្រិក នៅក្នុង​អំឡុងជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូទីន កាលពី​ដើម​ខែ​មិថុនា​កន្លងទៅ។

ប្រជាជន​នៅជំរំ​ក្នុងប្រទេស​អេត្យូពី ទទួលស្រូវសាលី​ នៅខែ​មករា ឆ្នាំ ២០២២
ប្រជាជន​នៅជំរំ​ក្នុងប្រទេស​អេត្យូពី ទទួលស្រូវសាលី​ នៅខែ​មករា ឆ្នាំ ២០២២ via REUTERS - WORLD FOOD PROGRAMME
ផ្សាយពាណិជ្ជកម្ម

អាហ្វ្រិក​ដែល​មាន​ពាក់កណ្តាល​ស្រូវសាលី​របស់ខ្លួន នាំចូល​ផ្ទាល់​មកពី​រុស្ស៊ី និងអ៊ុយក្រែន អបអរស្វាគម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​គូជម្លោះទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃសុក្រ​នៅទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី។ សម្រាប់​សហភាពអាហ្វ្រិក កិច្ចព្រមព្រៀង​ស្តីពីការបើកផ្លូវ​សម្រាប់​នាំចេញស្រូវសាលី​អ៊ុយក្រែន គឺ​ជា​ទិសដៅចង់បាន​របស់​មេដឹកនាំ​សហភាពអាហ្វ្រិក លោក​Macky Sall នៅក្នុងជំនួប​ជាមួយ​លោក​ប្រធានាធិបតីពូទីន នៅទីក្រុង​សុតឈី។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់សហភាពអាហ្វ្រិក នៅថ្ងៃ​សៅរ៍ ទី ២៣​កក្កដា។

នៅក្នុង​សារទ្វីត លោក​ប្រធានាធិបតីសេណេហ្កាល់ ​Macky Sall បាន​សរសេរ​ថ្លែងអំណរគុណ លោក​ប្រធានាធិបតីពូទីន លោកប្រធានាធិបតី ហ្សេឡេនស្គី និង​ប្រធានាធិបតី​អ៊ែរដូហ្កាន ដែលប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង ស្តីពី​ស្រូវសាលីអ៊ុយក្រែន។

សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​បង្អាក់​ការនាំចេញ​ស្រូវសាលី​របស់អ៊ុយក្រែន​បាន​បង្កើត​ឲ្យមាន​វិបត្តិខ្វះស្បៀង ទំនិញឡើងថ្លៃ នៅក្នុង​ពិភពលោក ជាពិសេស នៅបណ្តាប្រទេស​នៅ​អាហ្វ្រិក ដូចជា​នៅតំបន់ស្នែងអាហ្វ្រិក ដែល​កំពុង​ជួប​គ្រោះទុរ្ភិក្ស​ដោយសារ​ភាពរាំងស្ងួត និងគ្រោះទឹកជំនន់ ៥ឆ្នាំជាប់គ្នា។

នៅថ្ងៃសុក្រ អង្គការ​ដែលធ្វើការ​ទៅតំបន់​អាហ្វ្រិក ឈ្មោះ គណៈកម្មាធិការ​សង្រ្គោះអន្តរជាតិ បាន​ចេញសេចក្តីថ្លែងការណ៍​អបអរ និងចាត់ទុក​កិច្ចព្រមព្រៀង​អ៊ុយក្រែន និង​រុស្ស៊ី ថា ជាដំណាក់កាល​សម្រាប់ឈាន​ទៅ​ដោះស្រាយ​វិបត្តិស្បៀង​ក្នុងពិភពលោក។

តាម​ប្រធាន​ គណៈកម្មាធិការ​សង្រ្គោះអន្តរជាតិ ការបញ្ចេញស្រូវសាលីអ៊ុយក្រែន​នឹងជួយសម្រាល កាត់បន្ថយ​គ្រោះអត់ឃ្លាន​របស់​ប្រជាជន​ជាង ១៨លាននាក់ នៅអាហ្វ្រិកខាងកើត ដែលនៅក្នុងនោះ ៣លាននាក់​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ដាច់អាហារធ្ងន់ធ្ងរ។

កម្មវិធី​ស្បៀង​អាហារពិភពលោក​ធ្លាប់​បាន​បង្ហាញថា មនុស្សជាង​៤៧លាននាក់​បន្ថែមទៀត នៅក្នុងពិភពលោក​ធ្លាក់ខ្លួន​ប្រឈម​នឹង​គ្រោះអត់ឃ្លាន ចាប់តាំង​ពីការផ្ទុះសង្រ្គាមអ៊ុយក្រែន។

សម្រាប់​ប្រធានាធិបតី អាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា វិបត្តិស្រូវសាលី​អ៊ុយក្រែន​លើកនេះ ក៏​អាច​ជា​សារ​ដាស់ស្មារតី​ប្រជាជន​អាហ្វ្រិក​ឲ្យ​ភ្ញាក់ដឹងខ្លួន ថា ត្រូវតែ​ប្រែក្លាយខ្លួន​ជាអ្នកផលិតស្រូវសាលី និងជីគីមី ដោយខ្លួនឯង ដោយ​លែងពឹងអាស្រ័យ​លើ​ការនាំចូល​មកពី​ប្រទេសអឺរ៉ុប​តទៅទៀត។ ឡើង​ថ្លែង​នៅក្បែរ​ប្រធានាធិបតីអាហ្វ្រិកខាងត្បូង នៅទីក្រុង​Pretoria លោក​អាឡាសាន អួតារ៉ា ប្រធានាធិបតី កូឌីវ័រ ឯណោះវិញ បញ្ជាក់ថា នៅក្នុង​កិច្ចសន្ទនាតាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន នៅដើមសប្តាហ៍នេះ លោក​បាន​ទាមទារ​ថា អាហ្វ្រិក​គួរ​តែ​ជា​ទិសដៅ​អាទិភាព សម្រាប់​ការនាំចេញស្រូវសាលី​ដំបូងគេ​របស់​អ៊ុយក្រែន បន្ទាប់ពីជាប់គាំង​ជាង​៥ខែ​ដោយសារ​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ