អានតួអត្ថបទ
អង់គ្លេស-កំពស់ទឹកសមុទ្រ

របាយការណ៍​បង្ហាញ​កំពស់​ទឹកសមុទ្រ​នៅអង់គ្លេស ឡើង​កាន់​តែ​លឿន

កំពស់ទឹកសមុទ្រ​នៅអង់គ្លេស​កើនឡើងខ្ពស់ ក្នុងល្បឿនមួយដ៏លឿន បើប្រៀបធៀបនឹង​សតវត្សរ៍​ទី​២០។ តាមរបាយការណ៍​ប្រចាំឆ្នាំ​ដែល​ការិយាល័យ​ឧតុនិយម​ជាតិ​អង់គ្លេស ចេញផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២៨​កក្កដា ការកើន​ឡើង​លឿន​នៃ​កំពស់ទឹកសមុទ្រ​កំពុង​គំរាមកំហែង តំបន់នៅតាម​ឆ្នេរសមុទ្រ។ សម្រាប់​អ្នកជំនាញឧតុនិយមអង់គ្លេស ជាមួយ​កំពស់​ទឹកសមុទ្រ​កើនឡើង ខ្យល់ព្យុះ​កាន់តែ​សាហាវ​អាច​វាយបោកបក់ បង្កការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ។

ទឹករលកដោយសារ​ព្យុះCiaraវាយបោក​ទៅលើ​ Newhavenភាគខាងត្បូងអង់គ្លេស នៅ​ឆ្នាំ ២០២០
ទឹករលកដោយសារ​ព្យុះCiaraវាយបោក​ទៅលើ​ Newhavenភាគខាងត្បូងអង់គ្លេស នៅ​ឆ្នាំ ២០២០ AP - Matt Dunham
ផ្សាយពាណិជ្ជកម្ម

ដោយផ្អែក​លើ​ការសង្កេតអាកាសធាតុ និង​ព្រឹត្តិការណ៍​ឧតុនិយម​នៅ​ឆ្នាំ ២០២១ ការសិក្សា​របស់​ការិយាល័យ​ឧតុនិយមជាតិអង់គ្លេស​កត់សំគាល់ឃើញ ផលប៉ះពាល់​នៃ​ការឡើងកំដៅ ទៅលើ​អាកាសធាតុ នៅប្រទេស​អង់គ្លេស។

នៅប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ អង់គ្លេស​មានអាកាសធាតុ​ក្តៅ​ជាងមុន សើម​ជាងមុន និង​សំបូរថ្ងៃច្រើនជាងមុន បើប្រៀបធៀប​នឹង​ដើម​សតវត្សរ៍​ទី​២០។ របាយការណ៍​ចេញផ្សាយ នៅក្រោយ​អង់គ្លេសទើបជួបរលកកំដៅខ្លាំង កាលពី​សប្តាហ៍មុន នៅពេល​ឧបករណ៍ ទែរម៉ូម៉ែត្រ​បង្ហាញ លេខ ៤០,៣អង្សា។

តាមរបាយការណ៍សង្ខេប ការប្រែប្រួលអាកាសធាតុ​មិនត្រឹមជាបញ្ហាសម្រាប់​អនាគត ប៉ុន្តែ ឥទ្ធិពល​របស់​វា​កំពុង​ជះអាក្រក់​រួចទៅហើយ​ទៅលើ​ជីវភាពរស់នៅ​របស់​ប្រជាជន​អង់គ្លេស​សព្វថ្ងៃ។

អ្នកជំនាញ​ឧតុនិយម​បាន​កត់សំគាល់​ក្នុង​របាយការណ៍​ដែរថា កំពស់ទឹកសមុទ្រ នៅ​បីទសវត្សរ៍​ចុងក្រោយនេះ បានកើនលឿន ទ្វេដង នៅតាម​កន្លែងខ្លះ បើ​ប្រៀបធៀប​នឹង​ដើម​ឆ្នាំ ១៩០០។ ចាប់តាំង​ពី​ឆ្នាំ ១៩០០ កំពស់ទឹកសមុទ្រ​នៅ​អង់គ្លេស​កើន​ឡើង ១៦,៥សង់ទីម៉ែត្រ ពោល​គឺ​ប្រមាណ ពី ៣ទៅ ៥,២មីលីម៉ែត្រ​ក្នុងមួយឆ្នាំ។ ជាកំណើនទ្វេដង បើប្រៀបធៀប​នឹង​ដើម​សតវត្សរ៍​ទី ២០ ដែលកំពស់ទឹកសមុទ្រ​កើនឡើង​ប្រមាណ ១,៥​មីលីម៉ែត្រ​ក្នុងមួយឆ្នាំ។ មូលហេតុ​ដែលធ្វើ​ឲ្យកំពស់ទឹកសមុទ្រ​កើនឡើង គឺច្បាស់ណាស់ ការរលាយដុំទឹកកក នៅ​តំបន់​Groenland និង​នៅ​តំបន់​អង់តាក់ទិក។

ប្រទេស​កោះអង់គ្លេស​កំពុងប្រឈមរួចហើយ​នឹង​ការសឹក​រេចរិលតំបន់ឆ្នេរ ដោយសារ​ការវាយបោកបក់របស់ខ្យល់ព្យុះ និង​រលកយក្ស។ ថ្មីៗនេះ របាយការណ៍​របស់​ទីភ្នាក់ងារ​បរិស្ថាន​អង់គ្លេស​បាន​វាយតម្លៃថា ប្រជាជនម្នាក់ ក្នុងចំណោម​៦នាក់ ត្រូវប្រឈម​នឹង​គ្រោះទឹកជំនន់ ដោយសារ​ទឹកភ្លៀង ឬ​ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ ចំណែក ប្រជាជន​អង់គ្លេស​១លាននាក់ ត្រូវ​ប៉ះពាល់ដោយផ្ទាល់​ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រ ពីពេលនេះ រហូត​ដល់​ចុងសតវត្សរ៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ