អានតួអត្ថបទ
អាល្លឺម៉ង់-នុយក្លេអ៊ែរ

អាល្លឺម៉ង់៖ ប្រឈម​នឹងវិបត្តិ​ខ្វះថាមពល ​លោកអូឡាហ្វ ស្ហុលស៍​បើកផ្លូវ​ឲ្យ​​បន្ត​ដំណើរការ​​​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ

រដ្ឋាភិបាល​អាល្លឺម៉ង់អាចនឹង​សម្រេច អនុញ្ញាត​ឲ្យរោងចក្រអគ្គិសនីនុយក្លេអ៊ែរ ចំនួន​៣ស្ថានីយ៍ចុងក្រោយ​ ដែលត្រូវបិទនៅចុងឆ្នាំ​នេះ អាច​បន្តដំណើរការ​តទៅទៀតបាន។ នេះគឺជាលើកឡើង របស់​លោក​ អូឡាហ្វ ស្ហុលស៍ ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីរសៀលថ្ងៃពុធទី​៣សីហា។ ការលើកឡើង ក្នុងន័យ​បើក​ផ្លូវឲ្យ​បន្ត​ប្រើថាមពលអគ្គិសនីនុយក្លេអ៊ែរនេះ គឺដោយ​សារតែ​អាល្លឺម៉ង់ កំពុងតែប្រឈម​នឹងបញ្ហាខ្វះថាមពលប្រើប្រាស់ បន្ទាប់​ពីរុស្ស៊ីបានកាត់​បន្ថយ​ការផ្គត់ផ្គង់ឧស្ម័ន​។

ស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ Neckarwestheim គឺជាស្ថានីយ៍មួយក្នុងចំណោម​ទាំង៣ ដែល​នៅដំណើរការ​។ រូបភាពថតថ្ងៃទី ២៦ កក្កដា ២០២២
ស្ថានីយ៍អគ្គិសនីនុយក្លេអ៊ែរ Neckarwestheim គឺជាស្ថានីយ៍មួយក្នុងចំណោម​ទាំង៣ ដែល​នៅដំណើរការ​។ រូបភាពថតថ្ងៃទី ២៦ កក្កដា ២០២២ AP - Christoph Schmidt
ផ្សាយពាណិជ្ជកម្ម

ការបន្តប្រើប្រាស់​ថាមពលអគ្គិសនី​បានមកពីនុយក្លេអ៊ែរ លែងជា​រឿងដែលថ្នាក់ដឹកនាំអាល្លឺម៉ង់ ខ្លាចមិនហ៊ានលើក​មកនិយាយទៀតហើយ​។​ សង្គ្រាម​នៅអ៊ុយក្រែន ដែលបាន​បង្កឲ្យ​មានវិបត្តិថាមពល បានធ្វើ​ឲ្យ​ផុសផុល​នូវការជជែកដេញដោល ក្នុងចំណោម​ថ្នាក់ដឹកនាំនយោបាយ​អាល្លឺម៉ង់ ទាក់ទិននឹងការរិះរកប្រភពថាមពលផ្សេងទៀត។

លោកប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បានបញ្ជាក់កាលពីរសៀលថ្ងៃពុធ ថារដ្ឋាភិបាល​អាចនឹងសម្រេច អនុញ្ញាតឲ្យរោងចក្រនុយក្លេអ៊ែរទាំង៣ អាចបន្តដំណើរការផលិតអគ្គិសនីតទៅទៀត។ លោក​បានបន្ថែមថា ក្នុងកាលៈទេសៈពេលនេះ បើទោះបីរោងចក្រ​អគ្គិសនីនុយក្លេអ៊ែរទាំង៣នោះ មានចំណែក​ផលិតអគ្គិសនី​បន្តិចបន្តួចក្តី តែ​ការ​បញ្ឈប់ដំណើរការរបស់វា វាគឺជារឿងមួយ​មិនសមហេតុផលទេ ព្រោះថាទោះយ៉ាងណា វាក៏បាចផលិតថាមពលអគ្គិសនី​បានមួយចំនួនតូចដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានសល់​ស្ថានីយផលិត​អគ្គិសនីដើរដោយ​ថាមពលនុយក្លេអ៊ែរ ចំនួន​៣ស្ថានីយ៍ ដែលនៅដំណើរការ​នៅអាល្លឺម៉ង់។ តាមការគ្រោងទុក ក្នុងគម្រោងចាកចេញពីថាមពលនុយក្លេអ៊ែរទាំងស្រុង ដែលរដ្ឋាភិបាល​​របស់​​​លោកស្រី​មែរកិលបានសម្រេច គឺរោងចក្រទាំង៣ចុងក្រោយ​នេះ នឹងត្រូវបិទទ្វារឈប់ដំណើរការ​នៅដំណាច់ឆ្នាំ​២០២២នេះ។

ប្រឈមនឹង​បញ្ហា​ខ្វះថាមពល​ប្រើ​ប្រាស់ ដោយសារតែរុស្ស៊ីកាត់បន្ថយ​យ៉ាងគំហុក នូវ​ទំហំឧស្ម័ន​ដែលផ្គត់ផ្គង់មកឲ្យអឺរ៉ុប រដ្ឋាភិបាលអាល្លឺម៉ង់បានពិចារណាឲ្យរោងចក្រទាំងនេះ បន្តដំណើរការ​បណ្តោះអាសន្នសិន។ រោងចក្រទាំង៣នេះ អាចផលិត​ចរន្តអគ្គិសនី​បានចំនួន​៦% នៃការផលិត​ចរន្តអគ្គិសនី​​ទាំងអស់​​របស់អាល្លឺម៉ង់។ គម្រោងវិធានការ​នេះ​ ក៏បាន​បង្កើតឲ្យ​មានការខ្វែងគំនិតគ្នាដែរ នៅក្នុង​រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ ដែល​មាន​ក្រុមគណបក្ស​បរិស្ថាននិយមចូលរួមដែរ។

យ៉ាងណាក៏ដោយ លោក​អូឡាហ្វ ស្ហុលស៍ បានអះអាងថា រដ្ឋាភិបាល​នឹងសម្រេចនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានទទួលលទ្ធផល​ត្រួតពិនិត្យ ពីក្រុមអ្នកជំនាញ​ ទាក់ទិននឹងសុវត្ថភាពសន្តិសុខ ថាតើ​រោងចក្រនុយក្លេអ៊ែរទាំង៣នេះ​ អាចបន្តដំណើរបាន​ដែរឬទេ ហើយក្នុងរយៈពេល​ប៉ុន្មាន។ លោកអូឡាហ្វ ស្ហុលស៍ បញ្ជាក់ថា អាល្លឺម៉ង់ត្រូវតែប្រឹងប្រែងចូលរួមសាមគ្គីជាមួយ​ប្រទេសអឺរ៉ុបដ៏ទៃទៀត ដែល​ជួបបញ្ហា​ខ្វះថាមពលប្រើទាំងអស់គ្នា ហើយកំពុងរិះរក​ប្រភពថាមពលផ្សេងទៀតក្រៅពីរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ