អានតួអត្ថបទ
រុសុី្ស-អាមេរិក

រុស្ស៊ីថាត្រៀមខ្លួនក្នុងការចរចាប្តូរអ្នកទោស បន្ទាប់ពីបានកាត់ក្តីអោយកីឡាការិនីអាមេរិកជាប់ពន្ធនាគារ

ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រមិ្សលមិញ ថាបានរៀបចំខ្លួនរួចរាល់ ក្នុងការចរចាជាមួយប្រធានាធិបតីអាមេរិច ក្នុងការផ្លាស់ប្តូរអ្នកទោស បន្ទាប់ពីតារាជើងឯកបាល់បោះអាមេរិក Brittney Griner ត្រូវបានកាត់ទោសដោយតុលាការរុស្ស៊ីអោយជាប់ទោសពីថ្ងៃព្រហស្បតិ​ ពីបទកាន់កាប់និង រត់ពន្ធគ្រឿងញៀន ។

ម្ចាស់ជើងឯកបាល់បោះ NBA និងម្ចាស់មេដាយមាស អូឡាំពិក២សម័យ ឈ្មោះ Brittney Griner មើលមកក្រៅពីចន្លោះរបារគុក ​ស្តាប់សេចក្តីប្រកាសសាលក្រមរបស់តុលាការ  នៅថ្ងៃទី០៤​ សីហា ២០២២
ម្ចាស់ជើងឯកបាល់បោះ NBA និងម្ចាស់មេដាយមាស អូឡាំពិក២សម័យ ឈ្មោះ Brittney Griner មើលមកក្រៅពីចន្លោះរបារគុក ​ស្តាប់សេចក្តីប្រកាសសាលក្រមរបស់តុលាការ នៅថ្ងៃទី០៤​ សីហា ២០២២ © Evgenia Novozhenina / AP
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបញ្ជាក់ពីថ្ងៃសុក្រនេះ ក្នុងសន្និសីទកាសែតនៅប្រទេសកម្ពុជាថា ប្រទេសរបស់លោកបានបើកចំហទទួលយកការចរចាអំពីបញ្ហានេះ ប៉ុន្តែនឹងធ្វើទៅតាមយន្តការណាមួយដែលបានកំណត់ និងយល់ព្រមដោយប្រធានាធិបតីទាំងពីរតែប៉ុណ្ណោះ។

ម្ចាស់ជើងឯកបាល់បោះ NBA និងម្ចាស់មេដាយមាស​​ អូឡាំពិក២សម័យនេះ ត្រូវបានគេចាប់ខ្លួននៅក្នុងខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុងមូស្គូ បន្ទាប់ពីបានរកឃើញថា គាត់បានយកបារីអេឡិចត្រូនិចដែលមានផ្ទុកប្រេងកញ្ឆាមកតាមខ្លួន។

តារាបាល់បោះមួយរូបនេះ បាន​យល់ព្រម​ទទួល​ខុស​ត្រូវទាំងស្រុងលើបទល្មើសនេះ ប៉ុន្តែគាត់នៅតែអះអាងថា គាត់ពុំ​មាន​ចេតនា​បំពាន​ ឬ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះឡើយ ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់ មុនការប្រកាសសាលក្រមរបស់តុលាការ  គាត់បានបញ្ជាក់ថានេះពិតជាកំហុសដោយអចេតនាមួយ ដែលគាត់បានធ្វើឡើងក្នុងស្ថានភាពប្រញាប់ប្រញាល់ ពេលធើ្វដំណើរវិលត្រលប់ពីអាមេរិកទៅ រកក្រុមរបស់គាត់នៅប្រទេសរុស្ស៊ី​វិញ។

ជាក់ស្តែងកីឡាការិនី មួយរូបនេះមាន សំបុត្រថ្នាំត្រឹមត្រូវពីគ្រូពេទ្យអាមេរិក ប៉ុន្តែថ្នាំកញ្ឆានេះ ត្រូវបានហាមឃាត់ការប្រើប្រាស់ជាឱសថនៅប្រទេសរុស្ស៊ី​។

ការផ្តន្ទាទោសដល់កីឡាការិនីជើងឯកនេះ​ ត្រូវបានចាត់ទុកថា ជារឿងមួយដែល មិនអាចទទួលយកបានដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden។ លោកក៏បានធានាផងដែរថា ក្រុមការងារនៅទីក្រុងវ៉ាស៊ីនតោននឹងខិតខំយ៉ាងខ្លាំង ដើម្បីទទួលបានការដោះលែងរបស់កីឡាការិនីបាល់បោះមួយរូបនេះ។

ក្នុងការចរចានេះដែរ ប្រទេសរុស្ស៊ី ប្រហែលជាចង់ធើ្វការដោះដូរ យកអ្នកទោសដ៏សំខាន់ម្នាក់ ដែលជាឈ្មួញអាវុធរុស្ស៊ី កំពុង​ជាប់​ទោស​២៥​ឆ្នាំនៅប្រទេសអាមេរិក ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេថាអាមេរិកយល់ព្រមទៅលើការផ្លាស់ប្តូរនេះ។

គួរបញ្ជាក់ថាតាំង​ពីមាន​ការវាយលុក​នៅ​អ៊ុយក្រែនមក រុស្ស៊ី​និង​ អាមេរិក​បាន​សម្រេចដោះ​ដូរ​ អ្នក​ទោសជាមួយគ្នា​ម្តង​រួច​មក​ហើយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ