អានតួអត្ថបទ
ព្រៃឈើ-អាកាសធាតុ

របាយការណ៍​ស្រាវជ្រាវ​សន្និដ្ឋាន​ថា រវាង​២០ឆ្នាំ​ចុងក្រោយ ភ្លើង​ឆេះព្រៃ​បាន​​កើនឡើង​ទ្វេដង

គិតចាប់ពីឆ្នាំ​២០០១មក អគ្គីភ័យបានលេបត្របាក់ព្រៃឈើ ក្នុងទំហំ​មួយ​គុណជាពីរ នៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់​អង្គការឃ្លាំមើលព្រៃឈើ សហការជាមួយ​សកលវិទ្យាល័យ Maryland។ បើតាមអ្នកជំនាញ បម្រែបម្រួលអាកាសធាតុ ដែល​បង្កឲ្យ​មាន គ្រោះរាំងស្ងួត និង​សីតុណ្ហភាពកាន់តែក្តៅខ្លាំង គឺជាមូលហេតុចំបងមួយ ដែល​ធ្វើ​ឲ្យ​មាន​ភ្លើងឆេះព្រៃកាន់តែច្រើន​។

ក្រុមពន្លត់អគ្គីភ័យបារាំង កំំពុងព្យាយាមបាញ់ទឹកពន្លត់ភ្លើង ដែលឆាបឆេះព្រៃតំបន់ Gironde ថ្ងៃទី​១០ សីហា ២០២២
ក្រុមពន្លត់អគ្គីភ័យបារាំង កំំពុងព្យាយាមបាញ់ទឹកពន្លត់ភ្លើង ដែលឆាបឆេះព្រៃតំបន់ Gironde ថ្ងៃទី​១០ សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍ថ្មី វិភាគដោយអង្គការ Global Forest Watch (GFW) សហការជាមួយ World Ressources Institute (WRI) និង​សកលវិទ្យាល័យ Maryland គឺរាប់ចាប់ពី​ឆ្នាំ​២០០១មក ពីមួយឆ្នាំទៅមួយឆ្នាំ ព្រះអគ្គី​បានលេបត្របាក់​ព្រៃឈើ ចំនួន​៣លានហិកតាជាមធ្យម​ លើសឆ្នាំ​មុនៗ។

៧០%នៃព្រៃឈើ ដែលត្រូវភ្លើងឆាបឆេះ គឺសុទ្ធតែជាព្រៃបូរ៉េអាល់ ពោលគឺជាព្រៃដែល​ស្ថិតនៅ តំបន់ប៉ូលខាងជើងនៃផែនដី ដែលមាន​ភាគច្រើននៅរុស្ស៊ី កាណាដា និងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ នៅរុស្ស៊ី ក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ព្រៃឈើបូរ៉េអាល់ ចំនួន​៥៣លានហិកតា ពោលគឺស្មើនឹងផ្ទៃក្រឡាប្រទេសបារាំងទាំងមូល ត្រូវបានអគ្គីភ័យឆាបឆេះ។

ក្នុងចំណោមមូលហេតុដែលធ្វើឲ្យ​បាត់បង់ព្រៃឈើ ដែលមានដូចជាការកាប់បំផ្លាញ ឬក៏គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ ខ្យល់ព្យុះជាដើម អគ្គីភ័យ​គឺជាអ្នកធ្វើ​ឲ្យ​បាត់បង់ព្រៃឈើ ចំនួន​១ភាគ៤។ អ្នកជំនាញបានសន្និដ្ឋានថា កត្តាបម្រែបម្រួលអាកាសធាតុ អាចប្រហែលមូលហេតុចំបងមួយ ដែលធ្វើឲ្យ​ភ្លើងឆេះព្រៃមានការកើនឡើងបែបនេះ។ អាកាសធាតុប្រែប្រួល ធ្វើ​ឲ្យ​មាន​គ្រោះរាំងស្ងួត មានរលកកំដៅ​កាន់តែញឹកញាប់ ហើយ​ធ្វើ​ដីព្រៃស្ងួតខ្សោះ គ្មានសំណើម ងាយ​នឹងឆាបឆេះបំផុត។

ជាងនេះទៀត ភ្លើងឆេះព្រៃ​នៅតំបន់ប៉ូលខាងជើង គឺជាគ្រោះថ្នាក់ធំ រុញច្រាន​ឲ្យ​ផែនដីកាន់តែឡើងកំដៅខ្លាំងឡើងថែមទៀត។ លោក James McCarthy អ្នកវិភាគនៅ​ Global Forest Watch ​បាន​ពន្យល់ថា នៅក្នុងដី​ព្រៃបូរ៉េអាល់​ គឺ​មានផ្ទុកទៅដោយ​ឧស្ម័នកាបូនិក ជាច្រើនសន្ធឹកសន្ធាប់​ ដែលត្រូវគ្របជិតពីលើ ដោយ​ស្រទាប់ដីសើម។ តែនៅពេល​ព្រៃឈើទាំងនេះ ត្រូវភ្លើងឆាបឆេះ គេវានឹងរំដោះបញ្ចេញឧស្ម័ន​កាបូនិកទៅក្នុងបរិយាកាស ធ្វើឲ្យ​ស្រទាប់ឧស្ម័នផ្ទះកញ្ចក់ នៅជុំវិញផែនដីកាន់តែមានកម្រាស់ក្រាស់។

យោងតាមអ្នកជំនាញ នៅក្នុងល្បឿន​នៃការហិនហោចដោយ​សារភ្លើងឆេះព្រៃនេះ គឺ​តំបន់ព្រៃបូរ៉េអាល់ នៅប៉ូលខាងជើង អាចនឹងបាត់បង់ តួនាទីជារណ្តៅ​កប់ស្តុកទុកនូវ​ឧស្ម័នកាបូនិក ដ៏សំខាន់មួយរបស់​ផែនដីយើង។ អង្គការ​អភិរក្សព្រៃឈើ បានអំពាវនាវ ឲ្យរដ្ឋាភិបាលទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ជាអាទិភាព ក្នុងការស្តារពង្រឹង​កម្លាំងរបស់ព្រៃឈើ ឲ្យ​អាចទប់ទល់ជាមួយអគ្គីភ័យបាន​ ព្រោះថាព្រៃឈើដើរ​តួនាទីសំខាន់ណាស់ នៅក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវកំដៅផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ