អានតួអត្ថបទ
រុស្ស៊ី-អ៊ីរ៉ង់

រុស្ស៊ីនិង​អ៊ីរ៉ង់ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន

ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុម​បសិ្ចមលោក​ដូច​គ្នា រុស្ស៊ី​និង​អ៊ីរ៉ង់ បាន​ប្តេជ្ញា​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ ​សម្រាប់​អនាគតដ៏​​​វែង​ឆ្ងាយ លើ​វិស័យ​ប្រេង​និង​ឧស្ម័ន។ នេះ បើ​តាមការ​គូស​បញ្ជាក់​របស់​ក្រុង​តេហេរ៉ង់​ ក្នុង​ឱកាស​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។

រុស្ស៊ីនិង​អ៊ីរ៉ង់ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន
រុស្ស៊ីនិង​អ៊ីរ៉ង់ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​អញ្ជើញ​ទៅ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​ត្រីភាគី ​អ៊ីរ៉ង់​ រុស្ស៊ី​និង​តួកគី ប៉ុន្តែ​ជំនួប​ត្រី​ភាគី​ជា​ឱកាស​រឹត​ចំណង​ទំនាក់ទំនងទ្វេ​ភាគី​​រុស្ស៊ី​និង​អ៊ីរ៉ង់​ យ៉ាង​ច្បាស់​ក្រលែត។ ប្រធានាធិបតី​រុស្ស៊ី និង​អគ្គមគ្គុទេសក៍​កំពូល​អ៊ីរ៉ង់​ អាយ៉ះតូឡា អាលី ខាមេណី បាន​បញ្ជាក់​រួម​គ្នា ​អំពី​ភាព​ចាំបាច់​នៃការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ច​និង​យោធាទ្វេភាគី​​ សម្រាប់​អនាគត​ដ៏​យូរអង្វែង និង​ដែល​ប្រទេស​ទាំងពីរ​អាច​ទាញ​​ប្រយោជន៍បាន។

ជា​លទ្ធផល​ មូស្គូ​និង​តេហេរ៉ង់ បាន​ពង្រឹង​ទំនាក់ទំនង​យោធា​ ព្រោះ​រុស្ស៊ី​បាន​សម្រេច​​​ទិញ​ដ្រូន​ប្រយុទ្ធរបស់អ៊ីរ៉ង់។ ក្នុង​ផ្នែក​សេដ្ឋកិច្ច​​ រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​ជា​គោលការណ៍ តម្លៃ​៤០ពាន់​លាន​ដុល្លារ ធ្វើ​វិនិយោគរុស្ស៊ី​នៅ​​អ៊ីរ៉ង​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ អាយ៉ះតូឡា អាលី ខាមេណី។

បាន​ពង្រឹង​ការ​វិនិយោគ​ប្រេង​និ​ងឧស្ម័ន​នៅអ៊ីរ៉ង់ ​លោក​ពូទីន ​បានឆ្លៀត​បក​ស្រាយ​រឿង​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី  Gazprom​ កាត់​បន្ថយ​ជា​គំហុក​ការ​​ផ្គត់ផ្គង់​ហ្កាស​ដល់​អឺរ៉ុបចំនួន​៦០% ក្រោម​ហេតុផល​ថា​មានបញ្ហា​​​បន្ទាន់ ខ្វះ​គ្រឿង​បន្លាស់។ បើ​តាម​​លោក​ពូទីន Gazprom កំពុង​​រង់ចាំ​គ្រឿង​បន្លាស់​មក​ពីកាណាដា។​ ក្រុមហ៊ុន​បាន​និង​កំពុង​បំពេញ ​ហើយ​នឹង​បំពេញកាតព្វកិច្ច​របស់​ខ្លួន ទៅ​ឱ្យ​អតិថិជន​។ ក្រុមហ៊ុន​​​ត្រៀម​តែ​បូម​ឧស្ម័នដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​ទេ ប៉ុន្តែ​ក្រុម​បស្ចិមលោកជួប​ការ​លំបាក​ មកពី​​ពួកគេដាក់​​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី និង​បិទ​បណ្តាញ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ។ នេះ​ជា​ការ​អះអាង​របស់​លោក​ពូទីន ពី​ទីក្រុង​តេហេរ៉ង់។

លោក​ពូទីន បាន​ជំរុញ​ឱ្យ​បស្ចិមលោក​​លើក​បម្រាម​បង្ឃាំង​ផលិតផល​កសិកម្មនិង​ជីរ​រុស្ស៊ី​ នៅ​លើ​ទីផ្សារ​ពិភពលោក​ចេញ​ទាំង​អស់ ទើប​ព្រមសម្រួល​ការ​នាំចេញ​ធញ្ញជាតិ​អ៊ុយក្រែន។

ជា​ចុងក្រោយ​ជំនួប​ត្រីភាគី​នៅ​អ៊ីរ៉ង់​ ក៏​បាន​បង្ខិត​រុស្ស៊ីនិង​តួកគី​ឱ្យ​ចូល​កាន់​តែ​កៀក​គ្នា​ដែរ។ ទោះបីនៅ​​មាន​ការ​ខ្វែង​គំនិតគ្នា​​ច្រើន​មែន តែ​លោក​ពូទីន​ យល់​ថា​ជំនួប​ត្រីភាគី​មាន​ប្រយោជន៍ ​និង​មាន​លក្ខណៈ​ស្ថាបនា ដែល​ត្រូវ​បន្ត​មាន​ជំនួប​ទម្រង់​នេះ​ និងបាន​​អញ្ជើញ​ដៃគូត្រីភាគី​​ទៅ​ជួប​ជុំ​គ្នាទៀត​ នៅ​ដំណាច់​ឆ្នាំ នៅ​មូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ