អានតួអត្ថបទ
អ៊ុយក្រែន-សុវត្ថិភាពនុយក្លេអ៊ែរ

លោកពូទីនឯកភាពឲ្យបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិទៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចា

ប្រឈម​នឹង​ក្តីបារម្ភ អំពី​​គ្រោះថ្នាក់​នុយក្លេអ៊ែរ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ឯកភាព​ឲ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បញ្ជូន​អ្នក​សង្កេតការណ៍ ទៅ​កាន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ ក្នុងពេល​ជាមួយគ្នា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ដោយ​ទទូច កុំ​ឲ្យ​រុស្ស៊ី​កាត់ផ្តាច់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​នេះ ពី​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​របស់​អ៊ុយក្រែន។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា នៅប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន
មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា នៅប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន AFP - ED JONES
ផ្សាយពាណិជ្ជកម្ម

ការព្រមព្រៀង​ទទួល​ឲ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ​​ចូល​ទៅត្រួតពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​អំឡុង​កិច្ចសន្ទនា​តាមទូរសព្ទ រវាង​លោក​ប្រធានាធិបតី​ពូទីន និង​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ម៉ាក្រុង កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

យោងតាម​វិមានក្រឹមឡាំង កិច្ចសន្ទនាតាមទូរសព្ទ​នេះ​ត្រូវ​បាន​ធ្វើឡើង តាម​សំណើ​របស់​លោក​ម៉ាក្រុង។ លោក​ម៉ាក្រុង ដែល​កន្លងមក​ធ្លាប់​​ទទួលរង​នូវការ​រិះគន់​ ជុំវិញ​ការ​រក្សា​ការប្រាស្រ័យទាក់ទង​ជាមួយលោក​ពូទីន ក្នុងអំឡុងពេល​ដែល​កងទ័ព​រុស្ស៊ី​កំពុង​ឈ្លានពាន​អ៊ុយក្រែន​នោះ បានផ្អាក​ការទាក់ទង​ជាមួយ​លោក​ពូទីន​ចាប់តាំង​ពី​ចុងខែ​ឧសភា​មកម៉្លេះ។ វិមានអេលីបានពន្យល់ថា ការណ៍​ដែល​លោក​ម៉ាក្រុង​ទូរសព្ទ​ទៅ​លោក​ពូទីន​វិញ នៅពេលនេះ គឺ​ដោយសារ​តែ​ស្ថិតក្នុង​ស្ថានភាព​ចាំបាច់ ដើម្បី​ព្យាយាម​រកដំណោះស្រាយ​​រក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅ​ហ្សាប៉ូរីចា ដែល​អាច​ជា​ការ​គំរាមកំហែង​ទៅដល់​តំបន់​អឺរ៉ុប​ទាំងមូល។

នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរសព្ទនេះ លោក​ពូទីន ក្រៅពីបាន​សុខចិត្ត​ទទួល​ឲ្យ​អ្នក​សង្កេតការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (AIEA) ធ្វើ​ដំណើរ​ទៅហ្សាប៉ូរីចា ក៏​បាន​ព្រមព្រៀង​ផងដែរ ឲ្យ​អ្នក​សង្កេតការណ៍​អន្តរជាតិ​នេះ​អាច​ធ្វើ​ដំណើរ​ដោយ​ឆ្លងកាត់​ពី​ខាង​​អ៊ុយក្រែន ដែល​ជា​ការ​បន្ធូរបន្ថយ​​​លក្ខខណ្ឌ​ពីមុន ដែល​ទាមទារ​ឲ្យ​អ្នកសង្កេតការណ៍​ធ្វើ​ដំណើរ​​ទៅ​រុស្ស៊ី​ជាមុន មុននឹង​ឆ្លងកាត់ព្រំដែន​ចូល​ទៅ​ហ្សាប៉ូរីចា។​

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ចេញផ្សាយ​នៅ​យប់ថ្ងៃ​សុក្រ ប្រមុខដឹកនាំ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​​បាន​សម្តែងនូវការ​អបអរ​សាទរ​ចំពោះ​អ្វីដែល​បានព្រមព្រៀងគ្នា រវាង​លោក​ពូទីន និង​លោក​ម៉ាក្រុង ហើយថា លោក​នឹង​ចេញមុខដោយផ្ទាល់ ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ទៅកាន់​ហ្សាប៉ូរីចា នៅ​ក្នុង​ពេល​ឆាប់ៗ។ ក្នុងពេល​ជាមួយគ្នា ប្រមុខដឹកនាំ AIEA ក៏​បាន​ទទូច​ផងដែរ​ឲ្យ​គ្រប់ភាគី​​​ចៀសវាង​ធ្វើ​សកម្មភាព​អ្វីផ្សេងទៀត ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​​សុវត្ថិភាព​នុយក្លេអ៊ែរ នៅ​ហ្សាប៉ូរីចា​នេះ​កាន់តែ​ត្រូវ​ធ្លាក់ចុះ​ដុនដាប​ជាងនេះ​ទៅទៀត។

លោក​អគ្គលេខាធិការ​អ.ស.ប.​វិញ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​តំបន់​កំពង់ផែ​អូដេសា​របស់​អ៊ុយក្រែន ក៏​បាន​ទាមទារ​ផងដែរ កុំ​ឲ្យ​រុស្ស៊ី​កាត់ផ្តាច់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​ពី​បណ្តាញផ្គត់ផ្គង់​អគ្គិសនី​របស់​អ៊ុយក្រែន ដោយ​លោក​បាន​លើកឡើង​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​គឺ​ជា​របស់​អ៊ុយក្រែន ហើយ​ថាមពល​អគ្គិសនី​ផលិត​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ