អានតួអត្ថបទ
រុស្ស៊ី

កូន​របស់​មនុស្ស​ជំនិត​នឹង​លោក​ពូទីន ​ស្លាប់​ក្នុងការ​បំផ្ទុះ​រថយន្ត ក្បែរក្រុង​មូស្គូ

ទំនង​ជា​ភេរវកម្ម​សំដៅ​ប្រឆាំង​នឹង​លោក អាឡិចសង់ ឌូហ្គីន (Alexandre Dougine) ដែល​ជា​អ្នក​ជាតិ​និយម​រុស្ស៊ី​បំផុត ហើយ​ស្និទ្ធ​នឹង​លោក​ពូទីន​ទេ ប៉ុន្តែ​គឺ​កូនស្រីគាត់ ឈ្មោះ​ ដារីយ៉ា ឌូហ្គីណា (Daria Douguina) ជា​អ្នក​រងគ្រោះ​បាត់​បង់​ជីវិត កាលពី​ព្រលប់​​ថ្ងៃសៅរ៍​ ទី ២០ សីហា នៅក្បែរ​ក្រុង​មូស្គូ។ បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​អ្នក​អង្កេត​រុស្ស៊ី រថយន្ត បាន​ផ្ទុះ​ឆេះ ដោយ​គ្រាប់​បែកបង្កប់​ក្នុង​ឡាន។

នាង​ដារីយ៉ា ឌូហ្គីណា និង​ឪពុក
នាង​ដារីយ៉ា ឌូហ្គីណា និង​ឪពុក © twitter
ផ្សាយពាណិជ្ជកម្ម

​រថយន្ត​របស់​លោក អាឡិចសង់ ឌូហ្គីន ដែលបើក​បរ​ដោយ​​កូន​ស្រី​​ បាន​ផ្ទុះ​ឆេះខ្ទេច​នៅវេលាម៉ោង​៩កន្លះ​យប់។ នេះ​បើ​តាម​រូបភាព​វីដេអូអម​ជាមួយ​សេចក្តី​ថ្លែងការណ៍​របស់​រុស្ស៊ី។ ហើយ​បើ​តាម​វេបសាយ​១១២ ស្រង់​មក​ផ្សាយ​បន្ត​ដោយ​ សារព័ត៌មាន​អង់គ្លេស The Guardian ឪពុកនិង​កូន​ ត្រូវ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​មួយ​នៅក្រៅ​ក្រុង​មូស្គូ ហើយ​ត្រលប់​មក​ផ្ទះ​វិញរួម​គ្នា តែ​លោក អាឡិចសង់ ឌូហ្គីន​ បាន​ប្តូរ​ចិត្ត​ធ្វើ​ដំណើរ​បែក​គ្នា​នៅនាទី​ចុងក្រោយ ទើប​បាន​រួច​ជីវិត។ ឯ​កូន​ស្រី នាង ដារីយ៉ា ឌូហ្គីណា ដែល​បើក​ឡាន​ឪពុកបាន​ស្លាប់​ក្នុង​ហេតុការណ៍​។ នេះ​សឱ្យឃើញ​ថា​ជាការ​ប៉ុនប៉ង​សម្លាប់​លោក​ អាឡិចសង់ ឌូហ្គីន ទេ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រួសារ។

មាន​អាយុ៦០ឆ្នាំ ជា​ប់​ទណ្ឌកម្ម​អាមេរិក​តាំងពី​ឆ្នាំ​២០១៤​មក អាឡិចសង់ ឌូហ្គីន ជាបញ្ញវន្ត ជា​អ្នកនិពន្ធ ដ៏​​​មហាអភិរក្ស​ជាតិ​និយម​បំផុត​របស់​រុស្ស៊ី ដែល​គាំទ្រ​ទ្រឹស្តី​ពង្រីក​អាណាចក្រ​រុស្ស៊ី ដោយ​ចង់​ក្រសោប​យក​ទឹក​ដី​អ៊ុយក្រែន​ ត្រង់​តំបន់មាន​ប្រជាពលរដ្ឋ​​និយាយ​ភាសា​រុស្ស៊ីរស់​នៅ​ច្រើន មក​ធ្វើ​ជា​ទឹក​ដី​រុស្ស៊ី តាំងពីយូរយារ​មក​ហើយ។ អាច​ចាត់​ទុក​ថា​ជាមនុស្ស​ជំនិត​ម្នាក់​របស់​លោកប្រធានាធិបតី​រុស្ស៊ី លោក ឌូហ្គីន ទំនង​ជា​មេគំនិតនៃ​ប្រតិបត្តិការ​​វាយ​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី ២៤​កុម្ភៈ​ផង។ ប៉ុន្តែ​ឥទ្ធិពល​របស់​មេជាតិនិយម​ឌូហ្គីនលើ​លោក​ពូទីន ហាក់​ដូច​ជា​បាន​ចុះ​ថយ​នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​ខ្លះ។

ចំណែកកូន​ស្រីវ័យ​​៣០ឆ្នាំ អ្នកស្រី ដារីយ៉ា ឌូហ្គីណា ​ហៅ​ Platonova (បើ​តាម​ប្រព័ន្ធឃោសនាព័ត៌មាន​ផ្លូវការ​រុស្ស៊ី) ​វិញ ជា​កាសែត​និង​ជា​អ្នក​វិភាគ​នយោបាយ។ មាន​និន្នាការ​និង​ទស្សនៈ​ដូច​ឪពុក និង​ ក្នុង​នាម​ខ្លួន​នាង​ផ្ទាល់ ដារីយ៉ា ឌូហ្គីណា បាន​​ការពារ​ប្រតិបត្តិការ​យោធារុស្ស៊ី​នៅអ៊ុយក្រែន តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ផង។

អាជ្ញាធរ​រុស្ស៊ី​បាន​ប្រកាស​បើក​អង្កេត​ពីបទ​ឃាតកម្ម តែ​មិន​ច្រានចោល​ទង្វើ​បែប​ភេរវកម្ម​ទេ។ ប្រមុខ​ដឹកនាំ​សាធារណរដ្ឋ​ដូណេតស្ត៍ភាគ​ខាង​កើត​អ៊ុយក្រែន បាន​ចោទ​ចំៗ​ នៅថ្ងៃអាទិត្យ​នេះ​ភ្លាម​ថាកងកម្លាំង​យោធា​អ៊ុយក្រែន​ថា​ជាអ្នក​រៀប​ចំ​ធ្វើ​ភេរវកម្ម​ប្រឆាំង​លោក​អាឡិចសង់ ឌូហ្គីន តែ​បាន​សម្លាប់​អ្នក​ស្រី ដារីយ៉ា ឌូហ្គីណាជា​កូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ