អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី

រំសាយ​អាវុធ​នុយក្លេអ៊ែរ ​៖ សហរដ្ឋ​អាមេរិក​ច្រឡោត​នឹង​ការ​ងប់ជំទាស់​របស់រុស្ស៊ី

សហរដ្ឋ​អាមេរិក​បាន​បរិហារ កាលពី​ថ្ងៃអាទិត្យ​ទី ២៨​សីហា ថារុស្ស៊ី​បានរារាំង​យ៉ាង​ងងុល​តែ​ម្នាក់​ឯង មិន​ឱ្យ​អង្គប្រជុំ​អាច​អនុម័ត​សេចក្តីថ្លែងការណ៍​រួម របស់​អង្គការ​សហប្រជាជាតិស្តីពី​​ការ​មិន​រីកសាយភាយ​នុយក្លេអ៊ែរ (TNP)បាន។ ប៉ុន្តែ​ទោះគ្មាន​រុស្ស៊ីក៏​ដោយ​ ក៏​ឯកសារ​ចុងក្រោយ​ស្តី​ការ​មិន​រីកសាយភាយនុយក្លេអ៊ែរ​ ជា​ទម្រ​ដ៏​សំខាន់​សម្រាប់​សន្ធិសញ្ញា ដោយ​គ្រប់​ប្រទេស​បាន​គាំទ្រ។ នេះ​ជា​កា​រអបអរ​របស់អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក។

បាតុករ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ នៅតៃប៉ិ ឆ្នាំ​២០១១
បាតុករ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ នៅតៃប៉ិ ឆ្នាំ​២០១១ REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីបាន​ពិភាក្សា​និង​ចរចា​ យ៉ាង​សកម្ម​និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​អស់​បួន​​សប្តាហ៍ ក្នុង​ក្របខ័ណ្ឌ​នៃ​សន្និសីទ​​អង្គការសហប្រជាជាតិ​ ​រុស្ស៊ី បាន​សម្រេច​ចិត្ត​ បិទ​ខ្ទប់​ មិន​ឱ្យ​មាន​​​​ការស្រុះស្រួល​គ្នា​ លើ​ឯកសារ​បញ្ចប់​ទេ។ នេះ​បើ​តាម​អ្នក​នាំពាក្យរង​របស់​​ក្រសួង​ការ​បរទេស​អាមេរិក​ លោក Vedant Patel។ អ្នក​នាំពាក្យ​​អាមេរិកដដែល​​បាន​លម្អិត​ថា​ រុស្ស៊ី​​រារាំង​មិន​ឱ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ក្នុង​បំណង​តែ​មួយ​ គឺ​មិនចង់​​ឱ្យ​ប្រើ​ពាក្យ​ដែល​អាច​ទទួល​ស្គាល់​ហានិភ័យ​នៃ​ជាតិ​វិទ្យុសកម្ម​នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​អ៊ុយក្រែន ហ្សាប៉ូរីចា ដែល​យោធារុស្ស៊ី​កំពុងកាន់កាប់។

ជារោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំជាង​គេ​នៅអឺរ៉ុប ហ្សាប៉ូរីចា បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​យោធារុស្ស៊ី តាំងពី​ដើម​ខែ​មីនា​មក និង​ស្ថិត​នៅ​ជិត​សមរភូមិ​ប្រយុទ្ធ​រវាង​កង​កម្លាំង​រុស្ស៊ី​និង​អ៊ុយក្រែន។ កៀវនិង​មូស្គូ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ មក​ថា​បាន​បាញ់​ផ្លោង​គ្រាប់​​ធ្លាក់នៅក្បែរៗ​មជ្ឈមណ្ឌល​ដែល​អាច​នឹង​ឱ្យ​ខូច​រោងចក្រ។ ​ក្រុមហ៊ុន​អគ្គីសនី​អ៊ុយក្រែន​បាន​ទាញ​​អាសន្ន​តាំងពី​ថ្ងៃ​សៅរ៍មក​ថា​ រោងចក្រ​ដំណើរ​ការ​ទាំង​មាន​ហានិភ័យ​ធ្លាយ​វិទ្យុសកម្ម​និងអគ្គីភ័យ។

សមាជិក​អង្គការ​សហប្រជាជាតិ ១៩១​ប្រទេស​ ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​នុយក្លេអ៊ែរ  ដែល​គ្រោង​ហាមឃាត់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ សម្រួល​ការ​រំសាយ​​អាវុធ​បរមាណូ​ទាំងស្រុង និង​ផ្សព្វផ្សាយ​កិច្ចសហប្រតិបត្តិការ​ដើម្បីប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី​ កំពុងជួប​ប្រជុំ​គ្នា​នៅទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នាទីក្រុង​ញូវយ៉ក តាំង​ពីថ្ងៃទី ១​សីហា​មក។

ប៉ុន្តែ​នៅថ្ងៃសុក្រ​ទី ២៥​សីហា រុស្ស៊ី បាន​សម្រេច​រារាំង​ ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍ រួម​ ដោយ​យក​លេស​ថា នៅក្នុង​គម្រោង​អត្ថបទ​​ចុងក្រោយ​ មាន​កថាខណ្ឌ​ខ្លះ​បង្កប់ន័យ​​នយោបាយគួរ​ឱ្យ​អៀន​ខ្មាស។ អូទ្រីស​ប្រទេស​អព្យាក្រិត្យ​និង​គ្មាន​​​នុយក្លេអ៊ែរ ក៏​បាន​បរិហារ​សេចក្តី​សម្រេច​របស់​រុស្ស៊ី​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ