អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

កងទ័ព​​​អ៊ុយក្រែន​​សំរុក​​​​វាយ​ប្រយុទ្ធ​​ ដណ្តើម​​តំបន់​​​ភាគ​ខាងត្បូង

ចាប់ពីថ្ងៃចន្ទទី​២៩សីហា​មក កងទ័ពអ៊ុយក្រែន បានសំរុក​វាយ​ប្រយុទ្ធនៅច្រើនទីតាំង ស្ថិតនៅភាគខាងត្បូង ជាក់ស្ដែង​នៅទីក្រុង​ឃែរសុន ទីក្រុងធំមួយរបស់អ៊ុយក្រែន ដែលត្រូវបានកងទ័ពរុស្ស៊ីវាយគ្រប់គ្រងបាន តាំងតែពីខែមីនា​។ ទន្ទឹមគ្នានេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសុវត្ថិភាពនៅស្ថានីយ៍​នុយក្លេអ៊ែរ ហ្សាប៉ូរីចា ដែលស្ថិតនៅខាងត្បូងអ៊ុយក្រែន ខណៈការវាយប្រយុទ្ធគ្នាកាន់តែកក្រើកឡើង រវាង​កងទ័ពរុស្ស៊ី និងអ៊ុយក្រែន​។

សមត្ថកិច្ចអ៊ុយក្រែន ចុះត្រួតពិនិត្យ​ទីតាំងដែលរងគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅ​ក្រុង​ Mykolaiv ថ្ងៃទី​២៩សីហា ២០២២
សមត្ថកិច្ចអ៊ុយក្រែន ចុះត្រួតពិនិត្យ​ទីតាំងដែលរងគ្រាប់មីស៊ីលរបស់រុស្ស៊ី នៅ​ក្រុង​ Mykolaiv ថ្ងៃទី​២៩សីហា ២០២២ REUTERS - UMIT BEKTAS
ផ្សាយពាណិជ្ជកម្ម

លោក Yaroslav Yanuchevytch ប្រធានរដ្ឋបាល​តំបន់ឃែរសុន បានប្រកាសតាម​បណ្តាញតេឡក្រាម អំពាវនាវ​​ឲ្យ​ប្រជាជន​នៅទីក្រុងឃែរសុន ប្រមាណ​ជិត៣សែននាក់​ ត្រូវ​គោរពវិធានការ​សុវត្ថិភាព ខណៈ​កងទ័ពអ៊ុយក្រែន កំពុង​​បើកការវាយសំរុក ចាប់ពីយប់ថ្ងៃចន្ទ។ ដូចគ្នាដែរ លោក Serguiï Khlan សមាជិកសភាអ៊ុយក្រែនម្នាក់ បានអះអាងតាមទូរទស្សន៍ថា កងទ័ពអ៊ុយក្រែនកំពុងតែប្រឹងប្រែងប្រយុទ្ធ ដើម្បីបណ្តេញពួកសត្រូវឈ្លានពាន ឲ្យចេញពីតំបន់ភាគខាងត្បូង។ លោក​ម្នាក់​នេះ បានអះអាងថា កងទ័ពអ៊ុយក្រែនកំពុងតែមានប្រៀប ដោយ​បាន​បាញ់កំទេចផ្តាច់ស្ពាន និងទំនប់​មួយចំនួន​ធំ នៅលើ​ទន្លេDniepr ដើម្បីកាត់ផ្តាច់បណ្តាញ​ដឹកជញ្ជូន​របស់​កងទ័ពរុស្ស៊ី។​

ដោយ​ឡែក ក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន ពិតជាបានព្យាយាមវាយ​ប្រយុទ្ធ ត្រង់ចំណុចមុខព្រួញចំនួន៣ នៅភាគខាងត្បូង ពិតមែន​។ ក៏ប៉ុន្តែកងទ័ពអ៊ុយក្រែន ត្រូវបរាជ័យយ៉ាងត្រដាបត្រដួស បន្ទាប់ពីរងគ្រាប់​ប្លោងរបស់កងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា គ្មាន​ប្រភពឯករាជ្យណាមួយមកបញ្ជាក់ ពីស្ថានភាពពិតប្រាកដ ទាក់ទិននឹងការវាយប្រយុទ្ធ​នៅភាគខាងត្បូងអ៊ុយក្រែននេះទេ។ លោកNatalia Goumeniouk អ្នកនាំពាក្យ​កងបញ្ជាការអ៊ុយក្រែនប្រចាំសមរភូមិខាងត្បូង បានលើកឡើងថា កងទ័ពអ៊ុយក្រែនព្យាយាមរុញច្រានកងទ័ពរុស្ស៊ី ឲ្យ​ដកថយទៅកាន់ត្រើយ​ខាងឆ្វេងនៃទន្លេ Dniepr។ លោក​បន្ថែមថា​ យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ រុស្ស៊ីបានបាញ់មីស៊ីល​ចំនួន​១៦គ្រាប់ នៅក្រុងមីកូឡែវ ដែលបាន​បណ្តាល​ឲ្យខូចខាតយ៉ាងដំណំ ដល់ហេដ្ឋារចនាសម្ព័ន្ធ​និងផ្ទះសំបែងប្រជាជន។​ យ៉ាងហោចណាស់​ មានជនស៊ីវីល​អ៊ុយក្រែន​២នាក់បានស្លាប់ និងរបួសជាង​២០នាក់​។​

កាលពី​យប់ថ្ងៃចន្ទ នៅក្នុងសារវីដេអូប្រចាំថ្ងៃ​របស់ខ្លួន​ លោកប្រធានាធិបតី​វ្លូឌីមៀរ ហ្សេឡេនស្គី បានប្រកាសថា កងទ័ពអ៊ុយក្រែន នឹងប្រឹងប្រែងវាយប្រយុទ្ធដណ្តើមទឹកដី ដែលជារបស់អ៊ុយក្រែន​មកវិញឲ្យ​បាន។ តំបន់ទាំងនោះមានដូចជា ខារគីវ លូហ្កង់ស្ក៍ ដូណេតស្ក៍ ហ្សាប៉ូរីចា ឃែរសុន គ្រីម៉េ ព្រមទាំងដែនទឹកក្នុងសមុទ្រអាហ្សូវ និងសមុទ្រខ្មៅជាដើម។

គួរកត់សំគាល់ដែរថា ការវាយ​ប្រយុទ្ធគ្នាយ៉ាងកក្រើកនៅភាគខាងត្បូងអ៊ុយក្រែននេះ វាជួនចំពេលដែល​ក្រុម​មន្ត្រីជំនាញ នៃ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ កំពុងតែធ្វើដំណើរទៅកាន់ស្ថានីយ៍​នុយក្លេអ៊ែរ ហ្សាប៉ូរីចា។ ស្ថានីយ៍​នុយក្លេអ៊ែរដ៏ធំជាងគេនៃទ្វីបអឺរ៉ុបនេះ ស្ថិតនៅលើដងទន្លេDniepr ចំងាយតែជាង១០០គីឡូម៉ែត្រប៉ុណ្ណោះ ពី​ក្រុងឃែរសុន។ ការសំរុកវាយ​ប្រយុទ្ធនៅតំបន់នេះ ធ្វើឲ្យ​គេភ័យបារម្ភជាខ្លាំង ពីគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតក្នុង​ប្រវត្តិសាស្ត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ