អានតួអត្ថបទ
អឺរ៉ុប-រុស្ស៊ី-សង្គ្រាមអ៊ុយក្រែន

បិទ​ទិដ្ឋាការ លែងឲ្យ​ជនជាតិរុស្ស៊ី​ជាន់​ដី​អឺរ៉ុប ជា​កាដូ​ដែល​អឺរ៉ុប​ឲ្យ​ទៅ​​លោក​ពូទីន?

កាលពីថ្ងៃអង្គារ ​រដ្ឋមន្ត្រី​ការបរទេសអឺរ៉ុប បានជួបប្រជុំគ្នា​នៅ​ទីក្រុងប្រាហ្ក សាធារណរដ្ឋឆេក។ សំណុំរឿងដ៏សំខាន់​មួយ នៃការជជែកគ្នានេះ គឺទាក់ទិននឹងគំនិត​ស្នើដោយ​ប្រទេសខ្លះ ដូចជាហ្វាំងឡង់ ហូឡង់ ប៉ូឡូញ ជាដើម​ ថាអឺរ៉ុបត្រូវ​បិទទិដ្ឋាការ ហាមឃាត់ប្រជាជនរុស្ស៊ីទាំងអស់ កុំឲ្យ​មកជាន់ដីអឺរ៉ុប។ តែយ៉ាងណា គំនិតនេះ ហាក់មិនទទួលការគាំទ្រជាឯកច្ឆ័ន្ទ ពីគ្រប់ប្រទេសសមាជិកនោះទេ។ ជាក់ស្តែង រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា វាមិនមែនជាគំនិតល្អទេ ដែលចង់ដាក់ពិន័យ​រដ្ឋាភិបាលរុស្ស៊ី ដោយ​ការហាមឃាត់ទេចរណ៍រុស្ស៊ី ទាំងស្រុងបែបនេះ។ អាល្លឺម៉ង់យល់ថា ការហាមឃាត់ជនជាតិរុស្ស៊ីទាំងស្រុង មិនឲ្យចូលដីអឺរ៉ុប គឺវានឹង​ដាក់ការលំបាក ទៅលើអ្នកកាសែតរុស្ស៊ី អ្នកនយោបាយរិះគន់ ឬក៏និស្សិតរុស្ស៊ី ដែលចង់មករៀននៅអឺរ៉ុបជាដើម។

លោកពូទីន លើកលិខិតឆ្លងដែនរបស់លោក បង្ហាញនៅ​ការិយាល័យបោះឆ្នោតមួយ ពេលចូលទៅបោះឆ្នោត។ ក្រុងមូស្គូ ថ្ងៃទី ១ កក្កដា ២០២០
លោកពូទីន លើកលិខិតឆ្លងដែនរបស់លោក បង្ហាញនៅ​ការិយាល័យបោះឆ្នោតមួយ ពេលចូលទៅបោះឆ្នោត។ ក្រុងមូស្គូ ថ្ងៃទី ១ កក្កដា ២០២០ AP - Alexei Druzhinin
ផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ លោក វ្លាឌីមៀរ វ៉ារឡាម៉ូវ អ្នកវិភាគសង្គមនៅលើទំព័រ Blog ដ៏ល្បីម្នាក់នៅរុស្ស៊ី បាន​លើកឡើងថា បើអឺរ៉ុបបិទទិដ្ឋាការទាំងស្រុង នោះគឺវាមិនខុសពី​អឺរ៉ុប ធ្វើកាដូ ឲ្យរបបរបស់​លោកពូទីននោះឡើយ។ លោកពូទីននឹងបានលេសនេះ ឃោសនាប្រាប់ទៅ​ប្រជាជនរុស្ស៊ី ឲ្យឃើញថាអឺរ៉ុបអាក្រក់ ចង់ធ្វើបាបប្រជាជន​រុស្ស៊ីទាំងមូល។

01:55

សម្រាប់សំដីលោក Vladimir Varlamov

"យុទ្ធនាការឃោសនាបោកបញ្ឆោតមួយដ៏សំខាន់ នៃអំណាចនយោបាយ​របស់រុស្ស៊ី គឺយក​ប្រជាជាតិរុស្ស៊ី ឲ្យ​ប្រឆាំងទល់នឹងបស្ចឹមលោក។ គេនិយាយផ្សាយ​ប្រាប់ទៅប្រជាជនរុស្ស៊ីថា ពួកបស្ចឹម​លោក ចង់ធ្វើបាប ចង់រំលាយ ចង់​កម្ទេចរុស្ស៊ី។ ពាក្យទាំងនេះ មានអ្នកជឿមែន។ ជនជាតិរុស្ស៊ី ដែលមិនសូវបានចេញដើរ ទៅប្រទេសផ្សេងៗនៅអឺរ៉ុប ជឿថា នៅអឺរ៉ុបគេហាមមិនឆ្កែ និង​ជនជាតិរុស្ស៊ីទៅជាន់ទេ។ ដូច្នេះ អំណេះតទៅ ក្រុមចាត់ចែងប្រព័ន្ធឃោសនារបស់ក្រឹមឡាំង កាន់តែសប្បាយចិត្ត​ ព្រោះមាន​អ្នកសហការជួយក្នុងការឃោសនា អ្នកនោះគឺថ្នាក់ដឹកនាំនៅ​អឺរ៉ុប នេះឯង។​ គឺវាប្រៀបបីដូចជាអឺរ៉ុប ធ្វើអំណោយ​ដ៏មានតម្លៃអស្ចារ្យ​ ទៅ​ឲ្យ​ពូទីន​ !

ពីមុន ពួកមេដឹកនាំរុស្ស៊ីប្រកាសថា អឺរ៉ុបឈ្លោះតែជាមួយ​អំណាចនយោបាយ​របស់​ក្រឹមឡាំងទេ។ តែឥឡូវ គេអាចមានលេស និយាយថា អឺរ៉ុបរករឿងឈ្លោះជាមួយជនជាតិរុស្ស៊ីទូទៅតែម្តង មិនថាអ្នកនោះ មាននិន្នាការនយោបាយ​បែបណាឡើយ។​ គេនឹងឃោសនាថា អឺរ៉ុបចង់ធ្វើបាប មិនមែនតែពួកអ្នកប្រកាសសង្គ្រាម ឬអ្នកដែល​គាំទ្រឲ្យរុស្ស៊ីបញ្ជូនទ័ព​ទៅឈ្លានពានអ៊ុយក្រែនទេ គឺចង់ធ្វើបាប​ជនជាតិរុស្ស៊ី គ្រប់គ្នាតែម្តងដោយមិនរើសមុខ។

ខ្ញុំហ៊ាន​ភ្នាល់ថា នៅពេលដែលអឺរ៉ុបចាប់ផ្តើម នាំគ្នានិយាយពីរឿងចង់​បិទទិដ្ឋាការ លែងឲ្យជនជាតិរុស្ស៊ីចូល គឺពួកមេដឹកនាំនៅវិមានក្រឹមឡាំង បាន​នាំគ្នាសើច ទះដៃអរ​កញ្ច្រៀវ ហើយគាស់ស្រាឆំប៉ាញផឹកថែមទៀត។ ពីពេលនេះទៅ ពូទីនមិនបាច់ចាំទៅខ្វល់គិតពិចារណា រកវិធី​ទប់ស្កាត់ កុំឲ្យ​មនុស្ស​ ឬក៏មូលធន​ រត់ចេញពី​រុស្ស៊ី​ទៀតឡើយ។​ ហើយក៏មិនចាំបាច់ទៅខ្វល់ រកវិធីបិទមាត់ពួក​អ្នកប្រឆាំង ឬក៏អ្នកកាសែត​តទៅទៀតដែរ។ ក្រុមថ្នាក់ដឹកនាំនយោបាយ​អឺរ៉ុប កំពុងតែធ្វើរឿងនេះ ជំនួសពូទីនហើយ !"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ